ពេល​រថក្រោះ​រុស្ស៊ី​រំកិល​ចូល​ព្រំដែន​អ៊ុយ​ក្រែ​ន​នា​ព្រឹក​ថ្ងៃទី ​២៤ ខែកុម្ភៈ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន កោះហៅ​មហាសេដ្ឋី​កំពូលៗ​របស់​ប្រទេស​ទៅ​ប្រជុំ​នៅ​វិមាន​ក្រឹម​ឡាំង ប៉ុន្តែ​ពេលនោះ​ម្ចាស់​ក្លិប​បាល់ទាត់​ឆែ​ល​ស៊ី​លោក​ រ៉ូ​ម៉ែន អា​ប្រា​ម៉ូ​វិច (Roman Abramovich)​ ស្នាក់នៅវីឡា​ក្នុង​ក្រុង ​Antibes ប្រទេស​បារាំង​នៅឡើយ​។​

​តាម​ការចុះផ្សាយ​របស់​កាសែត Financial Times ដែល​រៀបរាប់​ពី​ដំណើរ​ឆ្ពោះទៅ​ក្រុង​ម៉ូស្គូ​មិនទាន់​ពេល​ជំនួប​របស់ លោក​ អា​ប្រា​ម៉ូ​វិច មហាសេដ្ឋី​រូបនេះ បានរៀបចំ​កិច្ចប្រជុំ​ឯកជន​ជាមួយ​លោក ពូ​ទីន ហើយ​ក្រោយមក​ក៏​ទទួល​មុខងារ​មួយ​ពី​មេដឹកនាំ​ ដើម្បី​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ច​​ចរចា​សន្តិភាព​។​

​ប្រភព​ដែល​ដឹង​ពី​ជំនួប​រវាង​អ្នកមាន​ឥទ្ធិពល​រុស្ស៊ី​ទាំង ​២ និយាយថា លោក​ អា​ប្រា​ម៉ូ​វិច​ បាន​លើកសំណើ​ដ៏​ធំ​មួយ​ឱ្យ​បញ្ចប់សង្គ្រាម​។ វា​ជា​រឿង​ប្រថុយប្រថាន​មួយ​សម្រាប់​លោក​ អា​ប្រា​ម៉ូ​វិច ដែល​រង​ទណ្ឌកម្ម​ពី​បស្ចិម​លោក​ដូចគ្នា​នឹង​បុគ្គល​ធំៗ​របស់​រុស្ស៊ី​ដទៃទៀត ខណៈដែល​លោក ពូ​ទីន ហៅ​ឥស្សរជន​រុស្ស៊ី​ដែល​ស្រប​នឹង​លោកខាងលិច​ថា ​ជា «​ជន​ក្បត់​»​។

​ប៉ុន្តែ​ពេល​ទណ្ឌកម្ម​រួមរឹត លោក ​អា​ប្រា​ម៉ូ​វិច​ ត្រូវ​ព្យាយាម​ជំរុញ​ដំណើរការ​ឆ្ពោះទៅរក​សន្តិភាព ដែល​អ្នក​រិះគន់​មួយចំនួន​និយាយថា ធ្វើឡើង​ដើម្បី​ឱ្យគេ​សម្រាល​ទណ្ឌកម្ម ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់ខ្លួន​ ខណៈ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​វិមាន​ក្រឹម​ឡាំង​។​

​ទណ្ឌកម្ម​ពី​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​បង្ខំ​លោក ​អា​ប្រា​ម៉ូ​វិច​ ឱ្យ​ដាក់លក់​ក្លិប​បាល់ទាត់​ឆែ​ល​ស៊ី​ជម្លៀស​ទូក​ដំណើរ​កម្សាន្ត​ ២​ គ្រឿង កាត់​សមុទ្រ​ក្នុង​ចម្ងាយ​រាប់ពាន់​គីឡូ​ម៉ែត្រ​ទៅ​តួ​ក​គី​ផ្ទេរ​ការគ្រប់គ្រង​ក្រុម​​ហ៊ុន​វិនិយោគ​យ៉ាងហោចណាស់​ ២ ​ទៅឱ្យ​សហការី ហើយ​ត្រូវគេ​រាយការណ៍​ថា ប៉ុនប៉ង​ដក​ប្រាក់​យ៉ាងច្រើន​ពី​អ្នក​​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សកល​។​

