​រូបភាព​សាកសពជន​ស៊ីវិល​ដែល​បានស្លាប់​ដេក​នៅលើដងផ្លូវ​នៃ​ទីក្រុង Bucha នៃ ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ខ្លះ​ត្រូវ​ចងដៃ ខ្លះ​មាន​របួស​ដោយ​គ្រាប់កាំភ្លើង​ចំក្បាល ត្រូវបាន​បង្ហោះ និង​លេចចេញ​តាម​Telegram កាលពី​ចុង​​សប្តាហ៍​មុន​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង ​Bucha ប្រ​ធានា​ធិបតី​អ៊ុយ​ក្រែ​ន​ លោក ​Volodymyr Zelenskiy បាន​និយាយថា​៖ «​ទាំងនេះ គឺជាឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយនឹង ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​ថា ជា​អំពើ​ប្រល័យ​​ពូជសាសន៍​»​។​

​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹងដាក់​ទណ្ឌកម្ម​ទីក្រុង​ម៉ូស្គូ​ ជុំវិញ​ការ​​សម្លាប់​ជន​ស៊ីវិល​នៅ​ភាគ​ខាង​​ជើង​ប្រទេស​អ៊ុយ​ក្រែ​ន ​ជា​កន្លែងដែល​គេ​ជីក​ផ្នូរ​ដ៏​ធំ និង​ចង​សាកសព​មនុស្ស​ដែល​ត្រូវបាន​បាញ់​ក្នុង​ចម្ងាយ​ជិត​នៅ​ទីក្រុង​​ Bucha ដែលជា​តំបន់​កងកម្លាំង​រុស្ស៊ី​វាយលុក​។​

​ការរកឃើញ​នេះ ក៏បាន​ពង្រីក​ការអំពាវនាវ​របស់លោក​ខាងលិច​ឱ្យមាន​ការហ៊ុមព័ទ្ធ​លើ​ថាមពល ​និង​ធ្យូងថ្ម​របស់​រុស្ស៊ី​ក៏ដូចជា​ការផ្គត់ផ្គង់​អាវុធ​វាយលុក​បន្ថែមទៀត​ដល់​អ៊ុយក្រែ​ន​ផងដែរ​។​

​រុស្ស៊ីបាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​​សម្លាប់​ជន​ស៊ីវិល​រួមទាំង​រឿង​ក្រុង​ Bucha ផងដែរ​។ លោក​Dmitry Peskov អ្នកនាំពាក្យ​របស់លោក​ ពូ​ទីន កាលពី​ថ្ងៃចន្ទ បាន​បញ្ចេញ​ការសង្ស័យ​យ៉ាងខ្លាំង​លើ​របាយការណ៍​នៃ​ជន​ស៊ីវិល​រាប់រយ​នាក់​ ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង ​Bucha​។​

​លោក​បាន​និយាយថា​៖ «​តាមអ្វីដែល​យើងបានឃើញ​វីដេអូ​ភាគច្រើន​មិនអាច​ជឿទុកចិត្ត​បានទេ​ពីព្រោះ​អ្នកឯកទេស​មកពី​ក្រសួងការពារជាតិ បាន​រកឃើញ​សញ្ញា​នៃ​ការរៀបចំ​វីដេអូ និង​ការ​ក្លែងបន្លំ​»​។​

​បេសកជន​របស់ខ្លួន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក ​Vasily Nebenzya បាន​និយាយថា ប្រទេស​រុស្ស៊ី​ នឹង​បង្ហាញ​ភ័ស្តុតាង​ជាក់ស្តែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​អង្គារ ដែល​បង្ហាញថា ​កងកម្លាំង​របស់ខ្លួន​មិន​ពាក់​​ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​នោះទេ​។​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោក Vladimir Soloviev ដែលជា​ពិធីករ​ទូរទស្សន៍​កំពូល​របស់​រុស្ស៊ី បាន​ប្រាប់​អ្នក​ស្តា​ប់រាប់​​លាន​នាក់​ថា​៖ «​សង្គ្រាម​ប្រឆាំងនឹង​ពួកយើង​បាន​ឈានចូល​ដំណាក់កាល​ថ្មី​មួយ​ហើយ​។​ ពួកគេ​កំពុង​ដឹកនាំ​យើង​តាម​សេណារីយោ​យូ​ហ្គោ​ស្លា​វី​។ នៅពេល​ឆាប់ៗ​នេះ គេ​នឹង​ចោទ​​ប្រកាន់​យើង​ពីបទ​ប្រល័យ​ពូជសាសន៍​»​។ លោកក៏បាន​ចោទប្រកាន់​ជនជាតិ​អង់គ្លេស​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​​បង្ក​ហេតុនេះ​ផងដែរ​។​

