
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី។ រូបថត AFP
ក្នុងការចរចាបទឈប់បាញ់ រុស្ស៊ីបានឈប់ទាមទារឱ្យអ៊ុយក្រែនធ្វើការ «បំបាត់ណាហ្ស៊ី» ហើយត្រៀមខ្លួននឹងអនុញ្ញាតឱ្យក្រុងកៀវចូលជាសមាជិកសហភាពអឺរ៉ុប ប្រសិនបើពួកគេមិនចូលជាសមាជិកសម្ព័ន្ធភាពយោធាណាមួយ។ នេះបើតាមការរាយការណ៍របស់កាសែត Financial Times ដោយផ្អែកលើការលើកឡើងរបស់ប្រភពដែលដឹងអំពីការចរចា។
ក្រុងម៉ូស្គូ និងក្រុងកៀវ កំពុងចរចាកិច្ចព្រមព្រៀងឈប់បាញ់មួយ ដែលអាចឈានដល់អ៊ុយក្រែនបោះបង់មហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាសមាជិកអង្គការណាតូ ជាថ្នូរនឹងការធានាសន្តិសុខ និងឱកាសចូលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែឯកសារព្រាង គឺមិនរួមមានការទាមទារចម្បងរបស់រុស្ស៊ីទេ ដូចជា «ការបំបាត់ណាហ្ស៊ី» «ការរំសាយយោធា» និងការការពារភាសារុស្ស៊ីនៅអ៊ុយក្រែនជាផ្លូវច្បាប់។
លក្ខខណ្ឌដទៃរួមមានការកំណត់ឱ្យអ៊ុយក្រែនមិនអភិវឌ្ឍ ស្តុក ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយហាមឃាត់មិនឱ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីអ៊ុយក្រែន។ ជាថ្នូរនោះ អ៊ុយក្រែន នឹងទទួលការធានាសន្តិសុខពីរុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ចិន អ៊ីតាលី ប៉ូឡូញ អ៊ីស្រាអែល និងតួកគី ដោយការធានានឹងមានលក្ខណៈ«ស្រដៀង»នឹងមាត្រា ៥ នៃកិច្ចព្រមព្រៀង NATO ដែលកំណត់ឱ្យប្រទេសទាំងអស់មកការពារប្រទេសមួយប្រសិនបើប្រទេសនោះរងការវាយប្រហារ។ ប៉ុន្តែដើម្បីសម្រេចបាននូវលក្ខខណ្ឌនេះ ប្រទេសជាអ្នកធានាសន្តិសុខទាំងនេះនឹងត្រូវយល់ព្រម ហើយសភារបស់ពួកគេនីមួយៗនឹងត្រូវផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង។ បន្ថែមពីលើនេះប្រធានាធិបតីអ៊ុយក្រែន លោកវ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា នឹងមិនត្រូវបានអនុម័តលុះត្រាតែមានការធ្វើប្រជាមតិ ដែលអាចបន្លាយដំណើររហូតដល់១ឆ្នាំ។
កិច្ចព្រមព្រៀងនេះទុកបញ្ហាធំបំផុត ជុំវិញអធិបតេយ្យភាពឧបទ្វីបគ្រីមា និងតំបន់ផ្ដាច់ខ្លួននៅដុនបាស ឱ្យដោះស្រាយដោយកិច្ចពិភាក្សានៅពេលអនាគតរវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន។ ក្នុងការចរចាពេលបច្ចុប្បន្នក្រុងម៉ូស្គូ បានទាមទារឱ្យក្រុងកៀវទទួលស្គាល់ថា គ្រីមៀរជាទឹកដីរបស់រុស្ស៊ី ហើយទទួលស្គាល់ឯករាជ្យនៃតំបន់ផ្ដាច់ខ្លួននៅដុនបាស៕