
លោកស្រីនាយករដ្ឋមន្ត្រីហ្វាំងឡង់ សានណា ម៉ារីន ថ្លែងទៅកាន់សារព័ត៌មាន ខណៈលោកស្រីមកដល់ដើម្បីចូលរួមជំនួបសហភាពអឺរ៉ុប (EU) នៅស្នាក់ការ EU ក្នុងទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី ២៤ មីនា។ AFP
ប្រសិនបើការព្រួយបារម្ភធំបំផុតរបស់អឺរ៉ុបក្លាយជាការពិត ហើយសង្គ្រាមអ៊ុយក្រែនចាប់ផ្ដើមរីករាលដាលមកកាន់ប្រទេសជិតខាងរបស់រុស្ស៊ីនោះ ប្រទេសហ្វាំងឡង់ បានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយោនេះ។
ពួកគេមានឃ្លាំងយុទ្ធសាស្ត្រឥន្ធនៈ និងគ្រាប់ធញ្ញជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ប្រទេសទាំងមូលរយៈពេល ៦ ខែ ហើយក្រុមហ៊ុនឱសថត្រូវបានគេតម្រូវឱ្យមានកាតព្វកិច្ចរក្សាស្តុកបម្រុងគ្រប់គ្រាន់សម្រាប់រយៈពេលពី ៣ ទៅ ១០ ខែ។
ពួកគេបានត្រៀមសម្រាប់ការការពារជនស៊ីវិល។ អគារគេហដ្ឋានទាំងអស់ដែលមានទំហំធំៗត្រូវតែមានជម្រកក្រោមដី ហើយសម្រាប់ជនស៊ីវិលដទៃទៀត អាចប្រើប្រាស់កន្លែងក្រោមដីដទៃ ដូចជាកន្លែងចតរថយន្ត កន្លែងជិះស្គីទឹកកក និងអាងហែលទឹក សម្រាប់ធ្វើជាជម្រកភៀសខ្លួន ហើយពួកគេក៏មានយុទ្ធជនច្រើនផងដែរ។ ប្រមាណ ១ ភាគ ៣ នៃប្រជាជនពេញវ័យប្រទេសនេះ កំពុងបម្រើការក្នុងកងទ័ពបម្រុង មានន័យថា ហ្វាំងឡង់ អាចប្រមូលផ្ដុំកងទ័ពធំជាងគេនៅអឺរ៉ុប បើធៀបទៅនឹងចំនួនប្រជាជនសរុប។
រដ្ឋមន្ត្រីកិច្ចការសហភាពអឺរ៉ុបរបស់ហ្វាំងឡង់ លោកស្រី ទីទិត្យ ទុពពួតិនិន និយាយថា៖ «យើងបានរៀបចំសង្គមរបស់យើង ហើយបានហ្វឹកហាត់សម្រាប់ស្ថានភាពនេះ តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ»។ បន្ទាប់ពីចំណាយពេលជាង ៨០ ឆ្នាំ ក្នុងស្រមោលរបស់សហភាពសូវៀត និងឥឡូវនេះរុស្ស៊ី សង្គ្រាមនៅអឺរ៉ុបគឺ «មិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលទេ» សម្រាប់ប្រទេសហ្វាំងឡង់។
យុទ្ធសាស្ត្ររបស់អ៊ុយក្រែនដើម្បីទប់ទល់កងទ័ពរុស្ស៊ី ដែលរួមមានទិដ្ឋភាពជនស៊ីវិលដូចជាគូស្វាមីភរិយាថ្មី និងម្ចាស់ហាងកាន់អាវុធដើម្បីប្រយុទ្ធ បានទាក់ទាញអារម្មណ៍របស់មនុស្សនៅជុំវិញពិភពលោក។
ប៉ុន្តែអ្វីដែលហ្វាំងឡង់ហៅថា យុទ្ធសាស្ត្រដើម្បី «សន្តិសុខពេញលេញ» ផ្ដល់នូវឧទាហរណ៍អំពីរបៀបដែលប្រទេសនានាអាចបង្កើតប្រព័ន្ធយ៉ាងហ្មត់ចត់ និងមានការចូលរួមពីសង្គមជាតិទាំងមូល ដើម្បីការពារខ្លួន មុនរឿងអ្វីមួយកើតឡើង ដោយមានផែនការមិនត្រឹមតែទប់ទល់នឹងការឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គ្រោះមហន្តរាយធម្មជាតិ ឬការវាយប្រហារតាមអ៊ីនធឺណិត ឬសូម្បីតែការរីករាលដាលជំងឺសកលផងដែរ។
ប្រព័ន្ធរបស់ហ្វាំងឡង់ គឺមិនត្រឹមតែជាការត្រៀមលក្ខណៈយោធាប៉ុណ្ណោះទេ ប្រព័ន្ធនេះក៏មានបំណងធានាប្រព័ន្ធច្បាប់ និងរដ្ឋាភិបាលអាចបន្តដំណើរការបានក្នុងគ្រាមានអាសន្ន។ ហ្វាំងឡង់ បានបង្កើតបណ្ដាញមួយរវាងឥស្សរជននយោបាយ ម្ចាស់អាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនសម្រាប់វិបត្តិអាក្រក់បំផុត។ បណ្ដាញនេះបន្តស្វែងរកចំណុចខ្សោយ ហើយព្យាយាមជួសជុលវា ដើម្បីបង្កើតភាពធន មុននឹងវិបត្តិមួយកើតឡើង។
សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យប្រទេសហ្វាំងឡង់ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារខ្លួនមានព្រំដែនជាង ១ ៣៤០ គីឡូម៉ែត្រជាមួយរុស្ស៊ី ហើយនៅមិនមែនជាសមាជិកអង្គការណាតូ។ ឥឡូវនេះ មេដឹកនាំហ្វាំងឡង់ បានចាប់ផ្ដើមពិភាក្សាការចូលជាសមាជិកនៃអង្គការណាតូ ខណៈពេលបណ្ដាប្រទេសនៅអឺរ៉ុបចាប់ផ្ដើមពិចារណាឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិរបស់ខ្លួន។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រជាជនហ្វាំងឡង់ភាគច្រើនគាំទ្រការចូលជាសមាជិកអង្គការណាតូ។
«ដោយសារទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់យើង និងផ្ទៃដីធំ និងចំនួនតិចរបស់យើង យើងត្រូវមានអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេស។ យើងបណ្ដុះបណ្ដាលលើកម្រិតជាច្រើន ដើម្បីប្រាកដថា គ្រប់គ្នាដឹងពីអ្វីដែលត្រូវធ្វើការសម្រេចចិត្តផ្នែកនយោបាយ ធនាគារនឹងធ្វើអ្វី ព្រះវិហារនឹងធ្វើអ្វី ឧស្សាហកម្មនឹងធ្វើអ្វី ហើយប្រព័ន្ធផ្សព្វផ្សាយមានតួនាទីអ្វី» លោក ចាន គូសេឡា អគ្គនាយកនៃនាយកដ្ឋានគោលនយោបាយការពារជាតិ នៃក្រសួងការពារជាតិហ្វាំងឡង់បាននិយាយបែបនេះ ហើយបន្តទៀតថា៖ «លទ្ធផលចុងក្រោយអ្នកអាចប្រែក្លាយសង្គមនៅពេលមានវិបត្តិ»។
ហេតុផលចម្បងនៃការត្រៀមខ្លួនរបស់ហ្វាំងឡង់ គឺសង្គ្រាមរដូវរងារបស់ខ្លួនជាមួយក្រុងម៉ូស្គូ កាលពីឆ្នាំ ១៩៣៩ ដល់ ១៩៤០។ កាលនោះ ហ្វាំងឡង់បានប្រយុទ្ធយ៉ាងខ្លាំងដើម្បីទប់ទល់ការឈ្លានពានរបស់សហភាពសូវៀត ប៉ុន្តែបានបាត់បឹងទឹកដីមួយផ្នែកធំ ដែលរួមមានតំបន់សំខាន់ៗជាច្រើន។ ក្នុងការសាងសង់ប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាម ពួកគេបានបង្កើតប្រព័ន្ធដើម្បីចៀសវាងកុំឱ្យមានការបាត់បង់បន្ថែមទៀត។
បច្ចុប្បន្នកងទ័ពហ្វាំងឡង់មានទាហាន ២៨០ ០០០ នាក់ ហើយមានទាហានបម្រុងចំនួន ៩០០ ០០០ នាក់ ដែលជាចំនួនដ៏ធំ បើប្រៀបធៀបទៅនឹងចំនួនប្រជាជនត្រឹមតែ ៥ លាននាក់ប៉ុណ្ណោះ។ ប្រទេសហ្វាំងឡង់ បានបន្តគោលនយោបាយកំណែនសិស្សប្រុសទាំងអស់ ដែលទើបតែបញ្ចប់ការសិក្សាឱ្យធ្វើជាទាហាន បើទោះបីប្រទេសអឺរ៉ុបដទៃទៀតបានបញ្ចប់គោលនយោបាយបែបនេះក្រោយពីសង្គ្រាមត្រជាក់ក៏ដោយ។
ប្រទេសនេះបានរៀបចំផែនការយ៉ាងច្បាស់ក្នុងករណីមានការឈ្លានពាន ដែលរួមមានការកែប្រែផ្លូវថ្នល់មួយចំនួនឱ្យទៅជាមូលដ្ឋានយន្តហោះចម្បាំង ការដាក់មីននៅតាមផ្លូវទឹកសំខាន់ៗ និងការរៀបចំការការពារជើងគោក ដូចជាការបំផ្ទុះស្ពានសំខាន់ៗចោល។
អតីតមន្ត្រីការពារជាតិហ្វាំងឡង់និយាយថា រដ្ឋធានីហែលស៊ីនគី គឺពោរពេញទៅដោយផ្លូវក្រោមដី ហើយបញ្ជាការដ្ឋានសំខាន់ៗជាច្រើន គឺស្ថិតក្រោមថ្ម ៣០ ទៅ ៤០ ម៉ែត្រឯណោះ ៕