
អ្នកគាំទ្រគណបក្ស PTI ស្រែកបន្ទរពាក្យស្លោកក្នុងអំឡុងការតវ៉ាប្រឆាំងអាមេរិក ដោយចោទថា បានជ្រៀតជ្រែកកិច្ចការនយោបាយបា៉គីស្ថាន។ AFP
កាលពីថ្ងៃអាទិត្យ ទី ៣ មេសា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ បានប្រកាសរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការបោះឆ្នោតគ្មានទំនុកចិត្តដោយសភានេះ ដែលគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងដកលោកចេញពីតំណែងហើយនឹងធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។
សកម្មភាពវិសាមញ្ញនេះ បានធ្វើឱ្យភាពចលាចលក្នុងនយោបាយប៉ាគីស្ថានកាន់តែស្មុគស្មាញជាងមុន ដែលចាប់ផ្ដើមបន្ទាប់ពីលោកខាន់បានបាត់បង់ការគាំទ្រពីយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ និងគណបក្សជាដៃគូក្នុងសម្ព័ន្ធភាពកាន់អំណាចដែល កាលពីសប្ដាហ៍មុនបានផ្លាស់ប្ដូរមកគាំទ្រក្រុមបក្សប្រឆាំងវិញ។
វិបត្តិនយោបាយនេះ បានកើនឡើងសន្សឹមៗជាច្រើនសប្ដាហ៍មកហើយ ប៉ុន្តែព្រឹត្តិការណ៍ចុងក្រោយនេះ បានគំរាមកំហែងបង្កអស្ថិរភាពដល់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់ប្រទេសប៉ាគីស្ថាន ដែលជាប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមតាលីបង់ ហើយប្រឈមមុខនឹងអស្ថិរភាព និងរដ្ឋប្រហារយោធាជាច្រើនលើកក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ខ្លួន។ បើទោះបីជាមានប្រវត្តិសាស្ត្រដ៏ចលាចលបែបនេះក៏ដោយ ព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក អាសត អូសាហ្វអាលី អតីតអគ្គរដ្ឋអាជ្ញាប៉ាគីស្ថាន ១ រូបបាននិយាយថា៖ «ក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានមិនដែលមានរឿងបែបនេះកើតឡើងទេ»។
នៅដើមសម័យប្រជុំនៃរដ្ឋសភាប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ក្រុមគណបក្សប្រឆាំងហាក់ដូចជាប្រមូលសំឡេងគ្រប់គ្រាន់ ដើម្បីបោះឆ្នោតដកលោកខាន់ចេញពីតំណែង។ ប៉ុន្តែអនុប្រធានរដ្ឋសភាលោក កាស៊ីម ខាន ស៊ូរី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ខាន់ បានប្រកាសថា ការបោះឆ្នោតនេះ គឺមិនស្របតាមរដ្ឋធម្មនុញ្ញទេ ហើយនាយករដ្ឋមន្ត្រីរូបនេះ នៅមានអំណាចដើម្បីរំលាយរដ្ឋសភា។
នៅថ្ងៃអាទិត្យដដែលលោកខានបានប្រកាសរំលាយរដ្ឋសភានៅលើ ហើយបានអះអាងដោយមិនផ្ដល់ភ័ស្តុតាងថា កិច្ចខិតខំទម្លាក់លោកពីតំណែង គឺជាឧបាយកលរវាងគណបក្សប្រឆាំង និងសហរដ្ឋអាមេរិក។ បន្ទាប់ពីការរំលាយនេះ លោក ខាន់ ប្រកាសរៀបចំការបោះឆ្នោតមុនពេលកំណត់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលនឹងកើតឡើងក្នុងរយៈពេល ៩០ ថ្ងៃខាងមុខនេះ។
«ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត» លោក ខាន់ និយាយបែបនេះ ហើយបន្តទៀតថា៖ «គ្មានកម្លាំងពុករលួយណាអាចសម្រេចអនាគតរបស់ប្រទេសឱ្យទៅជាយ៉ាងណាទេ»។
ការប្រកាសរបស់លោក ខាន់ បានធ្វើឱ្យសម្ព័ន្ធភាពបក្សប្រឆាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មេដឹកនាំពួកគេលោកសេហ៍ បាស សារីហ្វ បានរៀបចុះកិច្ចប្រជុំយ៉ាងប្រញាប់ប្រញាល់ជាមួយមេដឹកនាំបក្សប្រឆាំងក្នុងសម្ព័ន្ធភាព ដើម្បីស្វែងរកជំហានបន្ទាប់។
លោក សារីហ្វ ដែលត្រូវគេរំពឹងថា នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី ប្រសិនបើលោក ខាន់ ត្រូវបានគេដកពីតំណែងបាននិយាយថា៖ «វាជាថ្ងៃដ៏សោកសៅមួយនៅក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន។
លទ្ធិប្រជាធិបតេយ្យដែលទើបតែចាប់ផ្ដើមត្រូវបានវាយប្រហារ និងខូចខាតយ៉ាងឃោរឃៅបំផុត»។
សមាជិកបក្សប្រឆាំងដាក់ញត្តិទៅកាន់តុលាការកំពូលប៉ាគីស្ថាន ដើម្បីជំទាស់នឹងការសម្រេចរបស់លោក ខាន់ ដោយនិយាយថា សកម្មភាពនេះគឺស្មើនឹង «រដ្ឋប្រហារបើកចំហប្រឆាំងនឹងប្រទេស និងរដ្ឋធម្មនុញ្ញ»។ រីឯសម្ព័ន្ធមិត្តរបស់លោកខាន់វិញបានអះអាងថា តុលាការកំពូលមិនមានអំណាចក្នុងការធ្វើអន្តរាគមន៍បែបនេះនោះទេ ហើយបន្តធ្វើការអះអាងថា ការបោះឆ្នោតទម្លាក់លោកខាន់ គឺជាឧបាយកលរបស់អាមេរិក។
តុលាការកំពូលប៉ាគីស្ថានបានកំណត់បើកសវនាការនៅថ្ងៃចន្ទ ដែលនឹងជាការប្រឈមមុខដាក់គ្នាដ៏មួយ ដែលនឹងកំណត់ថានរណាជាមេដឹកនាំរបស់ប្រទេសនេះ។
មុនសវនាការចាប់ផ្ដើម ប្រធានតុលាការកំពូលលោក អ៊ូម៉ា អាតា បានឌីអាល បានជំរុញគណបក្សនយោបាយទាំងអស់ឱ្យរក្សាការគោរពច្បាប់ និងសណ្ដាប់ធ្នាប់រហូតដល់សាលក្រម ត្រូវបានសម្រេច ដោយលោកហាក់ដូចជាមានភាពព្រួយបារម្ភថា លោកខាន់អាចញុះញង់ភាពចលាចល ឬសូម្បីតែអំពើហិង្សា ដូចដែលលោកធ្លាប់បានធ្វើនាពេលមុនៗ។ ដោយហាក់ដូចជាកំពុងត្រៀមសម្រាប់រឿងនេះ ទាហាន និងប៉ូលិសជាច្រើនរូបត្រូវបានដាក់ពង្រាយដើម្បីបិទខ្ទប់ «តំបន់ក្រហម» នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ចាប់តាំងពីថ្ងៃសុក្រ មកម្ល៉េះ។
អ្នកជំនាញរដ្ឋធម្មនុញ្ញជាច្រើនព្យាករថា តុលាការកំពូលប៉ាគីស្ថាននឹងច្រានចោលការសម្រេចរបស់អនុប្រធានសភាប៉ាគីស្ថាន ដែលអនុញ្ញាតឱ្យលោកខាន់ធ្វើរឿងបែបនេះ។ គេក៏និយាយថា ដើម្បីសកម្មភាពលោកខាន់ទទួលជោគជ័យនោះលោកនឹងត្រូវមិនគោរពអំណាច ឬសូម្បីតែរំសាយតុលាការកំពូលនេះ ដែលនឹងកាន់តែបង្កបញ្ហារដ្ឋធម្មនុញ្ញបន្ថែមទៀត។
