រុស្ស៊ី​និយាយ​ថា​ ការ​ចរចា​ជា​មួយ​អ៊ុយក្រែន ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​តួកគី​ សប្ដាហ៍​នេះ​ បាន​នាំ​ឱ្យ​មាន​ «ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់» ហើយ​បាន​អះអាង​ថា ​បញ្ហា​អធិបតេយ្យ​លើ​ឧបទ្វីប​គ្រីមា និង​តំបន់​ត្រូវ​បាន​ដោះស្រាយ​ ប៉ុន្តែ​អ៊ុយក្រែន​បាន​ច្រានចោល​ការ​អះអាង​នេះ​ភ្លាមៗ​។

កាល​ពី​ថ្ងៃ​ពុធ ទី ​៣០ មី​នា​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ សឺហ្គេ ឡាវរ៉ូវ ​និយាយ​ថា​ លោក​ជឿជាក់​ថា ​អ៊ុយក្រែនបាន​យល់​ពី​ភាព​ចាំបាច់​សម្រាប់​ប្រជាជាតិ​ក្នុង​ការ​ប្រកាន់​យក​ជំហរ «មិន​មាន​អាវុធ​នុយក្លេអ៊ែរ​ និង​មិន​មាន​បក្ស​សម្ព័ន្ធ» និង​មិន​ចូល​ជា​សមាជិក​អង្គការ​ណាតូ​។ លោក​ក៏​បាន​និយាយ​ថា ​បញ្ហា​ទឹកដី​មាន​ជម្លោះ​ជាមួយ​អ៊ុយក្រែន​ គ្រីមា និង​ដុនបាស​ គឺ​ត្រូវ​បាន​ដោះស្រាយ​ហើយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​​ការបរទេស​អ៊ុយក្រែន ​លោក​ អូលេហ្គ នីកូលេនកូ​ បាន​ឆ្លើយ​តប​ភ្លាមៗ​ថា​៖ «ឡាវរ៉ូវ​ បង្ហាញ​ការ​យល់​ច្រឡំ​​អំពី​ដំណើរ​ការ​នៃ​ការ​ចរចា»​។ លោក​បន្ថែម​ទៀត​ថា​៖ «បញ្ហា​នៅ​គ្រីមា​ និង​ដុនបាស​ នឹង​ត្រូវ​ដោះស្រាយ​ឱ្យ​ចប់​សព្វ​គ្រប់​ បន្ទាប់​ពី​អ៊ុយក្រែន​ស្ដារ​អធិបតេយ្យ​របស់​ខ្លួន​ឡើង​វិញ។ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ចរចា​អុីស្តង់​ប៊ុល​ គណៈប្រតិភូ​អ៊ុយក្រែន ​បាន​បង្ហាញ​សំណើ​របស់​ខ្លួន​អំពី​របៀប​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​»​។

ការ​ចរចា​កំពុង​កើត​ឡើង​នៅ​ប្រទេស​តួកគី​ ខណៈ​ពេល​ដែល​អាមេរិក និង​អ៊ុយក្រែន​ប្រាប់​ពិភពលោក​ថា ​កុំ​ឱ្យ​សូវ​ជឿ​ពាក្យ​របស់​រុស្ស៊ី​ពេក​អំពី​ការ​សន្យា​ក្នុង​ការ​ចរចា​ ឬ​ការ​ប្រកាស​ថ្មីៗ​នេះ​ថា​ ខ្លួន​នឹង​កាត់​បន្ថយ​យោធា​នៅ​តំបន់​ខ្លះ​។

មុន​ការ​ចរចា​ទល់​​មុខ​ចាប់​ផ្ដើម​ មន្ត្រី​រុស្ស៊ី​និយាយ​ថា​ «គ្មាន​សមិទ្ធផល​ធំៗ ឬ​របក​គំហើញ​» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ចរចា​រហូត​មក​ដល់​ពេល​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ មាន​ការ​រាយការណ៍​ថា ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ុល​ឌីមៀរ ហ្សេលេនស្គី ​បាន​ចេញ​សំណើ​សម្រាប់​រុស្ស៊ី​ ឱ្យ​កង​កម្លាំង​ចេញ​ពី​ទឹកដី​អ៊ុយក្រែន​រហូត​ដល់​តំបន់​ដុនបាស ដោយ​ក្រោយ​ការ​ធ្វើ​បែប​នេះ ​ទើប​ការ​ចរចា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ អាច​ធ្វើ​ទៅ​បាន​៕