ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនភី​ង ​បាន​ជំរុញ​សហភាព​អឺរ៉ុប​កុំ​ឱ្យ «ចង​ពិភពលោក​ទាំង​មូល​» ទៅ​នឹង​សង្គ្រាម​អ៊ុយក្រែន​ ហើយ​ព្រមាន​ថា ​អាច​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​ជួសជុល​ការ​ខូចខាត​សេដ្ឋកិច្ច​ពី​សង្គ្រាម​នេះ​។

ក្នុង​កិច្ចប្រជុំ​តាម​វី​ដេអូ​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១ មេសា​ លោក​ស៊ី​ បាន​ប្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អឺស៊ូឡា វ៉ុន ដឺ លៃយេន និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ហ្សាល មីសែល​ ថា​វិបត្តិ​នេះ​ត្រូវ​តែ​ «ដោះ​ស្រាយ​ឱ្យ​ត្រឹមត្រូវ»​។

បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន​ លោក​ស៊ី​ បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ទាំង​នេះ​ថា​៖ «មនុស្ស​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ​ស្ថានភាព​បច្ចុប្បន្ន​ អាច​បំផ្លាញ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​ជាច្រើន​ទសវត្សរ៍។ ប្រសិន​បើ​ស្ថានភាព​កាន់​តែ​បន្ត​យ៉ាប់យ៉ឺន វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា វា​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ ឬ​រាប់​ទសវត្សរ៍ ដើម្បី​ស្ដារ​ឡើង​វិញ​នៅ​ពេល​ក្រោយ​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «មិន​គួរ​ធ្វើ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ទៅ​ជា​នយោបាយ​ ជា​ឧបករណ៍ និង​ជា​អាវុធ​ទេ​ ដែល​បង្ក​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា អាហារ ខ្សែ​ចង្វាក់​ឧស្សាហកម្ម និង​ខ្សែ​ចង្វាក់​​ផ្គត់ផ្គង់​របស់​ពិភពលោក​»​។

រីឯ​ភាគី​អឺរ៉ុប​ បាន​និយាយ​ថា​ខ្លួន​ព្យាយាម​ជំរុញ​កុំ​ឱ្យ​ក្រុម​ប៉េកាំង​ «ជ្រៀតជ្រែក» លើ​ការ​ដាក់​​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ហើយ​ខណៈ​ពេល​ដែល​ភាគី​ទាំង​២ ​បាន​យល់​ព្រម​លើ​ការ​ធ្វើ​ការ​ដើម្បី​បញ្ចប់​ជម្លោះ​ ពួកគេ​បាន​សម្ដែង​ «ទស្សនៈ​ផ្ទុយ» លើ​ស្ថានភាព​នេះ​។

លោក​ស្រី​វ៉ុន ដឺ លៃយេន​និយាយ​ថា​៖ «យើង​បាន​ផ្លាស់ប្តូរទស្សនៈផ្ទុយគ្នាយ៉ាងច្បាស់។ នេះ​មិន​មែន​ជា​ជម្លោះ​ទេ។ នេះ​គឺ​ជា​សង្គ្រាម។ នេះ​មិនមែន​ជា​រឿង​របស់​អឺរ៉ុប​ទេ។ នេះ​គឺ​ជា​កិច្ចការ​ពិភពលោក​ទាំង​មូល​»​៕