កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៩ មិនា​មេដឹកនាំ​ក្រុម​ផ្ដាច់​ខ្លួន​អ៊ុយក្រែន​លោក​ដេនីស ពូស៊ីលីន​ បាន​និយាយ​ថា​ រដ្ឋ​ផ្ដាច់​ខ្លួន​ដូណេតស្ក៍​អាច​ពិចារណា​ចូល​រួម​ជាមួយ​រុស្ស៊ី​ នៅ​ពេល​ដែល​ពេល​ដែល​ខ្លួន​ដណ្ដើម​ការ​គ្រប់គ្រង​តំបន់​ដូណេតស្ក៍​ទាំង​មូល​ពី​អ៊ុយក្រែន​។

បើ​តាម​ការ​រាយការណ៍​ដោយ​សារព័ត៌មាន​ផ្ដាច់​ខ្លួន​ Donetsk News Agency លោក​ពូស៊ីលីន​និយាយ​ថា​៖ «ចំពោះ​ការ​ចូល​រួម​ជា​មួយ​សហព័ន្ធ​រុស្ស៊ី ចំពោះ​បំណង​ប្រាថ្នា ​មាន​យ៉ាង​ច្បាស់​តាំង​ពី​ឆ្នាំ​ ២០១៤ បំណង​ប្រាថ្នា​ចង់​នៅ​ក្នុង​រុស្ស៊ី​។ ប៉ុន្តែ​ឥឡូវ​នេះ​ ភារកិច្ច​ចម្បង​ គឺ​ការ​ឈាន​ដល់​ព្រំដែន​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​។ បន្ទាប់​មក​យើង​នឹង​ធ្វើ​វា​»។

ការ​លើក​ឡើង​បែប​នេះ​ បាន​កើត​ឡើង​២​ថ្ងៃ​ បន្ទាប់​មេដឹកនាំ​នៃ​រដ្ឋ​ផ្ដាច់​ខ្លួន​លូហានស្ក៍​ និយាយ​ថា​ខ្លួន​អាច​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​ ដើម្បី​សម្រេច​ចូល​រួម​ជាមួយ​រុស្ស៊ី​។ ក្រុង​កៀវ​ ​បាន​ព្រមាន​ថា​ការ​បោះឆ្នោត​បែប​នេះ​គឺ​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ទេ​ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​កាន់​តែ​ខ្លាំង​។

បី​ថ្ងៃ​មុន​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​ឆ្លង​ព្រំដែន​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ២៤ កុម្ភៈ​ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ប្រកាស​ទទួល​ស្គាល់​ថា ​រដ្ឋ​ផ្ដាច់​ខ្លួន​ដូណេតស្ក៍ និង​លូហានស្ក៍​ ជា​រដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន​ ខណៈ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ទឹក​ដី​ទាំង​២​នេះ ​គឺ​ជា​ទឹក​ដី​របស់​អ៊ុយក្រែន​។

អ៊ុយក្រែន​ ដែល​និយាយ​ថា​ ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ដណ្ដើម​ទឹកដី​បែប​ចក្រពត្តិ​ដោយ​រុស្ស៊ី បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ខ្លួន​នឹង​មិន​យល់​ព្រម​ចំពោះ​ការ​កាត់​បញ្ចូល​ទឹក​ដី​ទាំង​នេះ​ចូល​ក្នុង​រុស្ស៊ី​ទេ ដែល​នេះ​គឺ​ជា​ចំណុច​តានតឹង​បំផុត​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុង​ម៉ូស្គូ៕