
ស្ថានីយហ្គាសសម្រាប់ចាក់រថយន្តទៅក្នុងទីក្រុងDortmundនៃប្រទេសអាល្លឺម៉ង់ភាគខាងលិច។ AFP
កាលពីថ្ងៃអាទិត្យ ទី ៣ មេសា រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់និយាយថា សហភាពអឺរ៉ុបត្រូវតែពិភាក្សាអំពី ការហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ី បន្ទាប់ពីមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបចោទប្រកាន់កងកម្លាំងរុស្ស៊ីថាប្រព្រឹត្តអំពើព្រៃផ្សៃនៅជិតរដ្ឋធានីកៀវ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី គ្រីស្ទីន ឡាំប្រេក បាននិយាយក្នុងបទសម្ភាស មួយជាមួយភ្នាក់ងារសោតទស្សន៍សាធារណ:ARD ថា៖ «ត្រូវតែមានការឆ្លើយតប។ ឧក្រិដ្ឋកម្មបែបនេះមិនត្រូវនៅតែគ្មានចម្លើយទេ»។
មកទល់ពេលនេះក្រុងប៊ែរឡាំងបានទប់ទល់នឹងការទាមទារឱ្យដាក់ទណ្ឌកម្មលើការនាំចូលថាមពលពីរុស្ស៊ី ដោយនិយាយថាសេដ្ឋកិច្ចរបស់ខ្លួន និងរបស់ប្រទេសអឺរ៉ុបដទៃទៀតពឹងផ្អែកយ៉ាងខ្លាំងលើប្រភពថាមពលនេះ។ ប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រមាណ ៤០ ភាគរយនៃតម្រូវការឧស្ម័នធម្មជាតិរបស់អឺរ៉ុប។
នៅថ្ងៃអាទិត្យដដែល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោករ៉ូប៊ឺត ហាបេកបានបញ្ជាក់ជំហររបស់រដ្ឋាភិបាលម្ដងទៀតថាអាល្លឺម៉ង់នឹងការបន្ថយការនាំចូលថាមពលពីរុស្ស៊ី ប៉ុន្តែមិនអាចកាត់ផ្ដាច់ភ្លាមៗបានទេ។ បើទោះជាយ៉ាងនេះក៏ដោយសម្ពាធផ្ទៃក្នុង កំពុងកើនឡើងក្នុងរដ្ឋាភិបាល ដោយលោកស្រីឡាំប្រេកនិយាយថា សហភាពអឺរ៉ុបនឹងត្រូវការពិភាក្សាការហាមឃាត់។
អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូលនិយាយថា លោកខាងលិច នឹងយល់ព្រមលើការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការប្រកាសទាំងនេះកើតឡើងបន្ទាប់អ៊ុយក្រែនប្រកាសថាខ្លួនបានចាប់ផ្ដើមចូលកាន់កាប់តំបន់ជិតរដ្ឋធានីកៀវវិញហើយ បន្ទាប់ពីការដកថយរបស់កងទ័ពរុស្ស៊ី។ នៅក្រុងប៊ូកា ប្រមាណ ៣៧ គីឡូម៉ែត្រពីក្រុងកៀវ អាជ្ញាធរអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានសម្លាប់រង្គាលជនស៊ីវិលប្រមាណ ៣០០ នាក់។ ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ខណៈពេលដែលលោកសូលបានទាមទារឱ្យអនុញ្ញាតអង្គការអន្តរជាតិដូចជា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចូលទីតាំងទាំងនេះ ដើម្បីធ្វើការកត់ត្រាដោយឯករាជ្យ៕