
លោកប្រធានាធិបតីអ៊ុយក្រែនវ៉ុលឌីមៀ ហ្សេលេនស្គី (នៅលើអេក្រង់)ថ្លែងទៅកាន់ជំនួបនៃក្រុមប្រឹក្សាសន្តិសុខUNកាលពីថ្ងៃទី៥ មេសា។ AFP
កាលពីថ្ងៃចន្ទ ទី ៤ មេសា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និយាយថាសហរដ្ឋអាមេរិក នឹងស្នើឱ្យមហាសន្និបាតបោះឆ្នោតព្យួរអាសនៈរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធមនុស្សបន្ទាប់ពីអ៊ុយក្រែនចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានធ្វើការសម្លាប់រង្គាលជនស៊ីវិលនៅជិតរដ្ឋធានីកៀវ។
ការព្យួរអាសនៈប្រទេសណាមួយនៅក្រុមប្រឹក្សាសិទ្ធមនុស្សដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ត្រូវការសំឡេងភាគច្រើន២ភាគ៣នៃប្រទេសជាសមាជិកទាំង ១៩៣ នៃមហាសន្និបាត។
«ការចូលរួមរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជារឿងហួសហេតុ» ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រីលីនដា ថូម៉ាស-ហ្គ្រីនហ្វីលនិយាយបែបនេះហើយបន្តទៀតថា៖ «ហើយជារឿងខុស ដែលជាមូលហេតុដែលយើងជឿថាដល់ពេលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតដកពួកគេចេញ»។
លោកស្រីនិយាយថា លោកស្រីចង់ឱ្យមានការបោះឆ្នោតនៅសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោកវាស៊ីលី ណេបេនហ្សី ដែលហាក់ដូចជាមានភាពខឹងសម្បា បាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីដករុស្ស៊ីចេញពីក្រុមប្រឹក្សា គឺជារឿង «មិនគួរឱ្យជឿ» ហើយបន្ថែមទៀតថាការធ្វើបែបនេះគឺមិនជួយអ្វីដល់ការចរចាសន្តិភាពទេ។
លោកនិយាយថា៖ «នេះជាការមិនធ្លាប់មានម្តងទៀត ហើយនេះនឹងមិនជួយសម្រួល ឬលើកទឹកចិត្ត ឬមានប្រយោជន៍ចំពោះអ្វី ដែលកំពុងកើតឡើងរវាងរុស្ស៊ី និងការចរចាសន្តិភាពអ៊ុយក្រែនឡើយ»។
លោកបន្តលើកឡើងអំពីការច្រានចោលរបស់រុស្ស៊ីថារូបភាព និងវីដេអូនៃសាកសពជនស៊ីវិលនៅអ៊ុយក្រែនគឺត្រូវបាន «រៀបចំដោយ» អ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីនឹងបង្ហាញភ័ស្តុតាងដើម្បីគាំទ្រការច្រានចោលនេះ នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅពេលឆាប់ៗនេះ៕
វីដេអូ៖