ប្រធានាធិបតី​របស់​ប្រទេស​លីទុយអានី បាន​ប្រកាស​​កាល​ពី​ថ្ងៃសៅរ៍ថា ប្រទេស​លោក​បាន​បញ្ឈប់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​ចាប់​ពី​ខែមេសា ហើយ​នឹង​អាច​ពឹង​ផ្អែក​លើ​ការ​ចែក​ចាយ​ពី​ប្រទេស​​ផ្សេង​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​របស់​ខ្លួន ដោយ​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ជា​ឧទាហរណ៍​​ដល់​សមាជិក​សហភាព​អឺរ៉ុប​ដទៃ​ទៀត។

​មុន​ពេល​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​សហភាព​អឺរ៉ុប​ បាន​ព្យាយាម​ស្វែង​រក​មធ្យោបាយដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ីល​នាំ​ចូល​ពី​រុស្ស៊ី​រួម​ទាំង​​ធ្យូងថ្ម ប្រេង​និង​ជា​ពិសេស​ឧស្ម័ន។​ឧស្ម័ន​ធម្មជាតិ​​ជិត ៤០​ ភាគរយ​នៃ​ឧស្ម័ន​ប្រើប្រាស់​ដោយ​ប្លុក​នេះគឺ​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី។ប៉ុន្តែចាប់​តាំង​ពី​ទីក្រុង​ម៉ូស្គូ​បាន​បញ្ជា​រថក្រោះ​ឆ្លង​ចូល​ទៅ​ក្នុង​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ​រដ្ឋ​ជា​សមាជិកកាន់​តែ​សកម្ម​ស្វែងរក​មធ្យោបាយ​កាត់​បន្ថយ​តម្រូវការ​ឧស្ម័ន​របស់​ពួក​គេ។

​លីទុយអានី​ ជាប្រទេស​​​តូច​មួយដែល​មាន​ប្រជាជន​ត្រឹម​តែ​២,៨លាន​នាក់និង​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​សេវាកម្ម​ច្រើន​ជាង​ឧស្សាហកម្ម​ ប្រទេស​នេះ​មាន​​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​​ក្នុង​រដ្ឋបាល់ទិក​ហើយ​ក៏​ជា​​សមាជិក​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ផង​ដែរ​។ដូច្នេះការ​បាត់បង់​លីទុយអានី​ជា​អតិថិជន​​ទំនង​ជា​មិន​មានផល​​ប៉ះពាល់​ដល់​ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ថាមពល​រដ្ឋ​រុស្ស៊ី​នោះ​ទេ​។តែ​ការ​ផ្លាស់​ប្តូរ​នេះ មាន​សារៈសំខាន់​ជា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ការ​កំណត់​គំរូ​សម្រាប់​សហភាព​អឺរ៉ុប​៕​