យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​​ជំងឺ​របស់​អាមេរិកមេរោគ​បំប្លែង​ BA.2 នៃ​​ពី​វ៉ារ្យង់​អូមីក្រុង​បាន​ឆ្លង​កាន់​តែ​ច្រើនដោយ​រហូត​ដល់​ទៅ​ ៧២ភាគរយ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​សរុប​នៅ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺ​បង្ក​ដោយ​មេរោគ​បំប្លែង​​នេះ​។​

មេរោគ​បំប្លែង ​BA.2 បាន​ក្លាយ​ជាអម្បូរ​​មេរោគ​ចម្បង​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាល​ពី​សប្តាហ៍​មុន​ហើយ​ឥឡូវ​នេះ​ អាច​នឹង​ឆ្លង​លើស​មេរោគ​​បំប្លែង​BA.1​ទៅ​ទៀត​។លោក Ali Mokdadអ្នក​ជំនាញ​ជំងឺ​រាតត្បាត​នៅ​វិទ្យាស្ថាន​តាម​ដាន​និង​ការ​វាយ​តម្លៃ​សុខភាព​ក្នុង​រដ្ឋ​ Washington បាន​ព្យាករ​​ថា​ BA.2 នឹង​បង្ក​រលក​ឆ្លង​ដ៏​ធំ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​។

​បើ​ទោះបី​ជា​​ការ​ប៉ាន់ស្មាន​មួយ​ចំនួន​ខុស​គ្នា​ក៏​ដោយ​ក៏​មេរោគ​បំប្លែង​ BA.2 ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​សមត្ថភាព​ចម្លង​ពី​៣០ភាគរយ​ ទៅ៨០ភាគរយ​​លឿន​ជាង​មេរោគ​បំប្លែង​ BA.1.។​

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ Maria Van Kerkhoveបាន​ពណ៌នា​មេរោគ​បំប្លែង​BA.2 ​ថា​ជា​មេរោគ​ឆ្លង​ច្រើន​បំផុត​រហូត​មក​ដល់​ពេល​នេះ​។​​ការ​​ផ្ទុះ​​ឡើង​​ជាថ្មី​បាន​កើត​​ឡើង​នៅ​ក្នុង​​ប្រទេស​​​​អឺរ៉ុប​ធំៗ​រួម​ទាំង​ចក្រភព​អង់គ្លេស​និង​អាល្លឺម៉ង់​ផង​ដែរ​។

នៅ​សហរដ្ឋអាមេរិកលោក​វេជ្ជបណ្ឌិត​ Anthony Fauciទីប្រឹក្សា​សុខាភិបាល​ជាន់​ខ្ពស់បាន​និយា​យ​ថា​ ការ​ឆ្លង​អាច​កើន​ឡើង​​ប៉ុន្តែ​គាត់​មិន​រំពឹង​ថានឹង​មាន​ការ​​កើន​ឡើ​ង​ដ៏​ធំ​ផ្សេង​ទៀត​នោះ​ទេ​។​លោក ជឿ​ថា​ការ​ឆ្លង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទំនងជា​នឹង​ធ្លាក់​​ចុះ​ក្នុង​រយៈ​ពេល​១ឬ ២សប្ដាហ៍​​ហើយ​បន្ទាប់​មក​ធ្លាក់​​ចុះ​រហូត​ដល់​​រដូវ​រងា​៕