អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​​ជាតិ​ លោក Antonio Guterres បាន​និយាយថា ការសម្រេចចិត្ត​របស់​ពួក​​តា​លី​បង់​ក្នុងការ​ហាមឃាត់​ការអប់រំ​កុមារី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​គឺជា​ការរំលោភ​សិទ្ធិ​ស្មើគ្នា​ និង​មិន​សម​ហេតុ​​ផល​ហើយនឹង​អាច​បំផ្លាញ​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​

​លោក Guterres បាន​និយាយថា​៖ «​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​ក្រុម​តា​លី​បង់ បាន​ហាមប្រាម​ការអប់រំ​រប​ស់​ក្មេងស្រី​លើសពី​ថ្នាក់​ទី​៦ ហើយ​សកម្មភាព​នេះ​ជាការ​រំលោភសិទ្ធិ​ស្មើគ្នា​និង​មិន​សម​ហេតុផល​ដែល​ធ្វើឱ្យ​ខូច​ដល់​ប្រទេស​ទាំងមូល​»​។​

​ប្រធាន​អង្គការសហប្រជាជាតិ បាន​និយាយ​បន្ថែមទៀតថា​ការគាំទ្រ​សម្រាប់​ស្ត្រី ​និង​កុមារី​អា​ហ្វ​ហ្គា​នី​ស្ថាន ​គឺជា​ការ​​គាំទ្រ​ដែល​ជួយ​ឱ្យ​កុមារ​ចៀស​ផុតពី​ភាព​​ស្រេកឃ្លាន​ និង​សហគមន៍​ចេញពី​ភាពក្រីក្រ​។​

​ការសម្រេចចិត្ត​នៅក្នុង​កិច្ចប្រជុំ​គណៈ​​រដ្ឋមន្ត្រី​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង Kandahar កាលពី​យប់​ថ្ងៃទី ​២២ ខែមីនា​​ ដែលជា​ការសម្រេចចិត្ត​មួយ​ដែល​បង្កឱ្យមាន​ការមិន​ជឿ​សូម្បីតែ​នៅក្នុង​រង្វង់​ខាងក្នុង​របស់​ពួក​តា​លី​បង់​។​

​ការសម្រេចចិត្ត​របស់​ក្រុម​នេះ ​ធ្វើឱ្យមាន​ប្រតិកម្ម​យ៉ាងធ្ងន់ធ្ង​រ​នៅ​ទូទាំង​ពិភពលោក​ដោយសារ​រដ្ឋ​មន្ត្រី​ការបរទេស កាណាដា​ បារាំង អ៊ី​តា​លី ន័​រ​វែ​ស ចក្រភព​អង់គ្លេស ​និង​សហរដ្ឋអាមេរិក ថ្កោលទោស​ការ​សម្រេចចិត្ត​របស់​ក្រុមតា​លី​បង់ ​ក្នុងការ​​បដិសេធ​ក្មេងស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​នាក់​ភ្លាមៗ​ ក្រោយ​អនុញ្ញាតឱ្យពួកគេ​ត្រឡប់​ទៅ​សាលារៀន​វិញ​។​

​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​អប់រំ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា លោក​មាន​អារម្មណ៍​សោកស្ដាយ និង​អស់សង្ឃឹម​ដូចគ្នា​ចំពោះ​ការសម្រេច​ចិត្ត​របស់​ថ្នាក់ដឹកនាំ​៖ «​ពួកគេ​បានសម្រេច​ចិត្ត​បិទ​សាលារៀន​។​ យើង​មិនដឹង​អំពី​រឿងនេះ​ទេ​។​ ប្រសិនបើ​ពួកគេ​បញ្ជា​ឱ្យ​ពួកយើង​បើក​ឥឡូវនេះ យើង​នឹង​បើក​សាលារៀន​ឡើងវិញ​សម្រាប់​នៅ​ថ្ងៃស្អែក​តែម្ដង​»​។​

​ជំហាន​នេះ ​បានធ្វើឱ្យ​មានការ​ភ័យ​​ខ្លាច​ដ៏​អាក្រក់​បំផុត​ដល់​ស្ត្រី​ជាច្រើន​ជាពិសេស​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ថ្មី​។ ​មនុស្ស​ជាច្រើន​ស្គាល់​ពួកគេ​ថា ​ជា «​តា​លី​បង់ 2.0» ជា​ចលនា​លើក​ទី​ ២ ​នៃ​ចលនា​ដែល​បាន​គ្រប់គ្រង​ភាគ​​ច្រើន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ពី​ឆ្នាំ ​១៩៩៦ ដល់​ឆ្នាំ ​២០០១ ហើយ​បាន​ឡើងកាន់​អំណាច​ម្តងទៀត​កាលពី​ខែសីហា មុនពេល​មាន​ភាពវឹកវរ​នៃ​ការ​ ដកទ័ព​របស់​សហរ​ដ្ឋ​អាមេរិក​។​

​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​មាន​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្នប្រយែង​ថា សង្គ្រាមស៊ីវិលបានបញ្ចប់​ហើយ​បាននិងកំពុង​រក្សា​ការវិនិច្ឆ័យ​ថា រដ្ឋាភិបាល​ថ្មី​នឹងមិន​កើតឡើង​ម្តងទៀត​ដូច​របប​តា​លី​បង់​មុន​ដែល​ហាមឃាត់​ការអប់រំ​ស្ត្រី​រួមជាមួយ​នឹង​ការ​ច្រៀង​រាំ និង​សូម្បីតែ​ការហោះហើរ​ខ្លែង​ក្នុងចំណោម​ពួក​​គេ​ ដែលជា​ច្បាប់​មួយ​ក្នុងចំណោម​ច្បាប់​តឹង​រ៊ឹ​ង​ផ្សេងទៀត​ ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ច្បាប់​អ៊ិ​ស្លាម​។​

