កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២ មេសា ​ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល ម៉ាក្រុង ​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា ​កុំ​សន្និដ្ឋាន​ថា ​លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ ដោយ​ហាក់​ដូច​លោក​លើក​ឡើង​ថា​ ការ​ភ្លេច​ខ្លួន​ អាច​ធ្វើ​ឱ្យ​គូប្រជែង​ស្ដាំ​ជ្រុល​និយម​យក​ឈ្នះ​បាន​។

ក្នុង​កម្មវិធី​យុទ្ធនាការ​បោះឆ្នោត​លោក​ម៉ាក្រុង​ បាន​ចង្អុល​ទៅ​ជ័យ​ជម្នះ​របស់​ខ្លួន​លោក​ផ្ទាល់​នៅ​ឆ្នាំ​ ២០១៧ និង​ការ​បោះឆ្នោត​ប្រជាមតិ​ Brexit ​នៅ​ ២០១៦ ដើម្បី​ដំណើរ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ ជា​ឧទាហរណ៍​នៃ​លទ្ធផល​នយោបាយ​ដែល​មិន​បាន​រំពឹង​ទុក​មុន​។

«គ្រោះ​ថ្នាក់​នៃ​ក្រុម​ជ្រុល​និយម​សព្វ​ថ្ងៃ​នេះ​ គឺ​ខ្លាំង​ជាង​កាល​ពី​ប៉ុន្មាន​ខែ​មុន ខ្លាំង​ជាង​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​» លោក​ម៉ាក្រុង​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «កុំ​ជឿ​អ្នក​អត្ថាធិប្បាយ ឬ​ការ​ស្ទង់​មតិ​ ដែល​ថា​វា​មិន​អាច​ទៅ​រួច មិន​នឹក​ស្មាន​ដល់​ ដែល​និយាយ​ថា​ ''ការ​បោះឆ្នោត​បាន​ឈ្នះ​រួច​ទៅ​ហើយ ហើយ​នឹង​មិន​មាន​រឿង​អ្វី​ទេ''។ ​ក្រឡេក​មើល​ពួក​យើង​ មើល​អ្នក​កាល​ពី​៥ឆ្នាំ​មុន​។ គេ​និយាយ​ថា​វា​មិន​អាច​ទៅ​រួច​ទេ​។ ក្រឡេក​មើល​ Brexit និង​ការ​បោះឆ្នោត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​លទ្ធផល​ហាក់​ដូច​ជា​មិន​ទំនង​ ប៉ុន្តែ​ពិត​ជា​បាន​កើត​ឡើង​មែន​»​។

ការ​ស្ទង់​មតិ​ព្យាករ​​ថា​លោក​ម៉ាក្រុង​នឹង​នាំមុខ​សំឡេង​បេក្ខជន​ស្ដាំ​និយម​លោក​ស្រី​ម៉ារីន ឡឺប៉ែន​ ក្នុង​ការ​បោះឆ្នោត​ជុំ​ទី១ ហើយ​លោក​នឹង​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី២ ​ ប៉ុន្តែ​គម្លាត​សំឡេង​ជ័យ​ជម្នះ​នេះ​គឺ​តូច​ជាង​ជ័យជម្នះ​របស់​លោក​កាល​ពី៥ឆ្នាំ​មុន​។

កាល​ពី​ឆ្នាំ​ ២០១៧ លោក​ម៉ាក្រុង​បាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ជា​បេក្ខជន​ ដែល​ «មិន​មែន​ស្ដាំ​និយម​ ឬ​ឆ្វេង​និយម»​។ លោក​ មិន​ធ្លាប់​កាន់​តំណែង​ត្រូវ​ការ​បោះឆ្នោត​ទេ​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្វី​ស្រស់​ក្នុង​ភាព​ជាប់​ទ្រឹង​នៃ​នយោបាយ​បារាំង​។ លោក​បាន​យក​ឈ្នះ​លើ​ចលនា​នយោបាយ​ទាំង​២ដែល​បាន​កាន់​អំណាច​នៅ​ប្រទេស​បារាំង​ក្នុង​រយៈ​ពេល​ជាង​ ៦០ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​នេះ​ លោក​បាន​បាត់បង់​ការ​គាំទ្រ​មួយ​កម្រិត​ ដោយ​សារ​ការ​មើល​ឃើញ​ថា ​លោក​បាន​ប្រែ​ខ្លួន​បន្ទាប់​ពី​កាន់​អំណាច៥​​ឆ្នាំ​ចុង​ក្រោយ​នេះ​៕