កាលពី​ចុងខែ​មិនា ប្រជាជន​រស់នៅក្នុង​ក្រុង​សៀង​ហៃ នៃប្រទេស​ចិន បានចាប់ផ្ដើម​ព្រួយ​​បារម្ភ​ថា ការកើនឡើង​យ៉ាងខ្លាំង​នៃ​ចំនួន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ ​១៩ នឹងធ្វើ​ឱ្យមាន​ការបិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​លើ​ក្រុង​របស់​ពួកគេ​។ ការ​ព្រួយ​​បារម្ភ​អំពី​ការបិទ​ខ្ទប់បានធ្វើឱ្យ​មានការ​ផ្អើល​ទិញ​ម្ហូបអាហារ​។​

​រដ្ឋបាល​ក្រុង​នេះ​បាន​ព្យាយាម​កាត់បន្ថយ​ការព្រួយបារម្ភ ដោយ​សរសេរ​លើ​បណ្ដាញ​សង្គម Weibo ថា​៖ «​សូមកុំ​ជឿ ឬ​ផ្សព្វ​​ផ្សាយពាក្យ​ចចាមអារ៉ាម​»​។

​លោក ​វ៉ូ ហ្វា​ន មន្ត្រី​ក្រុមការងារ​ឆ្លើយតប​កូ​វីដ ​១៩ ១ ​រូប ​នៃ​ទីក្រុង​សៀង​ហៃ បាន​និយាយ​ការបិទ​ខ្ទប់​ គឺ​មិនអាច​ធ្វើ​បានទេ​ «​ដោយសារ​ក្រុង​សៀង​ហៃ​មិន​ត្រឹមតែ​សម្រាប់​អ្នក​រស់ក្នុង​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ហើយ ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ផងដែរ​»​។​

​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក រដ្ឋបាល​ក្រុង​សៀង​ហៃ​បានប្រកាស​ការបិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​បំផុត ចាប់តាំងពី​ការបិទ​ខ្ទប់​ទីក្រុង​វូ​ហាន ​កាលពី ២ ​ឆ្នាំមុន​។ ​ការបិទ​ខ្ទប់​ពី​ដំណាក់កាល​ត្រូវបាន​អនុវត្ត ដែល​បំបែក​ក្រុង​សៀង​ហៃ​ជា ​២ ដោយ​យក​ទន្លេ​ជា​ព្រំ​។​

​កាលពី​ពាក់កណ្ដាល​ខែមីនា​ លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង ​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​នៃ​ការកាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋ​​កិច្ច បង្កដោយ​ជំងឺ​កូ​វីដ ១៩ និង​វិធានការ​ប្រឆាំង​វា​។ ការលើកឡើង​របស់លោក​ត្រូវបាន​អ្នកវិភាគ​ជាច្រើន​យល់ឃើញថា​ ជាស​ញ្ញា​នៃ​ការបន្ធូរបន្ថយ​វិធានការ​ដ៏​តឹងរ៉ឹង​របស់ខ្លួន​។ ការបិទ​ខ្ទប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​នេះ គឺ​ការច្រានចោល​យ៉ាងច្បាស់​នៃ​គំនិត​ថា ​ប្រទេស​ចិន នឹង​បន្ធូរបន្ថយ​វិធានការ​របស់ខ្លួន​។​

​រហូតមកដល់​ថ្មីៗ​នេះ ប្រទេស​ចិន ​អាច​មោទនភាព​ថា ខ្លួន​បាន​ទប់ទល់​នឹង​ជំងឺ​កូ​វីដ ១៩ ដោយ​ជោគជ័យ​។ ប៉ុន្តែ​ឥឡូវនេះ ការ​​វិនិយោគ​រយៈពេល ​២ ​ឆ្នាំ ​ទៅលើ​ការបំបាត់​ជំងឺ​កូ​វីដ ​១៩ ​ឱ្យ​ស្មើ​សូន្យ កំពុងស្ថិត​ក្រោម​សម្ពាធ​ដ៏​ខ្ពស់ ខណៈពេលដែល​ប្រទេស​នេះ​បន្ត​រកឃើញ​ការកើនឡើង​ករណី​វិ​ជ្ជ​មាន​រាប់ពាន់​ជា​រៀងរាល់ថ្ងៃ​ បើទោះបី​ជាមាន​វិធានការ​កាន់តែ​តឹងរ៉ឹង​ក៏ដោយ​។​

