ក្នុង​រយៈពេល​ត្រឹម ៤៨ ​ម៉ោងប៉ុណ្ណោះ មន្ត្រីការទូត​រុស្ស៊ី​ជាង ២០០ នាក់​ ត្រូវបាន​បណ្ដេញ​ចេញពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។ ជា​ផ្លូវការ​មន្ត្រី​ការទូត​ទាំងនេះ​ប្រឈមមុខ​នឹង​ការ​ចោទ​​ប្រកាន់​ថា បាន​ចូលរួម​ក្នុង​សកម្មភាព​ចារកម្ម ប៉ុន្តែ​គេ​យល់ឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា ការបណ្ដេញចេញ​ទាំង​នេះ គឺជា​ប្រតិកម្ម​ទៅនឹង​ការ​ចោទ​ប្រ​កាន់​ថា កង​យោធា​រុស្ស៊ីបានសម្លាប់​​រង្គាល​ជន​ស៊ីវិល​រាប់រយ​នាក់​នៅ​ជិត​រដ្ឋធានី​កៀវ របស់​អ៊ុយ​ក្រែ​ន​។​

​ក្នុងការ​បែកបាក់​ការទូត​ធំ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ មន្ត្រីការទូត និង​បុគ្គលិក​ស្ថានទូត​រុស្ស៊ី ២០៦ ​នាក់ ​បានទទួល​ដំណឹង​ថា ពួកគេ​មិន​ត្រូវបាន​ស្វាគមន៍​ឱ្យ​រស់នៅ​ក្នុងប្រទេសអ៊ី​តា​លី បារាំង អាល្លឺម៉ង់ និង​ប្រទេស​ដទៃទៀត​។ នេះ​គឺ​បន្ថែម​ពីលើ​មន្ត្រី​ការទូត​ជាង ១០០ ​នាក់​ដទៃទៀត​ ដែល​ត្រូវបាន​បណ្ដេញចេញ ចាប់តាំងពី​រុស្ស៊ី​ចូលលុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន ​កាលពី​ថ្ងៃទី ​២៤​កុម្ភៈ ធ្វើឱ្យ​តួលេខ​សរុប​កើន​ដល់ ៣២៥ ដោយ​រំពឹងថា នឹងមាន​ការបណ្ដេញ​បន្ថែមទៀត​។​

​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​ដេញ​មន្ត្រីការទូត​រុស្ស៊ី​ចំនួន ៤០ ​រូប ដោយ​អះអាងថា ពួកគេ​គំរាមកំហែង​ដល់​ជនជាតិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​អាល្លឺម៉ង់​។ ប្រភព​ចារកម្ម​អាល្លឺម៉ង់ បាន​អះអាងថា រុស្ស៊ី​មាន​ភ្នាក់ងារ​ចារកម្ម​យ៉ាងហោចណាស់ ២ ០០០​ នាក់​ ក្នុងប្រទេស​​អាល្លឺម៉ង់​។​

​ស្របពេល​ជាមួយគ្នានេះ ប្រទេស​​បារាំង ​បាន​បើក​ការស៊ើបអង្កេត​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​លើ​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ករណី​សម្លាប់​អ្នក​​សារព័ត៌មាន​បារាំង​លោក ​ព្យែ​រ ហ្សា​ក់​​សេ​ហ្វ​ស្គី ​នៅ​ជាយក្រុង​កៀវ កាលពី​ខែ​មុន​៕

វីដេអូ៖

​​