​កាលពី​ខែ​មុន លោក​ជិះ​យន្តហោះ​ទៅមក​រវាង​រុស្ស៊ី អ៊ីស្រា​អែល និង​តួ​ក​គី​ដើម្បី​ជួយ​សម្របសម្រួល​កិច្ចចរចា ហើយ​ថែមទាំង​ធ្វើដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់​ ២ ​ដង ដើម្បី​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី​។ ឆ្លងកាត់​ការ​​ពុះពារ​ឧបសគ្គ លោក អា​ប្រា​ម៉ូ​វិច​ ថែមទាំងត្រូវបាន​គេ​រាយការណ៍​ថា ត្រូវ​ថ្នាំ​បំពុល​ក្នុង​កិច្ចចរចា​សន្តិភាព​នា​រដ្ឋធានី​កៀវ​កាលពីដើម​ខែមីនា​។

​អស់​រយៈពេល ​២ ​ទសវត្សរ៍​មកហើយ ដែល​លោក​អា​ប្រា​ម៉ូ​វិច​បដិសេធ​រាល់​ការលើកឡើង​ដែលថា លោក​គឺជា​មនុស្ស​ជិតស្និទ្ធ​របស់លោក ពូ​ទីន ជួនកាល​លោក​ថែមទាំង​ប្រើការ​គំរាម​​កំហែង​នៃ​សកម្មភាព​ផ្លូវច្បាប់​ក្នុង​តុលាការក្រុង​ឡុង​ដ៍ ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការចោទប្រកាន់​អំពី​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​ជាមួយ​មេដឹកនាំ​រុស្ស៊ី​រូបនេះ​ទៀតផង​។​

​ប៉ុន្តែ​នៅពេល​ទ្រព្យសម្បត្តិ និង​របៀប​រស់នៅ​រប​ស់លោក​ស្ថិតនៅក្រោម​ការគំរាមកំហែង និង​សម្ពាធ ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក ពូ​ទីន ហាក់​ក្លាយជា​អត្ថប្រយោជន៍​សម្រាប់​លោក អា​ប្រា​ម៉ូ​វិច​ ទៅវិញ​។ អ្នកនាំពាក្យ​លោក ពូ​ទីន លោក ឌ្មី​ទ្រី ពេ​ស្កូវ ​(Dmitry Peskov) ​និយាយថា លោក​ អា​ប្រាម៉ូ​វិច ​មិនមែនជា​សមាជិក​ផ្លូវការ​នៃ​គណៈប្រតិភូ​រុស្ស៊ី​ទេ ប៉ុន្តែ​កំពុង​ជួយ​ «​ទំនាក់ទំនង​ជាក់លាក់​រវាង​ភាគី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​»​។​

​ប្រ​ធានា​ធីប​តី​តួ​ក​គី​លោក តៃ​យី​ប អេរ​ដូ​ហ្គែ​ន (Tayyip Erdogan) បាន​និយាយ​ក្នុង​កិច្ចចរចា​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ កាលពី​សប្ដាហ៍​មុន​ថា វត្តមាន​របស់លោក​ អា​ប្រា​ម៉ូ​វិច ​បង្ហាញថា លោក ពូ​ទីន ពិតជា​ «​ជឿជាក់​លើ​លោក​»​។​ កាសែត Financial Times ស្រង់​សម្ដី​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ដែល​និយាយ​ជា​អនាមិក​ថា​៖ «​វា​ហាក់ដូចជា​ពួកគេ (​លោក​ អា​ប្រា​ម៉ូ​វិច​និង​លោក ពូ​ទីន​) ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​អ្វីដែល​ខ្ញុំ​ជឿ​។ លោក​តែងតែ​ស្និទ្ធស្នាល​ជា​មួយ ​ពូ​ទីន ជាង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនដែល​គិតថា លោក​ស្និទ្ធ​បែបនេះ​ទេ​។ គ្មាន​នរណាម្នាក់​បានដឹង​ទេ​»​។

