រុស្ស៊ី​បាន​ព្រមាន​បណ្ដា​ប្រទេស​នៅ​អង្គការ​សហប្រជាជាតិ​ថា​ការ​បោះឆ្នោត​គាំទ្រ ឬ​អនុបវាទ​លើ​សំណើ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ព្យួរ​អាសនៈ​របស់​ក្រុង​មូស្គូ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធ​មនុស្ស​ នឹង​ត្រូវ​ចាត់​ទុក​ជា​ «កាយ​វិការ​អរិភាព» ដែល​នឹង​បង្ក​ផល​វិបាក​ដល់​ទំនាក់ទំនង​ទ្វេភាគី។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Reuter ដែល​បាន​ឃើញ​លិខិត​មួយ​ចែកចាយ​ដោយ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ ទី​៦ មេសា​។

កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ប្រកាស​ថា ​ខ្លួន​នឹង​នាំមុខ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ព្យួរ​អាសនៈ​របស់​រុស្ស៊ី​នៅ​ក្រុមប្រឹក្សា​នេះ ​បន្ទាប់​ពី​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​កង​យោធា​បាន​សម្លាប់​រង្គាល​ជន​ស៊ីវិល​រាប់រាយ​នាក់​នៅ​ជិត​រដ្ឋធានី​គៀវ​។

ប្រទេស​ជា​សមាជិក​​ទាំង​ ១៩៣ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គ្រោង​បោះឆ្នោត​លើ​សំណើ​របស់​សហរដ្ឋអាមេរិក​។ គេ​ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ ២ ភាគ ៣ ដើម្បី​ព្យួរ​អាសនៈ​ប្រទេស​ណា​មួយ​ពី​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​នៅ​ក្រុង​ហ្សឺណែវ​ ជុំវិញ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​ ឬ​ជា​ប្រព័ន្ធ​។

បេសកកម្ម​ការទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ប្រទេស​នានា​ «និយាយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ប្រឆាំង​នឹង​រុស្ស៊ី​»។ លិខិត​នេះ​សរសេរ​ថា​ «វា​មាន​តម្លៃ​ក្នុង​ការ​និយាយ​ថា​មិន​ត្រឹម​តែ​ការ​គាំទ្រ​ចំពោះ​សំណើ​បែប​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជំហរ​ស្មើ​គ្នា​ក្នុង​ការ​បោះឆ្នោត​ (អនុបវាទ ឬ​អវត្តមាន) ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​កាយ​វិការ​អរិភាព​ផង​ដែរ​។

បន្ថែម​ពី​លើ​នេះ​ពួកគេ​សរសេរ​ថា ​ជំហរ​របស់​ប្រទេស​នីមួយៗ​ «នឹង​ត្រូវ​យក​មក​ពិចារណា​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី»​

បេសកកម្ម​ការទូត​បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​ ដោយ​សារ​លិខិត​នេះ​គឺ​មិន​មែន​ជា​រឿង​សាធារណ​ទេ​។ រុស្ស៊ី​គឺ​កំពុង​នៅ​ឆ្នាំ​ទី​២ ​នៃ​អាណត្តិ​បី​ឆ្នាំ​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​៕

វីដេអូ៖