ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​៧ (G-7) បាន​ព្រមព្រៀង​គ្នា​ដើម្បី​ច្រានចោល​ការ​ទាម​ទារ​របស់​ទី​ក្រុង​ម៉ូស្គូ​ ឱ្យ​ទូទាត់​ប្រាក់​នៃ​ការ​ជួញ​ដូរ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​រូប្លិ៍​​ (Rubles)។

រដ្ឋមន្ត្រី​ថាមពល​អាល្លឺម៉ង់​​លោក Robert Habeck បាន​ប្រាប់​អ្នក​​យក​ព័ត៌មាន​ថា​៖​ «រដ្ឋមន្ត្រី ​G-7 ទាំង​អស់​បាន​យល់​ព្រម​ទាំងស្រុង​ថា ​ការ​ធ្វើ​ដូចនេះ​ គឺ​ជា​ការ​សម្រេច​ចិត្ត​តែ​ម្ខាងនិង​​ការ​រំលោភ​លើ​កិច្ច​សន្យាដែល​មាន​ស្រាប់​»។

រដ្ឋមន្ត្រី​ថាមពល​​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​កាណាដា ក៏ដូចជា​​ប្រមុខ​កិច្ច​ការ​ថាមពល​សហភាព​​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​តាម​វីដេអូ​ខល ​និង​បាន​បញ្ជាក់​ជា​​ថ្មី​ថា​ប្រទេស​ទាំង​អស់​ត្រូវ​តែ​គោរព​តាម​កិច្ច​សន្យា​ដោយ​ការ​ទូទាត់​ភាគ​ច្រើន​ត្រូវ​ទូទាត់​ជា​អឺរ៉ូ ឬ​ដុល្លារ​។​

លោក Habeck បាន​និយាយ​ថា​៖​ «ការ​ទូទាត់​ជា​ប្រាក់​រូបិ៍​​គឺ​មិន​អាច​ទទួល​យក​បា​ន​ទេហើយ​យើង​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុនដែល​រង​ផល​ប៉ះពាល់​ កុំ​ធ្វើ​តាម​ការ​ទាមទារ​របស់​ប្រធានាធិបតី​រុស្ស៊ីវ្ល៉ាឌីមៀរ ពូទីន»​។

សេដ្ឋវិទូបាន​និយាយ​ថា ការ​ទាមទារ​​នេះហាក់​ដូចជា ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ព្យាយាម​គាំទ្រ​ប្រាក់​រូប្លិ៍ ដែល​បាន​ដួល​រលំ ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត ចាប់​តាំង​ពី​លោក​ពូទីន បាន​លុកលុយ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ហើយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ទណ្ឌកម្ម​ដ៏​ទូលំ​ទូលាយ​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​។ ប៉ុន្តែ​អ្នក​វិភាគ​មួ​យ​​ចំនួន​បង្ហាញ​ការ​​​ងឿ​ង​ឆ្ងល់​ថា តើ​​វា​នឹង​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាង​ណា​?