យោធា​អ៊ុយក្រែន​ហាក់​ដូចជា​បាន​ផ្ដើម​នាំ​យក​ការ​ប្រយុទ្ធ​ទៅ​កាន់​ទឹកដី​រុស្ស៊ី ដែល​ជា​ការ​វិវឌ្ឍ​ដ៏​ធំ​មួយ​នៅ​ក្នុង​សង្គ្រាម​ ដែល​យោធា​អ៊ុយក្រែន​ជា​ចម្បង​បាន​ដើរ​តួ​ក្នុង​ការ​ការពារ​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ​។

កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៣០ មីនា​ សារព័ត៌មាន​រុស្ស៊ី​ បាន​រាយការណ៍​ថា ​អាជ្ញាធរ​បាន​ដាក់​ភូមិ​ចំនួន​ ២ ក្នុង​ស្ថានភាព​គ្រា​អាសន្ន​ ហើយ​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​នោះ​។ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RIA Novosti បាន​រាយការណ៍​ថា ​មនុស្ស​ ៤​ នាក់ ​បាន​រង​របួស​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ភូមិ ​Zhuravlyovka​។ ស្ថាប័ន​រាយការណ៍​ថា ​ប្រភព​នៃ​ការ​ផ្ទុះ​នេះ​ គឺ​ការ​វាយ​ប្រហារ​ចេញ​ពី​ទឹកដី​អ៊ុយក្រែន​។

សារព័ត៌មាន​ Interfax បាន​រាយការណ៍​ថា​ ភូមិ​ Zhuravlyovka និង​ភូមិ​ Niekhoteyevka ត្រូវ​បាន​ដាក់​ក្នុង​ស្ថានភាព​អាសន្ន​ ហើយ​ប្រជាជន​ប្រមាណ​ ១៨០នាក់​ ត្រូវ​បាន​ជម្លៀស​ទៅ​ទីក្រុង​បែលហ្គោរ៉ូដ​ ដោយ​សារ​ការ​ផ្ទុះ​មួយ​នៅ​ដេប៉ូ​គ្រាប់​រំសេវ​មួយ​។ Interfax មិន​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា​ នៅពី​ក្រោយ​ការ​ផ្ទុះ​នេះ​ទេ ប៉ុន្តែ​រាយការណ៍​ថា​ អាជ្ញាធរ​រុស្ស៊ី​ជឿជាក់​ថា​ ការ​ផ្ទុះ​នេះ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។

ការ​រាយការណ៍​ទាំង​នេះ​ បាន​កើត​ឡើង ​ខណៈ​ពេល​កងយោធា​រុស្ស៊ី​ប្រកាស​ផ្លាស់​ប្ដូរ​យុទ្ធ សាស្ត្រ​របស់​ពួកគេ​ក្នុង​ការ​ឡោមព័ទ្ធ​រដ្ឋធានី​គៀ​វ​របស់​អ៊ុយក្រែន​ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ ចន ឃឺប៊ី​ បាន​ប្រុង​ប្រយ័ត្នចំពោះ​ការ​ប្រកាស​នេះ ដោយ​និយាយ​ថា​សកម្មភាព​ទាំង​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ទ័ព​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​ដក​ថយ​កង​កម្លាំង​រុស្ស៊ី​ទេ​៕