
លោកអុីមរ៉ាន ខាន់ (កណ្តាល) រួមជាមួយនឹងសមាជិកសភា ធ្វើកាយវិការនៅពេលមកដល់ដើម្បីថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស PTI។ AFP
មិនដល់ ១ ថ្ងៃ មុនពេលសភាប៉ាគីស្ថាន ត្រូវរៀបចំការបោះឆ្នោតគ្មានទំនុកចិត្ត ដែលនឹងធានាការទម្លាក់មេដឹកនាំប្រទេសនេះពីតំណែង លោកនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ បានប្រកាសថា លោកនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដោយអះអាងថា សមាជិកបក្សប្រឆាំងបានឃុបឃិតជាមួយសហរដ្ឋអាមេរិកបង្កើតឧបាយកលប្រឆាំងនឹងលោក។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានបរទេសលោកខាន់ បានអះអាងថា ការបោះឆ្នោតនេះ គឺជាផ្នែកមួយនៃឧបាយកលរៀបចំដោយសហរដ្ឋអាមេរិកដើម្បីធ្វើ «ការផ្លាស់ប្ដូររបបកាន់អំណាច» នៅប៉ាគីស្ថាន ដែលជាការអះអាងលោកចាប់ផ្ដើមធ្វើនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពេលដែលការក្ដោបក្ដាប់អំណាចរបស់លោកបានចាប់ផ្ដើមរសាត់រសាយ។
ដោយពិពណ៌នាថា ដំណើរការនីតិវិធី «ត្រូវបានខូចខាតទាំងស្រុង» លោក ខាន់ បាននិយាយថា៖ «តើខ្ញុំអាចគោរពលទ្ធផលយ៉ាងដូចម្ដេច នៅពេលដែលដំណើរការទាំងមូលបានបាត់បង់ភាពជឿជាក់?»។
រហូតមកដល់ពេលនេះលោកខាន់ មិនបានផ្ដល់ភ័ស្តុតាងទៅឱ្យសភា ឬស្ថាប័នសារព័ត៌មានដើម្បីបញ្ជាក់អំពីការអះអាងរបស់លោកទេ។ ក្រោមការដឹកនាំរបស់លោកប្រទេសប៉ាគីស្ថាន បានខិតចេញពីសហរដ្ឋអាមេរិក ហើយបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន និងរុស្ស៊ី។
ការបោះឆ្នោតគ្មានទំនុកចិត្ត ដើម្បីទម្លាក់លោកខាន់ពីតំណែង គឺជាចំណុចកំពូលនៃវិបត្តិនយោបាយដ៏ធំមួយដែលលេបត្របាក់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ បន្ទាប់ពីអតីតកីឡាកររូបនេះហាក់ដូចជាបាត់បង់ការគាំទ្រពីថ្នាក់ដឹកនាំយោធា ហើយក្រុមគណបក្សប្រឆាំងចាប់ផ្ដើមដំណើរការបោះឆ្នោតទម្លាក់លោកពីតំណែង។
កាលពីសប្ដាហ៍មុនជំនោរនយោបាយបានបង្វែរមកប្រឆាំងនឹងលោកខាន់ បន្ទាប់គណបក្សជាច្រើនក្នុងសម្ព័ន្ធភាពកាន់អំណាចរបស់លោកបានដកខ្លួនមកចូលរួមជាមួយសម្ព័ន្ធភាពប្រឆាំងវិញ ធ្វើឱ្យមានសំឡេងគ្រប់គ្រាន់ក្នុងរដ្ឋសភាប៉ាគីស្ថាន ដើម្បីដកលោកចេញពីតំណែងធ្វើឱ្យមានការទាមទារឱ្យលោកខាន់លាលែងពីតំណែងមុនការបោះឆ្នោតនេះកើតឡើង។
កាលពីថ្ងៃសៅរ៍ យោធាដ៏មានឥទ្ធិពលនយោបាយរបស់ប្រទេសនេះ ដែលនៅមិនទាន់បានបង្ហាញជំហររបស់ខ្លួនជាសាធារណៈហាក់ដូចជាព្យាយាមដកខ្លួនចេញពីជំហរគោលនយោបាយរបស់លោកខាន។ ក្នុងការថ្លែងសុន្ទរកថានៅសន្និបាតសន្តិសុខមួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ នាយឧត្ដមសេនីយ៍ កាម៉ា ចាវីដ បាចវ៉ា នាយសេនាធិការនៃកងទ័ពជើងគោកប៉ាគីស្ថាន បាននិយាយថា ប្រទេសរបស់លោកចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសជាច្រើន ដែលរួមមានសហរដ្ឋអាមេរិកផងដែរ ដែលផ្ទុយពីជំហររបស់លោកខានក្នុងការដកខ្លួនឱ្យឆ្ងាយពីអាមេរិក។