​ការអប់រំ​របស់​ស្ត្រី​ក៏​ជាការ​ធ្វើតេស្ត​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ជាច្រើន​ដែល​កំពុង​ពិចារណា​ថា ​តើ​ត្រូវ​ទទួលស្គាល់​របប​តា​លី​បង់​ដែរឬទេ​?​ គោល​​នយោបាយ​បញ្ច្រាស​លើ​ការសិក្សា​របស់​ក្មេងស្រី​ គឺជា​ឧបសគ្គ​ដ៏​ធំ​ចំពោះ​ជំនួយ​ពី​ម្ចាស់ជំនួយ​ពី​ខាងក្រៅ​ដែល ស្មើនឹង ៤៩​ ភាគរយ ​នៃ​ការចំណាយ​លើ​ការអប់រំ​ជាតិ​ក្នុង​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​អង្គការ​យូណេស្កូ​។​

​បន្ទាប់ពី​ពួក​តា​លី​បង់​បាន​ហាមឃាត់​ការអប់រំ​កុមារី​ជាន់ខ្ពស់​ធនាគារ​ពិភព​​លោក​បាន​ផ្អាក​គម្រោង​ចំនួន ​៤ ​ដែលមាន​តម្លៃ ៦០០ លាន​ដុល្លារ ​ដែលមាន​បំណង​គាំទ្រ​ការថែទាំ​សុខភាព​ការអប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​សំខាន់​ជាងនេះទៅទៀត​ គឺ​ឥទ្ធិពល​សេដ្ឋកិច្ច ​និង​សង្គម​រយៈពេល​វែង​នៃ​ការពន្យារពេល​ការសិក្សា​របស់​ក្មេងស្រីនៅក្នុង​ប្រទេសមួយ​ដែល​រួច​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់មាន​។ ប្រជាជន​រហូតដល់ ៩៧ ភាគរយ​ត្រូវបាន​ព្យាករថា ​នឹង​ធ្លាក់​ចុះក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០២២​។ ​នេះ​បើ​យោងតាម​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។​

​ក្នុង​រយៈពេល​ ៨ ខែ​កន្លងមកនេះ​ ប្រជា​ជន​ជិត ​៤០ លាន​នាក់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​អស់សង្ឃឹម​កាន់តែខ្លាំង​ឡើង​ដោយ​ទន្ទឹងរង់ចាំ​ជំនួយ​អន្តរជាតិ ដែល​កំពុង​ជាប់​នៅក្នុង​ការិយាធិបតេយ្យ​។​

​របាយការណ៍​ខែធ្នូ ឆ្នាំ ​២០២១ របស់ UN Women បាន​ប៉ាន់ប្រមាណ​ថា ការ​រឹតត្បិត​ស្ត្រី​ពី​កម្លាំង​ពលកម្ម​អាចធ្វើឱ្យ GDP របស់​ប្រទេស​ធ្លាក់ចុះ​ ៥ ​ភាគរយ ​ឬ​នាំឱ្យ​បាត់បង់​សេដ្ឋកិច្ច​ភ្លាមៗ​រហូតដល់ ​១ ពាន់​លាន​ដុល្លារ​។​

​លោកស្រី Sarah Knibbs ​មន្ត្រី​ទទួលបន្ទុក​កិច្ចការនារី​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​ប្រាប់​សារព័ត៌មាន Nikkei Asia ថា​៖ «​ស្ថានភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​វិបត្តិ​មនុស្សធម៌​ដ៏​លំបាក​ជាមួយនឹង​វិមាត្រ​យេនឌ័រ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ និង​ធ្ងន់ធ្ងរ​។ ​ឧបសគ្គ​ខាង​វប្បធម៌​មានន័យថា ស្ត្រី​ត្រូវ​ទទួលបាន​សេវា​ពី​ស្ត្រី​ដូច្នេះ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ជំនួយ​មនុស្សធម៌ គឺ​ចាំបាច់​ដើម្បី​ធានា​ដល់​ការផ្តល់សេវា​សង្គ្រោះ​ជីវិត​»​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ស្តីទី Sheikh Mawlawi Noorullah Moneer​ បាន​សង្កត់ធ្ងន់​លើ​ភាពប្រែប្រួល​នៃ​វប្បធម៌​ជាជាង​មនោគមន៍វិជ្ជា​សាសនា​នៅក្នុង​បទ​សម្ភាស​ជាមួយ Nikkei​។ លោកបាន​ពន្យល់ថា អា​ហ្វ​ហ្គា​នី​ស្ថាន​ គឺជា​សង្គម​អភិរក្ស​យ៉ាង​ជ្រាលជ្រៅ​ជាពិសេស​នៅក្នុង​តំបន់​ជនបទ​របស់ខ្លួន ដែលភាគច្រើន​ត្រូវបាន​បំភ្លេចចោល​ដោយ​របប​មុន​ក្នុង​ការបង្កើត​គោលនយោបាយ​របស់ខ្លួន​។​

​លោក​អះអាងថា បើទោះជា​រដ្ឋាភិបាល​បើក​សាលារៀន​នៅ​ទូទាំងប្រទេស​ក៏ដោយ​ក៏​គ្រួសារ​តែ ១​ ភាគរយ ទៅ ​២ ​ភាគរយប៉ុណ្ណោះ​ ដែល​សម្រេចចិត្ត​បញ្ជូន​កូនស្រី​ទៅ​សាលារៀន​៕

វីដេអូ៖