នៅ​ថ្ងៃទី ​៣ ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី ​អឺ​ស៊ូ​ឡា​វ៉ុ​ន ឌែ​រ​ឡេ​យែ​ន បាន​ចំ​​ណាយ​ពេល​ពេញ​១​ថ្ងៃនោះ នៅក្នុង​ប៊ុ​យ​រ៉ូ​របស់លោក​ស្រីនិយាយ​ទូរស័ព្ទ​ដើម្បី​ស្វែងរក​ចំណុច​មូល​​មតិ​គ្នា​ក្នុងចំណោម​រដ្ឋាភិបាល​លោកខាងលិច​អំពី​ការដាក់​ទណ្ឌ​កម្ម​ហិរញ្ញវត្ថុ ​និង​សេដ្ឋកិច្ចដ៏​ទូលំ​ទូលាយ និង​ធ្ងន់ធ្ងរ​បំផុត​ដែល​បានដាក់​លើស​ត្រូវ​។ ​ប៉ុន្តែ​ក្នុង​ដំណើរការ​នេះ​លោកស្រី​បាន​ជួប​ឧបសគ្គ​មួយ​។​

​កិច្ចព្រមព្រៀង​ជិត​ឈានដល់​ ប៉ុន្តែ​នៅ​ក្រុង​វ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក​លោកស្រី​ ចា​ណេ​ត ឡេ​យែ​ន គឺ​នៅ​ពិនិត្យ​លើ​សេចក្ដីលម្អិត​លើ​វិធានការ​ធ្ងន់ធ្ងរ​បំផុត​ គឺ​ការដាក់ទណ្ឌកម្ម​ដោយផ្ទាល់​លើ​ធនាគារកណ្ដាល​រុស្ស៊ី​។ សហរដ្ឋអាមេរិក គឺជា​កម្លាំង​ជំរុញ​ចម្បង​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ប៉ុន្តែ​ហាក់ដូចជា មាន​ភាពស្ទាក់ស្ទើរ​លើ​វិធានការ​នេះ​។ ខណៈពេលដែល​លោកស្រី​ ឡេ​យែ​ន ពិនិត្យ​លើ​ព័ត៌មាន​លម្អិត​ភាគី​សហភាព​អឺរ៉ុប​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា​ផែនការ​នេះ នឹង​អាច​បែកធ្លាយ​ទៅ​រុស្ស៊ី ហើយ​ព្យា​យាម​? ​ជំរុញឱ្យមាន​ការអនុវត្ត​ឱ្យ​បាន​ឆាប់​បំផុត​។ ​មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​បានបង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការពន្យារ​ពេលនេះ​។​

​លោកស្រី​ វ៉ុ​ន​ឌែ​រ​ឡេ​យែ​ន​ បានធ្វើ​ការហៅ​ទូរស័ព្ទ​ទៅកាន់​នា​យក​រដ្ឋមន្ត្រីអ៊ីតា​លី​លោក ​ម៉ា​រី​អូ​-ដ្រា​ហ្គី ដើម្បី​ជំរុញ​ឱ្យ​លោក​ធ្វើការ​បញ្ចុះបញ្ចូល​និង​ពន្យល់​លោកស្រី​ យែ​ឡេ​ន ​ដោយផ្ទាល់​។ លោក ដ្រា​ហ្គី បាន​ប្រើប្រាស់ «​វេទមន្ត​» របស់លោក​ទៅលើ​លោកស្រី​ យែ​ឡេ​ន ​ហើយ​នៅ​ល្ងាច​នោះ​អាមេរិក​បាន​យល់ព្រម​លើ​ការដាក់ទណ្ឌកម្ម​។​

​លោកស្រី ​ឡេ​យែ​ន ដែលជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារកណ្ដាល​អាមេរិក និង​លោក ដ្រា​ហ្គី ​ដែលជា​អតីត​ប្រធាន​ធនាគារកណ្ដាល​អឺរ៉ុប ​គឺជា​មន្ត្រី​ជើងចាស់​ដែល​ដឹង​យ៉ាងច្បាស់​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​វិបត្តិ​សេដ្ឋកិច្ច​។​