​ការបិទ​ខ្ទប់​ភ្លាមៗ​របស់​ក្រុង​សៀង​ហៃ ខណៈពេលដែល​ចំនួន​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង​បានធ្វើឱ្យ​សំណួរ​មួយចំនួន​អំពី​ប្រសិទ្ធ​​ភាព​នៃ​វិធានការ​របស់​ចិន​។

​អ្នក​រិះគន់​និយាយថា ការបិទ​ខ្ទប់​បែបនេះ នឹង​ប៉ះពាល់​យ៉ាង​​ខ្លាំង​ដល់​សេដ្ឋកិច្ច និង​កាត់បន្ថយ​សម្ទុះ​កំណើន ខណៈពេលដែល​ទិន្នន័យ​ចេញ​កាលពី​សប្ដាហ៍​មុន​បង្ហាញថា រឿងនេះ​កំពុង​កើតឡើង​រួចទៅហើយ​។ រីឯ​អ្នកគាំទ្រ​វិញ​បាន​និយាយថា វិធានការ​នេះ​គឺ​ជួយផ្ដល់​ស្ថិរភាព​ដល់​វិស័យ​ឧស្សា​ហក​ម្ម និង​ជួយសង្គ្រោះ​ជីវិត​។​

​បន្ថែម​ពីលើ​ក៏មាន​ការខ្វែងគំនិត​គ្នា​ជុំវិញ​កម្មវិធី​ចាក់​វ៉ាក់សាំង​ផងដែរ​។ តួលេខ​ផ្លូវការ​បានបង្ហាញ​ថា ជិត​ ៩០ ភាគរយ​នៃ​ប្រជាជន​ជាង ១,៤ ពាន់​លាន​របស់ខ្លួន​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ​ប៉ុន្តែ​អត្រា​ក្នុងចំណោម​មនុស្ស​ងាយ​រង​ការឆ្លង គឺ​ទាប​ជាង​ក្រុម​​មនុស្ស​ដទៃទៀត​។ បន្ថែម​ពីលើ​នេះ​ប្រទេស​ចិន បាន​ប្រើប្រាស់​តែ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ប៉ុណ្ណោះ ខណៈ​វ៉ាក់សាំង​ទាំងនេះ​មិន​ច្បាស់​ថា​ មាន​ប្រសិទ្ធភាព​ការពារ​ពី​មេរោគ​បំប្លែង​ថ្មី​ឬទេ​។​

​ការបិទ​ខ្ទប់​ក្រុង​សៀង​ហៃ បានអូសបន្លាយ​យូរ​ជាង​ការប្រកាស​រួចទៅហើយ ដែល​ជំរុញឱ្យមាន​ការតវ៉ា​ពី​អ្នករស់នៅ​ក្នុង​ទីក្រុង អំពី​ការលំបាក​នៃ​កង្វះ​ម្ហូបអាហារ និង​ឱសថ ហើយ​បង្កឱ្យមាន​ការ​​ព្រួយបារម្ភ​ថា​ តើ​នឹង​អូសបន្លាយ​យូរ​ប៉ុនណា ប្រសិនបើ​ករណី​វិជ្ជមាន​នៅ​បន្ត​កើនឡើង​។​

​អនាគត​នៃ​វិធានការ​តឹងរ៉ឹង​បែបនេះ គឺ​ពិបាក​នឹង​ព្យាករ​ណាស់​។ ជាគោលការណ៍ វិធានការ​របស់​ចិន មានបំណង​ពន្យារ​ការឆ្លង ដើម្បី​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​វ័យ​ចំណាស់​របស់ខ្លួន​។ ឧទាហរណ៍​នៃ​ការរីក​​រាលដាល​នៅ​ទីក្រុង​ហុងកុង ​បង្ហាញពី​ផលប៉ះពាល់​ធំ​នៃ​ការបរាជ័យ​ក្នុងការ​ធ្វើបែបនេះ​។ ក្នុង​ឆ្នាំ ​២០២១ ហុងកុងបាន​រាយការណ៍​ថា ខ្លួន​គ្មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ទេ ប៉ុន្តែ​នៅ​ខែកុម្ភៈ​ឆ្នាំនេះ​ មេរោគ​អូ​មី​ក្រុង​បាន​វាយលុក​ទីក្រុង​នេះ ដោយ​ក្នុង​រយៈ​ត្រឹមតែ ​២ ​ខែ​ប៉ុណ្ណោះ​ ធ្វើឱ្យមាន​ករណី​ឆ្លង​ជាង ១ លាន និង​ករណី​ស្លាប់​ជាង ៧ ០០០ ជាពិសេស​ក្នុង​ប្រជាជន​មិនបាន​ទទួល​វ៉ាក់សាំង​៕

វីដេអូ៖