
អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីប្រភេទ RS-24។ រូបថត AFP
លោក ឌីមីទ្រី មេដវេដេវ អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខប្រទេសនេះ បានព្រមានថា ក្រុងម៉ូស្គូ អាចធ្វើការវាយប្រហារនុយក្លេអ៊ែរទៅលើសត្រូវណាមួយដែលបានប្រើប្រាស់អាវុធធម្មតាក្នុងការវាយប្រហារគំរាមកំហែងដល់រដ្ឋរុស្ស៊ី។
រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦ ០០០ គ្រាប់ ដែលជាចំនួនអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោក។
នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃសៅរ៍ លោក មេដវេដេវ បាននិយាយថា ក្នុងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៊ី គេមិនចាំបាច់ឱ្យសត្រូវប្រើប្រាស់អាវុធបែបនេះជាមុនទេ សម្រាប់រុស្ស៊ីឆ្លើយតបវិញដោយប្រើវា។
លោក មេដវេដេវ និយាយថា៖ «យើងមានឯកសារពិសេសអំពីការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ ដែលបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពដែលសហព័ន្ធរុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ មានលក្ខខណ្ឌមួយចំនួន ខ្ញុំសូមរំឭកវាទៅកាន់អ្នក។ ទី១ គឺស្ថានភាពនៅពេលដែលទឹកដីរុស្ស៊ីរងការវាយប្រហារដោយមីស៊ីលនុយក្លេអ៊ែរ។ ទី២ គឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យដទៃទៀតប្រឆាំងនឹងទឹកដីរបស់រុស្ស៊ី ឬសម្ព័ន្ធមិត្ត»។
លោកបន្តទៀតថា៖ «ទី៣ ពាក់ព័ន្ធនឹងការវាយណាមួយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបណ្ដាលឱ្យមានការបាត់បង់ដល់កងកម្លាំងនុយក្លេអ៊ែររបស់យើង ហើយចុងក្រោយ ករណីទី៤ គឺនៅពេលដែលសកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី ឬសម្ព័ន្ធមិត្ត ដែលគំរាមកំហែងដល់អត្ថិភាពរបស់រដ្ឋ ដោយមិនគិតថា ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធធម្មតា»។
លោក មេដវេដេវ បានបន្ថែមទៀតថា មាន «ការប្ដេជ្ញាចិត្តដើម្បីការពារឯករាជ្យ អធិបតេយ្យភាពនៃប្រទេសរបស់យើង ដោយមិនផ្ដល់ហេតុផលឱ្យនរណាម្នាក់សង្ស័យសូម្បីតែបន្តិចថា យើងត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការឆ្លើយតបដ៏ស័ក្ដិសមចំពោះការរំលោភបំពានណាមួយមកលើប្រទេសរបស់យើង លើឯករាជភាពរបស់យើង»។
ការលើកឡើងដោយលោក មេដវេដេវ បានទាក់ទាញការឆ្លើយតបពីប្រធានាធិបតីអ៊ុយក្រែន លោក រ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលបាននិយាយថា៖ «រុស្ស៊ីកំពុងអួតដោយចេតនាថា គេធ្វើការបំផ្លិចបំផ្លាញដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនត្រឹមតែប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែភពផែនដីទាំងមូល»៕
វីដេអូ៖