​ពួកគេ​មាន​បទពិសោធ​ស្ដារ​​សេដ្ឋកិច្ច​ហើយ​ផ្ដល់​ភាព​ស្ងប់​ និង​ស្ថិរភាព​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​កំពុងមាន​ភាព​ភ័យ​ស្លន់ស្លោ​។ ​ប៉ុន្តែ​ក្នុងករណីនេះ​លោកស្រី​ យែ​ឡេ​ន និង​លោក ដ្រា​ហ្គី ​បាន​យល់ព្រម​លើ​ផែន​ការ​បង្កក​ស្តុក​បម្រុង​រូបិយប័ណ្ណ​បរ​​ទេស​របស់​ធនាគារកណ្ដាល​រុស្ស៊ី​ស្មើនឹង ៦៤៣​ ពាន់​លាន​ដុល្លារ​ ដែល​ស្មើនឹង​ការប្រកាសសង្គ្រាម​ហិរញ្ញវត្ថុ​ជាមួយនឹង​រុស្ស៊ី​។​

​នេះ គឺជា​ប្រភេទ​សង្គ្រាម​ថ្មី​បំ​​ផុត​ដែល​ធ្វើឱ្យ​ដុល្លារ​អាមេរិក​ និង​រូបិយប័ណ្ណ​លោកខាងលិច​ដទៃទៀត​ឱ្យ​ក្លាយជា​អាវុធ​ ដើម្បី​ដាក់ទណ្ឌកម្ម​លើស​ត្រូវ​របស់​ពួកគេ​។ វា​គឺជា​វិធីសាស្ត្រ​ជម្លោះ​ថ្មី​មួយ​ដែល​ត្រូវ​បង្កើតឡើង​ក្នុង​រយៈពេល​ ២ ទសវត្សរ៍​ចុងក្រោយ​នេះ​។ ប្រជាជន​អាមេរិក​មាន​ភាព​ធុញទ្រាន់​ចំពោះ​អន្តរាគមន៍​យោធា និង​អ្វីដែល​គេ​ហៅថា «​សង្គ្រាម​គ្មាន​ទីបញ្ចប់​»​។ បច្ចុប្បន្ន​សង្គ្រាម​ហិរញ្ញវត្ថុ​បាន​បំ​​ពេញ​ចន្លោះប្រហោង​មួយផ្នែក​នៃ​ការចៀសវាង​សង្គ្រាម​ប្រដាប់​អា​​វុ​ធ​។ ក្នុងករណី​គ្មាន​ជម្រើស​យោ​​ធា ឬ​ការទូត​ច្បាស់លាស់ ការដាក់​​ទណ្ឌកម្ម ជាពិសេស​ទណ្ឌកម្ម​បាន​ក្លាយជា​ជម្រើស​ចម្បង​នៃ​គោល​នយោបាយ​សន្តិសុខ​។​

​ការធ្វើឱ្យ​ហិរញ្ញវត្ថុ​ក្លាយជា​អាវុធ មាន​ផលប៉ះពាល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អនាគត​នៃ​នយោបាយ និង​សេដ្ឋកិច្ច​អន្តរជាតិ​។ ការ​សន្មត​​ជាច្រើន​ក្នុង​យុគសម័យ​ក្រោយ​សង្គ្រាមត្រជាក់​ត្រូវបាន​គេ​ចាត់ទុកជា​មោ​ឃៈ​។ សកល​ភា​វូប​នី​យ​​កម្ម ធ្លាប់​ត្រូវបាន​គេ​គាំទ្រ​ជា​រនាំង​បង្ការ​មិន​ឱ្យមាន​ជម្លោះ ដោយ​រំពឹងថា បណ្ដាញ​នៃ​ភាព​អាស្រ័យ​លើ​គ្នា​ទៅវិញទៅមក នឹង​ធ្វើឱ្យ​សត្រូវ​ប្រែជា​មិត្ត​។ ផ្ទុយទៅវិញ​វា​បាន​ក្លាយជា​សមរភូមិ​ថ្មី​ទៅវិញ​។​