​អគ្គ​រដ្ឋអាជ្ញា​រុស្ស៊ីក៏បាន​បន្ថែមថា​៖ «​ការ​ភូតកុហកដែល​រីក​រាលដាល​ដោយ​ភាគីអ៊ុយ​ក្រែ​ន គឺជា​ការ​ញុះញង់​មួយ​ផ្សេងទៀត​ដែលជា​ការ​ភូតកុហក​ដ៏​ឃោរឃៅ​ និង​មានគោលបំណង​ធ្វើឱ្យ​ខូច​កិត្តិយស​ដល់​កងទ័ព​រុស្ស៊ី​នៅក្នុង​លក្ខខណ្ឌ​នៃ​សង្គ្រាម​ព័ត៌មាន និងការឃោសនា​ដែល​បញ្ចេញ​ដោយ​លោកខាងលិច​»​។​

​លោក​បាន​បន្ថែមថា​៖ «​រាល់​ការបង្កើត​និង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​មិន​ពិតដោយ​ចេតនា ក្រោម​ការបង្ហាញពី​របាយការណ៍ ដែល​អាច​ទុក​​ចិត្តបាន​នឹងត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុម​ដដែល​នេះ​»​។​

​ទោះយ៉ាងណា​ក្ដី កាលពី​ថ្ងៃចន្ទ រដ្ឋាភិបាលបាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​ការ​ស៊ើប​​អង្កេត​លើ​ព្រឹត្តិការណ៍​នៅ​ទី​​ក្រុង ​Bucha មិន​ត្រឹម​ករណី​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​មនុស្ស​ជាង​ ២៨០ ​នាក់​នោះទេ ប៉ុន្តែ​ខ្លួន​ក៏​នឹង​ស៊ើប​​អង្កេត​លើ​ករណី​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បង្ខូច​កិត្តិយស​កងទ័ព​រុស្ស៊ី​ផងដែរ​។​

​ដំណើរ​ការធ្វើ​កោសល្យ​វិ​ច័យ​នេះ នឹង​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការទទូច​របស់​វិមាន​ក្រឹម​ឡាំង​ដែលថា កង​​កម្លាំង​របស់ខ្លួន​មិន​ទទួលខុស​​ត្រូវ​ចំពោះ​ការស្លាប់​របស់​ជន​ស៊ីវិល​ហើយ​អំពើ​ឃោរឃៅ​នេះ​ត្រូវបាន​រៀបចំឡើង​ ឬ​ប្រព្រឹត្តឡើង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​ដំណើរ​ទៅកាន់​ទី​តាំង​ដដែល​នេះ ​លោក Zelensky បាន​បន្ថែមថា ការ​ស៊ើប​អង្កេត​នឹងត្រូវ​ធ្វើឡើង​ដោយ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​។ ​លោក​បាន​មាន​ប្រសា​សន៍​ថា​៖ «​ខ្ញុំ​គិតថា យើង​មាន​កម្លាំង​គ្រប់គ្រាន់​នៅទីនេះ ប៉ុន្តែ​យើង​ត្រូវការ​អ្នកជំនាញ​ខ្លះ​»​។​

​លោកស្រី​ Iryna Venedyktova អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយថា​ សាកសព​ជន​ស៊ីវិល​ចំនួន ​៤១០ ​នាក់ ត្រូវបាន​រកឃើញ​ពី​តំបន់​ជុំវិញ​ទីក្រុង​កៀវ​ កាលពី​ចុង​សប្តាហ៍​មុន ហើយ ១៤០ នាក់ ក្នុងចំណោម​សាកសពទាំងនោះ ត្រូវបាន​ពិនិត្យ​រួច​​ហើយដោយ​រដ្ឋអាជ្ញា​តាមរយៈ​ការយក​គំរូ​ DNA ពី​អ្នក​ឯក​ទេស​។​

​លោកស្រីបាន​និយាយថា​៖​ «​នៅលើ​ទឹកដី​ដែល​ត្រូវបាន​ជម្រះ​នៃ​តំបន់​កៀវ គេ​ឃើញ​មាន​ភ័ស្តុតាង​សំខាន់ៗ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​»​។​

​អាជ្ញាធរ​អ៊ុយ​ក្រែ​នបាន​និយាយ​ថា បុគ្គលិក និង​រដ្ឋអាជ្ញា​ជាតិ​ជាង​ ៥០ ​នាក់ ឥឡូវនេះ​បាន​ចូលរួម​ក្នុងការ​ស៊ើប​អង្កេត​នៅក្នុង​តំបន់​នៃ​ទីក្រុង​កៀវ និង​ Chernihiv ដែល​ដណ្តើមបាន​មកវិញ​ពី​កង​កម្លាំង​រុស្ស៊ី​។ ការិយាល័យ​អគ្គ​រដ្ឋអាជ្ញាបាន​និយាយថា​ ខ្លួន​នឹង​បង្កើន​ចំនួន​ប្រតិបត្តិ​​ការស៊ើបអង្កេត​ ដើម្បី​ធានាបាន​នូវ​ការប្រមូល​ភ័ស្តុតាង​នៃ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​បាន​លឿន ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