
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ AFP
កាលពីថ្ងៃអង្គារ ទី ២៩ មិនា រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹកនាំយុទ្ធនាការដ៏ធំនៃ «អរិភាពតាមអ៊ីនធឺណិត» នៅពីក្រោយការវាយប្រហារព្យាបាទរាប់សែនក្នុង ១ ថ្ងៃ ខណៈពេលដែលកងទ័ពរុស្ស៊ីបន្តការលុកលុយប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប្រព័ន្ធទ្រទ្រង់ជីវិត ត្រូវបានគេកំណត់ជាគោលដៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលមានទំហំមិនធ្លាប់ពីមុនមក។ ក្រសួងនេះបានចោទប្រកាន់កងកម្លាំងពិសេស ដែលបណ្ដុះបណ្ដាលដោយអាមេរិក និងណាតូថា នៅពីក្រោយការវាយប្រហារនេះ ហើយធ្វើឡើងជំនួសឱ្យអ្នកគាំទ្រក្រុងកៀវ។
កាលពីខែមុនសារព័ត៌មានអាមេរិក NBC News បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលបទបង្ហាញដោយមន្ត្រីអាមេរិកអំពីជម្រើសវិធានការឆ្លើយតបមួយចំនួន ក្នុងករណីរុស្ស៊ីលុកលុយអ៊ុយក្រែន ដែលរួមមានប្រតិបត្តិការរំខានដល់ប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធថាមពល និងប្រព័ន្ធផ្លូវដែករបស់រុស្ស៊ី។ ប៉ុន្តែសេតវិមានបានច្រានចោលការរាយការណ៍ថា «មិនមានមូលដ្ឋាន»។
លោក បៃដិន ក៏ធ្លាប់និយាយថារុស្ស៊ី កំពុងគ្រោងធ្វើវាយប្រហារតាមអ៊ីនធឺណិត ប្រឆាំងនឹងអាមេរិកប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ។
ក្រសួងការបរទេសរុស្ស៊ីក៏បាននិយាយថា ពួកគេក៏ជឿជាក់ថារដ្ឋាភិបាលអ៊ុយក្រែន ដែលកាលពីខែមុនប្រកាសបង្កើត «កងទ័ព IT» បានចូលរួមក្នុងការវាយប្រហារនេះ៕