ឧត្ដមសេនីយ៍បាចវ៉ានិយាយថា ប៉ាគីស្ថាន «ចែករំលែកប្រវត្តិដ៏យូរលង់នៃទំនាក់ទំនងដ៏ល្អ និងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក» ដោយបន្ថែមទៀតថា សហរដ្ឋអាមេរិកតំណាងឱ្យទីផ្សារនាំចេញធំបំផុតរបស់ប្រទេសលោក។
យ៉ាងណាមិញលោកខាន់ បានច្រានចោលការទាមទារឱ្យលោកលាលែងពីតំណែងហើយបាននិយាយទៅកាន់អ្នកគាំទ្រថា លោកនឹងមិនចាញ់ទេ។ លោកនិយាយថា៖ «ខ្ញុំនឹងយកឈ្នះលើបក្សប្រឆាំងនៅសភា»។
ប៉ុន្តែនៅត្រឹមថ្ងៃសៅរ៍ លោកគឺហាក់ដូចជានៅពុះពារស្វែងរកមធ្យោបាយមួយ ដើម្បីពន្យារការបោះឆ្នោត ហើយបន្តកាន់តំណែង។ គណបក្សប៉ាគីស្ថានតេហរីក-អ៊ី-អ៊ីនសាហ្វ (PTI) របស់លោក បានដាក់សំណើទៅកាន់តុលាការកំពូលប៉ាគីស្ថាន ដើម្បីរារាំងការបោះឆ្នោតទម្លាក់លោកខាន់ដោយអះអាងសមាជិកបក្សប្រឆាំងគឺកំពុង «ធ្វើសកម្មភាពតាមការញុះញង់របស់ប្រទេសអរិភាព» ហើយបាន «ឃុបឃិតបង្កើត និងអនុវត្ត» សកម្មភាពប្រឆាំងលោកខាន់។ ប៉ុន្តែមន្ត្រីក្រឡាបញ្ជីនៃតុលាការកំពូលបានច្រានចោលមិនទទួលយកសំណើនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ហ្វាវ៉ាដ ឆាដរី ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីការបែកបាក់សម្ព័ន្ធភាពកាន់អំណាចក៏បានស្នើឱ្យតុលាការលុបចោលការបញ្ជាឱ្យនៅក្រៅឃុំសម្រាប់មេដឹកនាំបក្សប្រឆាំងលោក សេហ៍បាស សារីហ្វ ដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។ លោក សារីហ្វ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី ប្រសិនបើលោក ខាន់ ត្រូវបានគេដកចេញពីតំណែង។
នៅយប់ថ្ងៃសៅរ៍ លោក ខាន់ បានអំពាវនាវឱ្យអ្នកគាំទ្រធ្វើបាតុកម្មនៅទូទាំងប្រទេស។ លោកថា មានឧបាយកលធ្វើឃាតលោក។ លោកក៏បានអះអាងថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រដ្ឋាភិបាលរបស់លោកបានទទួលសេចក្ដីថ្លែងការណ៍មួយអំពីការគំរាមកំហែងពីសហរដ្ឋអាមេរិក។ លោកនិយាយថា សេចក្ដីថ្លែងការណ៍នោះបានលើកឡើងអំពីជំនួបរវាងអតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ១ រូប ជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក ដែលក្នុងនោះមន្ត្រីអាមេរិកបានរិះគន់ដំណើរទស្សនកិច្ចរបស់លោក ខាន់ ទៅក្រុងម៉ូស្គូ ហើយអនាគតនៃទំនាក់ទំនងប៉ាគីស្ថាន-អាមេរិក គឺនឹងរំពឹងលើការដកលោក ខាន់ ចេញអំណាច។ លោក ខាន់ មិនបានបង្ហាញភ័ស្តុតាងអំពីការលើកឡើងបែបនេះទេ ហើយអាមេរិកបានច្រានចោលការលើកឡើងទាំងនេះ។
អ្នកវិភាគមួយចំនួននិយាយថា លោកខាន់បានប្រើប្រាស់ពាក្យសម្តីប្រឆាំងអាមេរិកក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីបង្កើនការគាំទ្រ និងចលាចលជាសាធារណោ:។ បើទោះបីជាលោកត្រូវគេដកចេញពីតំណែងក៏ដោយ លោកនៅមានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅអាណត្តិក្រោយ ប៉ុន្តែបើគ្មានការគាំទ្រពីកងយោធា ឬអតីតសម្ព័ន្ធមិត្តកាន់អំណាច ដែលទើបតែដកខ្លួនថ្មីៗនេះ គេមិនច្បាស់ថា លោក ខាន់ នឹងទទួលបានជោគជ័យដល់កម្រិតណាទេ៕