
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្រីលង្កា នាពេលកន្លងទៅ។ រូបថត AFP
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្រីលង្កា បានលាលែងពីតំណែង បន្ទាប់មានបាតុកម្មយ៉ាងធំជុំវិញការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។
រដ្ឋមន្ត្រីទាំង ២៦ រូបបានដាក់លិខិតលាលែងពីតំណែង ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ម៉ាហ៊ីនដា រាជប៉ាក់សា និងប្អូនប្រុសរបស់លោក គឺលោកប្រធានាធិបតី ហ្គោតាបៃ រាជប៉ាក់សា មិនបានលាលែងពីតំណែងទេ។
បាតុករខឹងសម្បាជាច្រើន បានទាមទារឱ្យគ្រួសាររាជប៉ាក់សាលាលែងពីតំណែង ហើយបាននិយាយថា ការលាលែងរបស់រដ្ឋមន្ត្រីទាំងនេះគឺគ្មានន័យអ្វីទេ។ កាលពីថ្ងៃអាទិត្យ ប្រជាជនជាច្រើនបានរំលោភបម្រាមគោចរ ហើយធ្វើបាតុកម្មនៅទីក្រុងធំៗជាច្រើន។
បម្រាមគោចរ ការបញ្ជាមិនឱ្យប្រមូលផ្ដុំតាមដងផ្លូវ និងការហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook WhatsApp និង Twitter ត្រូវបានអនុវត្តដើម្បីរារាំងការរៀបចំបាតុកម្ម បន្ទាប់ពីបាតុកម្មកាលពីសប្ដាហ៍មុន នៅវិមានប្រធានាធិបតី បានឈានដល់ការប្រើប្រាស់អំពើហិង្សា។
ប្រទេសនេះគឺកំពុងរងវិបត្តិសេដ្ឋកិច្ចមួយ ដែលអ្នកវិភាគជាច្រើនចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះចាប់តាំងពីទទួលឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៤៨។ មួយផ្នែកធំនៃវិបត្តិនេះគឺបង្កដោយកង្វះរូបិយប័ណ្ណបរទេសនៅក្នុងប្រទេសនេះ ធ្វើឱ្យមានការលំបាកក្នុងការនាំចូលទំនិញសំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងឱសថ។
ប៉ុន្តែបាតុករបានចោទប្រកាន់គ្រួសាររាជប៉ាក់សាថាជាអ្នកបង្កឱ្យមានវិបត្តិនេះ។ បាតុកម្មទាំងនេះគូសបញ្ជាក់អំពីការបង្វែរប្រជាប្រិយភាពរបស់គ្រួសាររាជប៉ាក់សា ដែលទទួលជ័យជម្នះយ៉ាងលើសលប់ក្នុងឆ្នាំ ២០១៩៕