
កងទ័ពអ៊ុយក្រែនប្រដាប់ដោយអាវុធ ធ្វើដំណើរនៅភាគខាងជើងទីក្រុង Kyiv កាលពីថ្ងៃទីអាទិត្យ។ រូបថត AFP
ខណៈពេលសហគមន៍អន្តរជាតិបង្ហាញកំហឹងចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន មន្ត្រីការទូតមកពីប្រទេសជាច្រើន បានចេញចូលក្រុងញូវដែលី ក្នុងបំណងបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌាឱ្យចាកចេញពីផ្លូវកណ្ដាល ហើយប្រកាន់ជំហរឱ្យច្បាស់មួយជុំវិញរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ខ្លួន។
សហរដ្ឋអាមេរិកបានប្រើប្រាស់វិធីសាស្ត្រការ៉ុត និងដំបង៖ បង្ហាញសញ្ញាថា ខ្លួនអាចនឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយឥណ្ឌាដែលរំពឹងជាយូរលង់ណាស់មកហើយលើការនាំចូលអាវុធពីក្រុងម៉ូស្គូ ប៉ុន្តែក៏បាននិយាយថា ឥណ្ឌា គឺជាសម្ព័ន្ធមិត្តមិនរឹងមាំក្នុងក្រុម «Quad»។ នាយករដ្ឋមន្ត្រីជប៉ុន និងអូស្ត្រាលី ដែលក៏សមាជិកនៃ Quad ក៏បានរៀបចំជាមួយរដ្ឋាភិបាលឥណ្ឌាផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នៅពេលឆាប់ៗនេះផងដែរ។
ប៉ុន្តែនៅពេលដែលអង្គការសហប្រជាជាតិបោះឆ្នោតលើសេចក្ដីសម្រេចរិះគន់អំពើអរិភាពរបស់រុស្ស៊ី ប្រទេសនេះ បានអនុបវាទមិនបោះឆ្នោត។ ឥណ្ឌាក៏បានអនុបវាទទៅលើសេចក្ដីសម្រេចដែលគាំទ្រសកម្មភាពរបស់រុស្ស៊ី។ ផ្ទុយទៅវិញឥណ្ឌាបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធ និងគោរពបូរណភាពទឹកដីនៃប្រទេសនីមួយៗ។
ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការឆ្លើយតប បានធ្វើឱ្យមានភាពស្មុគស្មាញទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការត្រួសត្រាយផ្លូវសម្រាប់ខ្លួនឯង នៅក្នុងពិភពលោកដែលកាន់តែប្រែប្រួលឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅចំកណ្ដាលនៃរឿងនេះមានការកើនឡើងនៃការយល់ឃើញក្នុងចំណោមអ្នកយុទ្ធសាស្ត្រគោលនយោបាយការបរទេសឥណ្ឌាថា ប្រទេសរបស់ពួកគេមិនអាចកាន់ជើងភាគីណាមួយ ក្នុងពិភពលោកកាន់តែពហុប៉ូលជាងមុន។
ចំណុចខ្សោយជាច្រើនរបស់ឥណ្ឌាដែលរួមមានសេដ្ឋកិច្ចកំពុងថយល្បឿន ដែលកំពុងមានការលំបាកដើម្បីបំពេញតម្រូវការរបស់ចំនួនប្រជាជនកំពុងកើនឡើង និងយោធាដែលកំពុងប្រឈមនឹងជម្លោះទឹកដីជាមួយចិន និងប៉ាគីស្ថានបានធ្វើឱ្យប្រទេសនេះត្រូវការសម្ព័ន្ធមិត្តច្រើន និងទូលំទូលាយ បើទោះបីជាសម្ព័ន្ធមិត្តទាំងនេះប្រឆាំងគ្នា យ៉ាងជូរចត់ក៏ដោយ។
បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំក្នុងការត្រួសត្រាយផ្លូវឆ្លងកាត់ពិភពលោក បាយប៉ូឡា នៃសង្គ្រាមត្រជាក់ឥឡូវនេះឥណ្ឌា គឺប្រឈមនឹងភាពស្មុគស្មាញកាន់តែច្រើន ជាពិសេសប្រទេសចិន ដែលនៅមាត់ទ្វាររបស់ខ្លួន។
នៅថ្ងៃដែលអង្គការសហប្រជាជាតិ បោះឆ្នោតលើសេចក្ដីសម្រេច រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកបណ្ឌិតស៊ូ ប្រា្ហ មាណយ៉ាំចៃសានកា បានប្រាប់សភាឥណ្ឌាថា៖ «ជំហររបស់យើងមិនមែនថានេះមិនមែនជាបញ្ហារបស់យើងទេ ជំហររបស់យើង គឺយើងគាំទ្រសន្តិភាព»។
លោកបន្ថែមទៀតថា៖ «ការសម្រេចចិត្តគោលនយោបាយការបរទេសរបស់ឥណ្ឌា ត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍ជាតិឥណ្ឌា ហើយយើងត្រូវនាំផ្លូវដោយការគិតរបស់យើង ទស្សនៈរបស់យើង ផលប្រយោជន៍របស់យើង»។
ការតស៊ូមតិនៅក្នុងសភាឥណ្ឌានៅថ្ងៃនោះ បានបង្ហាញអំពីស្ថានភាពលំបាកដែលឥណ្ឌានឹងត្រូវឆ្លងកាត់។
មានការលើកឡើងអំពី «ស្តង់ដា ២» ពីលោកខាងលិច ដែលដាក់សម្ពាធឱ្យឥណ្ឌាកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី ខណៈពេលដែលប្រទេសនៅអឺរ៉ុបបន្តការនាំចូលប្រេងពីរុស្ស៊ី។ ប៉ុន្តែការមានសំណួរថា ជំហរអព្យាក្រឹតរបស់ឥណ្ឌា នឹងមានន័យយ៉ាងដូចម្ដេចចំពោះសន្តិសុខរបស់ខ្លួន។ តើឥណ្ឌាអាចបង្កភាពតានតឹងជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ដែលជាដៃគូសំខាន់ក្នុងការពង្រឹងការប្រឆាំងនឹងចិន? តើទំនាក់ទំនងចិន និងរុស្ស៊ីនឹងកាន់តែជិតស្និទ្ធដោយសារទណ្ឌកម្មលោកខាងលិច?