​ក្រោយ​ឃើញ​ពី​ការជាប់​ទាក់​ក្នុង​កិច្ចចរចា​សន្តិភាព លោក ហ្សេ​ឡេ​ន​ស្គី បានស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការដាក់ទណ្ឌកម្ម​លើ​លោក​ អា​ប្រា​ម៉ូ​វិច ​ដូច្នេះ​លោកអាច​បន្តធ្វើ​ដំណើរ​បាន​ឡើងវិញ តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយថា លោក​នៅតែ​មានការ​​សង្ស័យ​អំពី​ហេតុផល​របស់​មហាសេដ្ឋី​រូបនេះ​ដដែល​។ លោក ហ្សេ​ឡេ​ស្គី និយាយ​កាលពី​សប្ដាហ៍​មុន​ថា​៖ «​មនុស្ស​ទាំងអស់នេះ​ខ្លាច​ការដាក់ទណ្ឌកម្ម​ហើយ​ខ្ញុំ​ប្រាកដថា មិន​មានការ​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ​នោះទេ​»​។​

​អ្នក​រិះគន់​របស់លោក​ អា​ប្រា​ម៉ូ​វិច និយាយថា ការជាប់​ទាក់ទង​រប​ស់លោក​ក្នុង​កិច្ចពិភាក្សា​ធ្វើឡើង​ ដើម្បី​សង្គ្រោះ​ទ្រព្យសម្បត្តិ​នៅក្រៅ​ប្រទេស​របស់លោក​។ លោក Vladimir Ashurkov នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ប្រឆាំង​អំពើពុករលួយ​ ដែល​បង្កើតឡើង​ដោយ​សកម្មជន​បក្សប្រឆាំង​រុស្ស៊ី​លោក​ Alexei Navalny និយាយថា​៖ «​ខ្ញុំ​មិន​ប្រាកដថា ការចូលរួម​របស់លោក​ក្នុងការ​សម្រុះសម្រួល​គ្នា​នេះ ពិតប្រាកដ និង​មាន​ប្រសិទ្ធភាព​ប៉ុនណា​នោះទេ​ ឬថា​ តើ​វា​ជា​ឧបករណ៍​សម្រាប់​ទំនាក់​ទំនង​សាធារណៈ​ (PR) ​កម្រិតណា​?»​។ ​លោក Ashurkov បន្តថា​៖ «​លោក ​[​អា​ប្រា​ម៉ូ​វិច​] ​ជា​មនុស្ស​មានគំនិត​ច្នៃ​​ប្រឌិត ហើយ​លោក​មាន​មនុស្ស ដែលមាន​ភាព​ច្នៃប្រឌិត​ធ្វើការ​ឱ្យ​លោក​ដូច្នេះ វា​គ្រាន់តែ​ជា​វិធី​មួយ​ដើម្បី​មានឱកាស​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប៉ុណ្ណោះ​»​។​

​មន្ត្រី​លោកខាងលិច​និយាយថា ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ត្រូវបាន​បង្កើតឡើង​មួយផ្នែក​ដើម្បី​បង្វែរ​ពួក​មហាសេដ្ឋី​រុស្ស៊ី​ឱ្យ​ប្រឆាំងនឹង​លោក ពូ​ទីន​។ ប៉ុន្តែ​មកទល់ពេលនេះ​សង្គ្រាម​បានអូសបន្លាយ​អស់​រយៈ​​ពេល ​៥ ​សប្តាហ៍​ហើយ​នៅតែ​គ្មាន​នរណាម្នាក់​ថ្កោលទោស​លោក​ជា​សាធារណៈ​ទេ​។​

​បុគ្គល​ស្និទ្ធ​នឹង​លោក ​អា​ប្រា​ម៉ូ​វិច ម្នាក់​និយាយ​ជា​អនាមិក​ប្រាប់​កាសែត​ Financial Times​ ថា​៖ «​ពួក​មហា​សេដ្ឋី​មានអំណាច​កាន់តែច្រើន​នៅពេល​ពួកគេ​មានទ្រព្យ​សម្បត្តិ​នៅ​លោកខាងលិច​។ ឥឡូវនេះ​ពួកគេ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​រុស្ស៊ី​។ ពួកគេ​បាន​បាត់បង់​អ្វីៗ​ទាំងអស់ លើកលែងតែ​ទ្រព្យសម្បត្តិ​រុស្ស៊ី​របស់ខ្លួន​។ ​ឥឡូវនេះ ពួកគេ​ត្រូវតែ​ស្តា​ប់លោក​ Putin»​។​

