ដោយសារ​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ហា​ប្រកួតប្រជែង​មួយចំនួន​ជាមួយ​ប្រទេស​ចិន ប្រ​ធា​​នា​ធិបតី​អាមេរិក​លោក ​ចូ បៃ​ដិ​ន ធ្វើសំណើ​ថវិកាជាតិ​ចំនួន​ ៥,៨​ ទ្រី​លាន​ដុល្លារ កាលពី​ថ្ងៃ​ចន្ទ ក្នុង​គោល​​បំណង​ដោះស្រាយ​បញ្ហា​សន្តិសុខ ​និង​សេដ្ឋកិច្ច​របស់​អាមេរិក​។​

​លោក ​បៃ​ដិ​ន បាន​និយាយ​ក្នុង​សុន្ទរ​កថា​មួយ​ធ្វើ​បទ​បង្ហាញ​អំពី​ថវិកា​ដែល​លោក​បាន​ស្នើឡើងថា​៖ «​ពិភពលោក​ប្រែប្រួល​ហើយ​។ សហរដ្ឋអាមេរិក កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ការប្រកួតប្រជែង​ពី​រដ្ឋ​ប្រជាជាតិ​ផ្សេងទៀត​ដូចជា​ចិន និង​រុស្ស៊ី​ជាថ្មី​ម្តងទៀត​ ​ដែល​នឹង​តម្រូវឱ្យមាន​ការវិនិយោគ​លើ​គម្រោង​ធំៗ​ដូចជា​លំហ​អវកាស និង​អ៊ី​ន​ធឺ​ណិ​ត និង​សមត្ថភាព​កម្រិត​ខ្ពស់​ផ្សេងទៀត​រួមទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ (hypersonics) ជាដើម​»​។​

​កាលពី​ព្រឹក​ថ្ងៃ​ច​ន្ទ ​នាយ​ឧត្ដម​នាវិក Christopher Grady ដែលជា​អនុប្រធាន​នៃ​គណៈ​សេនាធិការ​ចម្រុះ​កង​ប្រដាប់អាវុធ​អាមេរិក បាន​និយាយ​នៅក្នុង​សន្និសីទ​ខ្លី​មួយ​ថា សំណើ​ថវិកា​នៅតែ​ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង និង​ផ្ដល់​អាទិភាព​ថា ​ប្រទេស​ចិន ​ជា​បញ្ហា​ប្រឈម​របស់​អាមេរិក​ស្របពេល កំពុង​មានការ​​គូសបញ្ជាក់​អំពី​បញ្ហា​ស្រួចស្រាល់​នៃ​ការគំរាមកំហែង​ពី​រុស្ស៊ី​។​

​សំណើ​ថវិកា​នេះ​រួមមាន​សំណើ​ចំនួន ៨១៣,៣​ ពាន់​លាន​ដុល្លារ ​ក្នុង​ការចំណាយ​សន្តិសុខ​ជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ ​២០២៣ ដោយ​ក្នុងនោះ​ទឹកប្រាក់​ចំនួន​ ៧៧៣ ពាន់​លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ចំណាយ​លើ​ក្រសួងការពារជាតិ​ ពោល​គឺ​ច្រើនជាង​អ្វីដែល​សភា​បានអនុម័ត​សម្រាប់​ឆ្នាំនេះ​ដល់​ទៅ ​៣០ ​ពាន់​លាន​ដុល្លារ​។​

​ប្រហែល​ ១​ ភាគ​ ៣ ​នៃ​មូលនិធិ​ក្រសួងការពារជាតិ​នឹង​ឆ្ពោះទៅរក​ការ​​វិនិយោគ​រួមទាំង​ការទិញ​ និង​ការ​ស្រាវ​ជ្រាវ​អាវុធ​។​

​ដោយឡែក​ទឹកប្រាក់ ១៣៥ ​ពាន់​​លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត នឹងត្រូវ​វិនិយោគ​លើ​ការត្រៀម​លក្ខណៈ​យោធា​ហើយ «​នុយក្លេអ៊ែរ​ទ្រី​អាត​» របស់​អាមេរិក​ដែលជា​ផ្នែក​ទាំង ​៣ ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​ដែល​មី​ស៊ី​ល​អន្តរទ្វីប​​ ដែល​បាញ់​ចេញ​មូលដ្ឋាន​ដី​​គោក យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​និង​នាវាមុជទឹក​បំពាក់អាវុធ​នុយក្លេអ៊ែរ នឹង​ទទួលបាន​​ការជំរុញ​ទឹកប្រាក់​ចំនួន​ ៣៤,៤​ ពាន់​លាន​ដុល្លារ​។​

