ប៉ូលិសចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា ឆ្មាំសន្តិសុខនៅស្ថានទូតអង់គ្លេសនៅទីក្រុងប៊ែរឡាំង ត្រូវបានធ្វើបត្យាប័នពីប្រទេសអាល្លឺម៉ង់ និងត្រូវបានចោទប្រកាន់ពីបទចារកម្មសម្រាប់ប្រទេសរុស្ស៊ី។

កម្លាំងប៉ូលិសក្រុងបាននិយាយថា លោក David Ballantyne Smith អាយុ ៥៧ ឆ្នាំ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអង់គ្លេសវិញ កាលពីថ្ងៃពុធ។ លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៩ នៅក្រោមច្បាប់សម្ងាត់ផ្លូវការ ដែលទាក់ទងនឹងការប្រមូល និងការទំនាក់ទំនងព័ត៌មានដែលមានប្រយោជន៍សម្រាប់រដ្ឋរុស្ស៊ី»។

លោក Smith នឹងត្រូវបង្ហាញខ្លួននៅតុលាការក្រុងឡុងដ៍នៅថ្ងៃ ព្រហស្បតិ៍។

ប៉ូលីសបាននិយាយថា បទល្មើស ដែលបានចោទប្រកាន់បានកើតឡើងនៅចន្លោះខែតុលា ឆ្នាំ ២០២០ ដល់ខែសីហា ឆ្នាំ ២០២១ នៅពេល ដែលលោក Smith ត្រូវបានចាប់ខ្លួន ដោយប៉ូលីសអាល្លឺម៉ង់នៅផ្ទះរបស់គាត់នៅទីក្រុង Potsdam ភាគនិរតីនៃទីក្រុងប៊ែរឡាំង។

លោក Nick Price ប្រធានផ្នែកឧក្រិដ្ឋកម្មពិសេស និងប្រឆាំងភេរវកម្មនៅសេវាព្រះរាជអាជ្ញារបស់ចក្រភពអង់គ្លេស បាននិយាយថា លោក Smith ត្រូវបានចោទប្រកាន់ពីបទបទល្មើសចំនួន ៧ នៃការប្រមូលព័ត៌មានក្នុងចេតនាបញ្ជូនវាទៅអាជ្ញាធររុស្ស៊ី ការប៉ុនប៉ងទំនាក់ទំនង ១ ករណី និងការផ្តល់ព័ត៌មានដល់បុគ្គល ដែលគាត់ជឿថា ជាសមាជិកនៃអាជ្ញាធររុស្ស៊ី ១ ករណី»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ ប្រទេសអាល្លឺម៉ង់ បានបណ្ដេញអ្នកការទូតរុស្ស៊ី ៤០ នាក់ ដែលខ្លួនចោទថាជាអ្នកស៊ើបការណ៍។ ចក្រភពអង់គ្លេសចោទប្រកាន់ឆ្មាំស្ថានទូតក្រុងប៊ែរឡាំង ពីបទចារកម្មឱ្យរុស្ស៊ីផងដែរ៕