​ដូចគ្នា​ដែរ​លោក ​អា​ប្រា​ម៉ូ​វិច ​ក៏បាន​បដិសេធ​មិនឱ្យ​មានការ​រិះគន់​ចំៗ​អំពី​សង្គ្រាម​របស់​ ពូ​ទីន​។ ប៉ុន្តែ​ក្នុង​សប្តាហ៍​ដំបូង​នៃ​ការ​លុកលុយ កូនស្រី​របស់លោក​ឈ្មោះ Sofia វ័យ ​២៧ ​ឆ្នាំ​បាន បង្ហោះ​សារ​នៅលើ​អ៊ី​ន​ស្តា​ក្រាម​៖ «​ការ​​កុហក​ដ៏​ធំ ​និង​ជោគជ័យ​បំផុត​នៃ​ការឃោសនា​របស់​វិមាន​ក្រឹម​ឡាំង គឺថា​ ប្រជាជន​រុស្ស៊ី​ភាគច្រើន​ឈរ​ជាមួយ ​ពូ​ទីន​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក អា​ប្រា​ម៉ូ​វិច ក៏​កំពុង​ព្យាយាម​រៀបចំ​កិច្ចការជំនួញ​របស់លោក​ឡើងវិញ​។ នៅ​ថ្ងៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន ចាប់ផ្តើម​លោក​បាន​ផ្ទេរ​ការគ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​Norma របស់លោក​ទៅឱ្យ​លោក ​David Davidovich ដែលជា​សហការី​អាជីវកម្ម​ជនជាតិ​អ៊ី​ស្រា​អែល​។ ២ ​ថ្ងៃ​ក្រោយមក ​លោក​ អា​ប្រា​ម៉ូ​វិច ​ផ្ទេរ​ការគ្រប់គ្រង​របស់​ក្លិប​ឆែ​ល​ស៊ី ​Chelsea ទៅកាន់​អ្នកទទួលខុសត្រូវ​នៃ​មូលនិធិ​សប្បុរសធម៌​របស់​ក្លិប ហើយ​ក្រោយមកទៀត​ប្រកាសថា​ចង់​លក់​ក្លិប ដោយ​ប្រាក់ចំណូល​សុទ្ធ​ពី​ការលក់​នេះ​ នឹងត្រូវ​បរិច្ចាគ​ទៅ​មូលនិធិ​សប្បុរសធម៌​ដែល​បង្កើតឡើង​ ដើម្បី​ «​ជួយ​ជនរងគ្រោះ​ទាំងអស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​»​។​

​វត្តមាន​របស់លោក​ អា​ប្រា​ម៉ូ​វិច ​ក្នុង​កិច្ចពិភាក្សា​នៅ​អ៊ី​ស្ដង់​ប៊ុល​ កាលពី​សប្ដាហ៍​មុន​បញ្ជាក់ថា លោក​មាន​តួនាទី​ពិតប្រាកដ​ក្នុង​ដំណើរការ​នេះ​។ ប៉ុន្តែ​វា​មិន​បញ្ជាក់ថា តើ​លោក​មាន​ឥទ្ធិពល​ពិតប្រាកដ​នៅ​ពីក្រោយ​ឆាក​នោះទេ​។​ បុគ្គល​ស្និទ្ធ​នឹង​លោកទទូចថា លោក​ អា​ប្រា​ម៉ូ​វិច ​មិន​ជិតស្និទ្ធ​នឹង​លោក ពូ​ទីន ជាង​មហាសេដ្ឋី​ប៉ុន្មាន​នាក់​ផ្សេងទៀត​ដែល​ប្រធានាធិបតី​រូបនេះ​ជួប​ជា​ទៀងទាត់​នោះទេ​៕

​ហួន ឌី​ណា