​ថវិកា​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​សំណើ​ចំនួន​ ៦០,៤ ​ពាន់​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ក្រសួងការបរទេស និង​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​។ អាទិភាព​របស់​ពួកគេ រួមមាន​ ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន និង​ ៤​ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​សម្ព័ន្ធភាព និង​ភាពជា​អ្នកដឹកនាំ​របស់​សហរ​ដ្ឋ​អាមេរិក ​ដើម្បី​ប្រកួតប្រជែង​ប្រកប​​ដោយ​ប្រសិទ្ធភាព​ជាមួយ​ចិន​ និង​រុស្ស៊ី​។​

​លើសពីនេះ ទឹកប្រាក់​ជិត ១,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​ចំណាយ​លើ​ការ «​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​​ប៉ាស៊ីហ្វិក​សេរី​បើកចំហ ត​ភ្ជាប់ សុវត្ថិភាព​ និង​ធន់​» ខណៈ​ ៤០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​មូលនិធិ Countering PRC Malign Influence Fund ដែលជា​ការបែងចែក​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អ្វី ដែល​ខ្លួន​មើលឃើញថា​ ជាការ​អនុវត្ត​សេដ្ឋកិច្ច​ខុសច្បាប់ ​និង​បង្ខិតបង្ខំ​ដែល​កាត់បន្ថយ​អត្ថ​ប្រ​យោជន៍​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​លើសពី​ការបង្ក្រាប​លើ​ការអនុវត្ត សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេងៗ​សំណើ​ថវិកា​នេះ ក៏​នឹង​ជំរុញ​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ​និង​ពង្រឹង​ខ្សែ​​ចង្វាក់​ផ្គត់ផ្គង់​របស់​អាមេរិក​។ ដោយ​សារ ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​​ នឹង​ចំណាយ​សម្រាប់​ការិយាល័យ​​ឧស្សាហកម្ម​និង​សន្តិសុខ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ដែលជា​ការជំរុញ ៥០ ​ភាគរយ ​ពី​ឆ្នាំសារពើពន្ធ​នេះ ដោយ​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ ដែល​​ត្រូវបាន​សម្គាល់​សម្រាប់​ការពង្រឹង​​ការត្រួតពិនិត្យ​ការនាំចេញ​ និង​ការទូត​ពាណិជ្ជកម្ម​។​

​វិទ្យាស្ថាន​ជាតិ​ស្តង់ដា និង​បច្ចេក​​វិទ្យា ក៏​នឹង​ទទួលបាន​ ៣៧២​ លាន​ដុល្លារ​ សម្រាប់ «​កម្មវិធី​ផលិតភាព​ច្នៃប្រឌិត និង​ពាណិជ្ជកម្ម​» ​របស់ខ្លួន​​ផងដែរ​។ ​ថវិកា​នេះ ក៏​រួមបញ្ចូល ផង​​ដែរ​នូវ​មូលនិធិ​សម្រាប់​អាទិភាព​វិ​និ​យោគ​ក្នុងស្រុក​ដូចជា​លំនៅឋាន និង​​ប៉ូលិស​ជាដើម​។​

​ប៉ុន្តែ​បើតាម​ការស្នើសុំ​បានបញ្ជាក់​ច្បាស់​ណាស់​ គឺ​ដើម្បី​ជា​កម្លាំង​ជំរុញ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​នៅលើ​ឆាក​ពិភពលោក​។​ នៅក្នុង​ឯកសារថវិកា​សរសេរថា​៖ «​យើង​ចាប់ផ្ដើម​ការ​​សម្រេចចិត្ត​មួយ​នៅ​ដើម​ទសវត្សរ៍​ ដែល​នឹង​កំណត់​អនាគត​នៃ​ការប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ចិន វិបត្តិ​អាកាសធាតុ និង​ថា តើ​ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ ដាក់បញ្ចូល ឬ​បំពាន​លទ្ធិប្រជាធិបតេយ្យ​របស់​​យើង​ដែរឬទេ​»​។​

​សំណើ​ថវិកា​របស់​ប្រធានាធិបតីបង្ហាញ​ពី​អាទិភាព​របស់​រដ្ឋបាល ប៉ុន្តែ​អំណាចក្នុងការ​សម្រេចចិត្ត​ថវិកា ​គឺ​ស្ថិតនៅលើ​សភា​។​ការចេញផ្សាយនៅ​ថ្ងៃ​ចន្ទ ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ដំណើរការ​ដ៏​វែង​មួយ​មុនពេល​ថវិកា​ត្រូវ​បានអនុម័ត​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ គណបក្ស​សាធារណ​​រដ្ឋ​ទំនងជា​ស្នើសុំ​ឱ្យមាន​ការចំណាយ​ខាង​យោធា​បន្ថែមទៀត ក្រោយ​កាត់​ធាតុ​មិនមែន​យោធា​នៃ​សំណើ​នេះ​៕

វីដេអូ៖