លោកបណ្ឌិតចៃសានកា គឺនៅទីតាំងពិសេសមួយ ដោយលោកគឺជាបញ្ញវន្តឈានមុខគេលើចក្ខុវិស័យការបរទេសរបស់ឥណ្ឌានៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញហើយលោកមានតំណែង ដែលផ្ដល់អំណាចឱ្យលោកអនុវត្តចក្ខុវិស័យនេះ។
លោកបានចំណាយពេលជាង ៤០ ឆ្នាំបម្រើការជាមន្ត្រីការបរទេស ដោយមានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន មុនចូលនិវត្តន៍នៅឆ្នាំ ២០១៨ ជាមន្ត្រីអាជីពជាន់ខ្ពស់ជាងគេនៃក្រសួងការបរទេសឥណ្ឌា។ ១ ឆ្នាំក្រោយមកលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ជ្រើសរើសជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋាភិបាលរបស់លោក។ ក្នុងរយៈពេលចូលនិវត្តន៍ ១ ឆ្នាំនេះ លោកបានសរសេរសៀវភៅមួយមានចំណងជើងថា «វិធីសាស្ត្ររបស់ឥណ្ឌា៖ យុទ្ធសាស្ត្រសម្រាប់ពិភពលោកមិនច្បាស់» ដែលនិយាយអំពីយុទ្ធសាស្ត្រការទូតរបស់ឥណ្ឌា។
ក្នុងសៀវភៅនេះ លោក ចៃសានកា សរសេរថា បញ្ហាពិភពលោក គឺបង្កដោយសារការកើនឡើងនៃ «បុគ្គលនិយម» នៅតាមបណ្ដាប្រទេសនៅជុំវិញពិភពលោក ហើយការអើពើគំនិតអ្នកដទៃ និងការធ្លាក់ចុះរបស់អាមេរិក។
លោកសរសេរថា៖ «វានឹងតម្រូវឱ្យមានការជំរុញផលប្រយោជន៍ជាតិដោយកំណត់អត្តសញ្ញាណ និងទាញយកឱកាសដែលបង្កើតឡើងដោយភាពផ្ទុយគ្នាជាសកល»។
ភាពផុយស្រួយនៃការធ្វើបែបនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌា ជាលើកដំបូងចាប់តាំងការប៉ះទង្គិចនៅទឹកដីមានជម្លោះរវាងប្រទេសទាំង ២ កាលពី ២ ឆ្នាំ ដែលបានរក្សាភាពតានតឹងខ្ពស់នៅក្នុងទំនាក់ទំនងរបស់ពួកគេ។
មន្ត្រីឥណ្ឌាព្យាយាមសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពន្លឿនដំណើរការដកទ័ពភាគីទាំងសងខាងពីតំបន់មានជម្លោះ ដែលមានលក្ខណៈយឺតយ៉ាវខ្លាំង បើទោះបីជាមានការចរចាដើម្បីធ្វើបែបជាង ១៥ ដងទៅហើយ។
ប៉ុន្តែអ្នកវិភាគមួយចំនួននិយាយថា ការកំណត់ពេលវេលានៃដំណើរទស្សនកិច្ច គឺជាការបង្ហាញយ៉ាងច្បាស់ថា ក្រុងប៉េកាំង កំពុងព្យាយាមទាញយកផលប្រយោជន៍ពីការខ្វែងគំនិតរវាងឥណ្ឌា និងអាមេរិក ជុំវិញការឆ្លើយតបនឹងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ រុស្ស៊ីក៏អាចកំពុងធ្វើបែបនេះផងដែរ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ើហ្គេយ៍ ឡាវរ៉ូវ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចក្រុងញូដែលីនៅសប្ដាហ៍នេះ។
សម្រាប់ផ្នែកធំនៃប្រវត្តិសាស្ត្រឯករាជ្យរបស់ប្រទេសឥណ្ឌា មេដឹកនាំរបស់ខ្លួនបានសម្លឹងទៅទីក្រុងម៉ូស្គូមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការគាំទ្រផ្នែកនយោបាយនៅអង្គការសហប្រជាជាតិផងដែរ។ ទីក្រុងម៉ូស្គូនៅតែជាសម្ព័ន្ធមិត្តដ៏ស្ថិតស្ថេរ នៅពេលដែលក្រុងវ៉ាស៊ីនតោនបង្កការខកចិត្តម្ដងហើយម្តងទៀតក្នុងទីក្រុងញូវដែលី រួមទាំងការជួយប៉ាគីស្ថាន ដែលជាសត្រូវរបស់ឥណ្ឌា និងការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
បើទោះបីជាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន បានកើនឡើងដល់ចំណុចមួយដែលសហរដ្ឋអាមេរិកឥឡូវនេះជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌាក៏ដោយ ក៏នៅតែមានការស្ទាក់ស្ទើរសម្រាប់ទីក្រុងញូដែលី។ ចុងក្រោយនេះ គឺមកពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ ឥណ្ឌាបានតម្រឹមផលប្រយោជន៍របស់ខ្លួននៅទីនោះយ៉ាងជិតស្និទ្ធជាមួយនឹងវត្តមានរបស់អាមេរិក ហើយចុងក្រោយគ្រាន់តែឃើញសហរដ្ឋអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន ហើយផ្ដល់ប្រទេសនេះទៅឱ្យពួកតាលីបង់ ដែលញូវដែលីបានមើលឃើញជាយូរមកហើយថាជាប្រូកស៊ីរបស់យោធាប៉ាគីស្ថានដែលចាប់ដៃជាមួយទីក្រុងប៉េកាំង។
នៅក្នុងការស្វែងរក «ស្វ័យភាពជាយុទ្ធសាស្ត្រ» សម្រាប់ខ្លួន ឥណ្ឌាមានភាពយឺតយ៉ាវក្នុងការបង្កើតចម្ងាយពីទីក្រុងម៉ូស្គូ។ ខណៈពេលដែលឥណ្ឌាបានបង្កើនការទិញអាវុធពីសហរដ្ឋអាមេរិកពីតិចតួចទៅប្រហែល ២០ ពាន់លានដុល្លារក្នុងទសវត្សរ៍កន្លងមកនេះ ពួកគេនៅតែពឹងផ្អែកលើរុស្ស៊ីសម្រាប់ប្រហែល ៦០ ភាគរយនៃសម្ភារយោធារបស់ខ្លួន។
រដ្ឋាភិបាលឥណ្ឌាមានទំនុកចិត្តថា ការបង្វែរទិសដៅរបស់ខ្លួនពីសម្ពាធរបស់លោកខាងលិចមកលម្អៀងលើរុស្ស៊ីនៅទីបំផុតនឹងមិនធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនឡើយ ដោយសារការជឿជាក់ថា ឥណ្ឌាគឺជាគឺជាកត្តាទប់ទល់ដ៏សំខាន់មួយលើគោលនយោបាយចក្រពត្តិនិយមរបស់ចិន។
ក្រុងញូវដែលី បានចូលរួមជាមួយសម្ព័ន្ធភាព Quad បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីរុស្ស៊ី និងចិនក៏ដោយ ដែលបានប្រដូចវាទៅនឹងអង្គការណាតូនៅភាគខាងកើតដែលមានបំណងចង់ឡោមព័ទ្ធប្រទេសចិន។ ប៉ុន្តែឥណ្ឌាបានរក្សាទង្វើរក្សាតុល្យភាពរបស់ខ្លួន ដោយទិញសព្វាវុធពីរុស្ស៊ី រួមទាំងប្រព័ន្ធការពារមីស៊ីល បើទោះបីជាមាន ការគំរាមកំហែងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។
ប្រមាណ ២ សប្ដាហ៍ក្រោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំនៃ Quad បានបើកកិច្ចប្រជុំកំពូលមួយដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការរួបរួម បើទោះបីជាឥណ្ឌាមិនស្ថិតនៅលើទំព័រដូចគ្នាលើសង្គ្រាមរបស់រុស្ស៊ីក៏ដោយ។
អ្នកវិភាគខ្លះបាននិយាយថា យុទ្ធនាការដ៏ឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែន និងលទ្ធភាពដែលទីក្រុងម៉ូស្គូទំនងជានឹងលេចចេញជារូបរាងថយចុះពីសង្គ្រាម និងទណ្ឌកម្មអាចពន្លឿនការផ្លាស់ប្តូររបស់ឥណ្ឌាចេញពីទីក្រុងម៉ូស្គូ និងជួយសម្រួលដល់ការពង្រីកទំនាក់ទំនងការពារជាតិជាមួយសហរដ្ឋអាមេរិក៕