លោកចៅក្រម បានឌីអាល និងចៅក្រមដទៃទៀតនៃតុលាការកំពូលបានបង្ហាញការព្រួយបារម្ភអំពីសកម្មភាពរបស់លោកខាន់រួចទៅហើយ ធ្វើឱ្យការច្រានចោលសកម្មភាពរបស់លោកខាន់ការតែទំនងនឹងកើតឡើង។
ប៉ុន្តែសាលក្រមបែបនេះនឹងមិនធានាថា លោក ខាន់ នឹងត្រូវដកចេញពីតំណែងទេ។ កាលណាតុលាការត្រូវប្រើពេលយូរដើម្បីចេញសាលក្រមរដ្ឋាភិបាលរបស់លោកខាន់ នឹងមានពេលវេលាដើម្បីព្យាយាមធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយមុនការបោះឆ្នោតខាងមុខ។ តុលាការអាចស្ដាររដ្ឋសភាឡើងវិញ ប៉ុន្តែក៏អាចរារាំងការបោះឆ្នោតទម្លាក់លោក ខាន់ ដោយជ្រើសរើសធ្វើការបោះឆ្នោតជាតិមុនពេលកំណត់វិញ។
អ្នកវិភាគមួយចំនួនបាននិយាយថា ខណៈពេលដែលវិបត្តិនេះកាន់តែអូសបន្លាយលោកខាន់អាចព្យាយាមធ្វើការចាប់ខ្លួនសមាជិកបក្សប្រឆាំង ក្រោមការអះអាងថា ពួកគេបានឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរលំលោក ដោយការធ្វើបែបនេះនឹងធ្វើឱ្យសម្ព័ន្ធភាពគណបក្សប្រឆាំងបាត់បង់សំឡេងគ្រប់គ្រាន់ ដើម្បីទម្លាក់លោក ខាន់។ លោកធ្លាប់ចាប់ខ្លួនគូប្រជែងមួយចំនួនរួចទៅហើយ ក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយ។
ប៉ុន្តែការចាប់ខ្លួនសមាជិកបក្សប្រឆាំងបែបនេះ នឹងត្រូវការគាំទ្រនយោបាយពីកងយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ។ កងយោធាប៉ាគីស្ថានហាក់ដូចជាបានដកការគាំទ្ររបស់ខ្លួនចំពោះលោក ខាន់ ជុំវិញជម្លោះសមាសធាតុថ្នាក់ដឹកនាំរបស់ខ្លួន និងគំនិតផ្ទុយគ្នាលើគោលនយោបាយការបរទេស។ មេដឹកនាំយោធាប៉ាគីស្ថានបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រោមការដឹកនាំរបស់លោក ខាន់ ប្រទេសប៉ាគីស្ថាន បានខិតកាន់តែឆ្ងាយពីអាមេរិក ហើយកាន់មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន និងរុស្ស៊ីទៅវិញ។
កងយោធាបានប្រកាសថា ខ្លួនមានជំហរអព្យាក្រឹតក្នុងវិបត្តិនយោបាយពេលបច្ចុប្បន្ន ប៉ុន្តែអ្នកនាំពាក្យ ១ រូបនិយាយថា កងយោធាមិនបានពាក់ព័ន្ធ ឬគាំទ្រសកម្មភាពរបស់លោក ខាន់កាលពីថ្ងៃអាទិត្យនោះទេ។ នេះគឺជាលើកដំបូងដែលកងយោធានិយាយថា ខ្លួនមិនគាំទ្រសកម្មភាពរបស់លោក ខាន់។ សម្រាប់មនុស្សមួយចំនួន កាលណាវិបត្តិនេះកាន់តែអូសបន្លាយ យោធាប៉ាគីស្ថាន នឹងកាន់តែទំនងធ្វើអន្តរាគមន៍ ដូចក្នុងវិបត្តិនយោបាយមុនៗក្នុងប្រវត្តិសាស្ត្រប្រទេសនេះ៕
វីដេអូ៖