
លោក អេម៉ានុយអែល ម៉ាក្រុង និងភរិយា លោកស្រី Brigittte មកដល់វិមាន Elysee Palace ដើម្បីថ្លែងសុន្ទរកថា។ AFP
អ្នកនយោបាយឆ្វេងកណ្ដាលនិយម និងស្ដាំកណ្ដាលនិយម បានរងការស្អប់ខ្ពើមយ៉ាងខ្លាំងពីប្រជាជនបារាំងជាច្រើនដែលរស់នៅតំបន់អតីតមជ្ឈមណ្ឌលឧស្សាហកម្ម ដោយសារការនឿយហត់ចំពោះវដ្ដនៃការផ្លាស់ប្ដូររវាងរដ្ឋាភិបាលឆ្វេងនិយម និងស្ដាំនិយម និងការកេរដំណែលដ៏ជូរចត់នៃភាពក្រីក្រ ភាពអត់ការងារធ្វើ និងលំនៅឋានមិនល្អ បន្សល់ទុកដោយការសម្រេចចិត្តបិទអណ្ដូងរ៉ែធ្យូងថ្ម និងរោងចក្រ។
បើទោះជាយ៉ាងនេះក៏ដោយការស្ទង់មតិសាធារណស្ទើរតែទាំងអស់បង្ហាញថា ប្រធានាធិបតីឆ្វេងកណ្ដាលនិយមលោក អេម៉ានុយអែល ម៉ាក្រុង ទំនងជានឹងឈ្នះអាណត្តិកាន់អំណាច ៥ ឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី ១០ មេសាខាងមុខនេះ។ ប៉ុន្តែការនៅមានការស្អប់ខ្ពើមចំពោះអ្នកនយោបាយក្រុងប៉ារីសដោយប្រជាជនតំបន់ទាំងនេះ ឱ្យតម្រុយថា ក្រោយជ័យជម្នះ លោកម៉ាក្រុង មិនយូរប៉ុន្មាននឹងព្យាយាមបង្ក្រាបកំហឹងបែបនេះក្នុងសង្គមបារាំង ដែលអាចប្រែយ៉ាងរហ័សទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាល ឬក៏លោកអាចព្យាយាមកាច់ចង្កូមរបស់អ្នកនយោបាយជ្រុលនិយម ដែលអាចប្រើប្រាស់កំហឹងទាំងនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន និងសកម្មភាពរបស់ប្រធានាធិបតីបារាំងរូបនេះក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរកមធ្យោបាយការទូត បានផ្ដល់ប្រជាប្រិយភាពឱ្យលោក ម៉ាក្រុង ក្នុងចំណោមប្រជាជនបារាំង។ បញ្ហានយោបាយធំៗ លើកឡើងក្នុងយុទ្ធនាការបោះឆ្នោតដោយគូប្រជែង របស់លោក ម៉ាក្រុង ដែលរួមមានបញ្ហាអន្តោប្រវេសន៍ ជាពិសេសសម្រាប់សាសនិកមូស្លីម ភ្លាមៗហាក់ដូចជាបានបង់ការចាប់អារម្មណ៍ នៅពេលដែលទិដ្ឋភាពនៃការវាយប្រហាររបស់រុស្ស៊ីទៅទីក្រុងធំៗរបស់អ៊ុយក្រែន។
ការបង្វែរអារម្មណ៍ទៅសង្គ្រាមនេះ ក៏បានផ្ដល់លេសឱ្យលោកម៉ាក្រុងចៀសវាងការតស៊ូមតិជាមួយគូប្រជែង ជុំវិញបញ្ហាសេដ្ឋកិច្ច គោលនយោបាយសង្គម និងបញ្ហាការកើនឡើងការចំណាយលើការរស់នៅ។
ប៉ុន្តែហានិភ័យធំបំផុតនៃការចៀសវាងបែបនេះ គឺបន្ថែមការយល់ឃើញទូលំទូលាយថា លោក ម៉ាក្រុង ជាមនុស្សក្រអឺតក្រទម និងមិនសូវខ្វល់ពីកង្វល់របស់ប្រជាជនទូទៅ។ ប្រជាពលរដ្ឋបារាំងមួយចំនួនធំទំនងជានឹងអនុបវាទមិនចូលក្នុងការបោះឆ្នោតលើកនេះ ដោយក្រុមអ្នកស្ទង់មតិប៉ាន់ស្មានថា ជាង ១ ភាគ ៣ នៃអ្នកមានសិទ្ធបោះឆ្នោតបានគ្រោងមិនចូលរួមបោះឆ្នោតរួចទៅហើយ ដែលអាចបង្កឱ្យមានអត្រាចូលទាបបំផុតក្នុងប្រវត្តិសាស្ត្របារាំង ដែលអាចប៉ះពាល់ដល់ភាពជឿជាក់លើលោក ម៉ាក្រុង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។
អត្រាអនុបវាទខ្ពស់ និងការកើនឡើងនៃគូប្រជែងស្ដាំជ្រុលនិយម និងឆ្វេងជ្រុលនិយមរបស់លោក ម៉ាក្រុង ធានាថា ប្រទេសបារាំង នឹងនៅតែជាសមរភូមិសម្រាប់ការប្រជែងគ្នារវាងលទ្ធិឆ្វេងនិយម និងលទ្ធិស្ដាំនិយម។ ការប្រជែងបែបនេះនៅប្រទេសផ្សេងបានធ្វើឱ្យមានការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ការជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក និងមេដឹកនាំស្រដៀងនេះនៅប្រទេសប្រេស៊ីល និងហ្វីលីពីន។
អ្នកវិភាគមួយចំនួននិយាយថា ជ័យជម្នះរបស់លោក ម៉ាក្រុង នឹងបិទបាំងការពិតនៃការសឹករេចរិលស្ថានភាពរបស់បារាំងមេដឹកនាំមួយនៃលទ្ធិប្រជាធិបតេយ្យសេរីនិយម។ ពួកគេនិយាយថា ការជាប់ឆ្នោតរបស់លោក ម៉ាក្រុង គឺជា « faute de mieux» ឬជាប់ដោយសារគ្មានជម្រើសផ្សេង ហើយលោកមិនមានការគាំទ្រដល់កម្រិតដែលលោកជាប់កាលពីអាណត្តិដំបូងទេ។
យ៉ាងណាមិញ ការស្ទង់មតិបានបង្ហាញថា លោក ម៉ាក្រុង នាំមុខគេ តាមពីក្រោយដោយបេក្ខជនស្ដាំជ្រុលនិយមលោកស្រី ម៉ារីន ឡឺ ប៉ែន។ បេក្ខជនឆ្វេងជ្រុលនិយមលោក ហ្សង់-លូក មេលេឆេន ទទួលចំណាត់ថ្នាក់ទី៣ ខណៈពេលបេក្ខជនស្ដាំជ្រុលនិយមលោក អេរិក ហ្សេមម័រ មានចំណាត់ថ្នាក់ទី៤៕