
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអឺស៊ូឡា វ៉ុន ឌែរ ឡេយែន។ AFP
កាលពីថ្ងៃអង្គារទី ៥ មេសា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ឌែរ ឡេយែនបានប្រកាសថាគណៈកម្មការនឹងចាប់ផ្ដើមដំណើរការដើម្បីកាត់ផ្ដាច់ការផ្ដល់ជំនួយហិរញ្ញវត្ថុទៅឱ្យប្រទេសហុងគ្រីជុំវិញការរំលោភស្តង់ដានីតិរដ្ឋរបស់សហភាពអឺរ៉ុប។
នេះគឺលើកទី១ នៃការអនុវត្តយន្តការលក្ខខណ្ឌថ្មីដែលអនុញ្ញាតឱ្យសហភាពអឺរ៉ុប ចាត់វិធានការដើម្បីការពារកញ្ចប់ថវិការបស់ខ្លួន បន្ទាប់ពីតុលាការកំពូលរបស់ប្លុក បានសម្រេចកាលពីកុម្ភៈថាយន្តការនេះមានមូលដ្ឋានស្របច្បាប់ត្រឹមត្រូវ។
ការប្រកាសរបស់លោកស្រីវ៉ុន ឌែរ ឡេយែន នៅសភាអឺរ៉ុប បានកើតឡើង២ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រីវិចទ័រ អ័រ បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ហើយទទួលយកអាណត្តិកាន់អំណាចជាលើកទី៤។
ប្រទេសហុងគ្រី ដែលជាអ្នកទទួលការផ្គត់ផ្គង់ហិរញ្ញវត្ថុដ៏ធំមួយពីសហភាពអឺរ៉ុប បានស្ថិតក្រោមការរិះគន់កាន់តែខ្លាំងឡើងពីសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការងាកចេញពីបទដ្ឋានប្រជាធិបតេយ្យ ដោយអនុវត្តគោលនយោបាយដូចជាការបង្កើនការគ្រប់គ្រងហួសហេតុទៅលើប្រព័ន្ធតុលាការ ការរារាំងសេរីភាពសារព័ត៌មាន និងការបំបាត់សិទ្ធិ LGBT+ ។
លោកស្រីវ៉ុន ឌែរ ឡេយែន និយាយថាគណៈកម្មការមិនទុកចម្លើយរបស់ហុងគ្រីចំពោះសំណួរអំពីបញ្ហានីតិរដ្ឋ ហើយសន្និដ្ឋានថាត្រូវតែចាត់វិធានការកាត់ផ្ដាច់នេះ។ លោកស្រីនិយាយថាលិខិតជូនដំណឹងជាផ្លូវការ នឹងត្រូវផ្ញើទៅហុងគ្រីក្នុងពេលឆាប់ៗនេះ៕