​ប្រភេទ​សង្គ្រាម​នេះ មានកំណើត​បន្ទាប់ពី​ការវាយប្រហារ​លើ​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ថ្ងៃទី ​១១ ខែ កញ្ញា ឆ្នាំ ២០០១​។ កាលនោះ​ប្រធានាធិបតី ច​ច ប៊ូ​ស បាន​ប្ដេជ្ញា «​បង្អត់​ប្រាក់​ពី​ក្រុម​ភេរ​វករ​» ហើយ​បាន​ជំរុញ​សភា​អាមេរិក​អនុម័ត​ច្បាប់ ​ដើម្បី​បង្កើត​វិធានការ​ដាក់ទណ្ឌកម្ម​​ហិរញ្ញវត្ថុ​។ វិធានការ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ត្រូវបាន​អនុវត្ត​លើ​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​ថវិកា​ឱ្យ​ក្រុម​ភេរ​វករ​។​

​ដោយ​ចៃដន្យ ប្រទេស​ដែល​អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​មុនគេ គឺ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​កាលពី​ឆ្នាំ ២០០២ សហ​​រដ្ឋ​អាមេរិកបាន​ព្រមាន​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន គឺ​ពោរពេញ​ទៅដោយ​ឧក្រិដ្ឋកម្ម​លាង​លុយ​​កខ្វក់​។ ក្រោម​សម្ពាធ​នេះ អ៊ុយ​​ក្រែ​នបានអនុម័ត​ច្បាប់​ប្រឆាំង​ការលាង​លុយ​កង្វក់​។​

​បន្ទាប់ពី​ប្រើប្រាស់​វិធានការ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ស្ទើរតែ​គ្រប់មុខ ហើយ​នៅតែ​គិតថា​ វា​មិន​គ្រប់គ្រាន់​ទៀត រដ្ឋបាល​លោក​ប៊ូ​សបាន​អនុវត្ត​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ដំបូង​គេ​លើ​ប្រទេស​អ៊ី​រ៉ង់​។ លោក​ប្រធានាធិបតី​ ប៉ា​រ៉ា​ក់ អូ​បា​ម៉ា បាន​បន្ត​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​អ៊ី​រ៉ង់ ដោយ​ចាត់វិធានការ​ចុងក្រោយ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ធនាគារកណ្ដាល​អ៊ី​រ៉ង់​។ ក្រោម​សម្ពាធ​នេះ ​អ៊ីរ៉ង់បាន​ចរចា​ជាមួយ​មហាអំណាច​ពិភពលោក​ ដើម្បី​ដក​ទណ្ឌកម្ម​ទាំងនេះ ជា​ថ្នូរ​នឹង​ការដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​នេះ គឺ​កើតចេញពី​វត្តមាន​គ្រប់ទិសទី​នៃ​ប្រាក់​ដុល្លារ​អាមេរិក​។ វា​គឺជា​រូបិយប័ណ្ណ​ប្រើប្រាស់​ច្រើនជាងគេ​ក្នុង​ពិភពលោក សម្រាប់​ប្រតិ​​ប​ត្តិ​ការ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែលជា​ញឹកញាប់​ត្រូវ​ឆ្លងកាត់​បណ្ដាញ​ធនាគារ​អាមេរិក​។ ទីផ្សារ​មូលធន​របស់​អាមេរិក គឺ​ធំ​ជាង​ក្នុង​ពិភពលោក ហើយ​មូល​​ប​ត្រ​បំណុល​របស់ខ្លួន​បាន​ដើរតួ​ជា​ឧបករណ៍​ធានា​សេដ្ឋកិច្ច​ពិភព​លោក​។​

​ជា​លទ្ធផល វា​ពិបាក​ណាស់​សម្រាប់​ធនាគា​រ​កណ្ដាល ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បន្តដំណើរ​​ការ​បាន ប្រសិនបើ​ពួកគេ​ត្រូវបាន​កាត់ផ្ដាច់​ពី​ដុល្លារ​អាមេរិក និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​។ បន្ថែម​ពីលើ​ប្រាក់​ដុល្លារ ការ​កាត់ផ្ដាច់​ប្រាក់​អឺរ៉ូ ប្រាក់​ផោន​អង់គ្លេស ប្រាក់​យេ​៉​ន​ជប៉ុន ប្រាក់ហ្វ្រង់​ស្វី​ស គឺ​នឹង​ធ្វើឱ្យ​ទណ្ឌកម្ម​កាន់តែ​មាន​ផល​​ប៉ះពាល់​។​

​ការដាក់ទណ្ឌកម្ម​លើ​ធនាគារកណ្ដាល​របស់​រុស្ស៊ី គឺជា​លើក​ទី​១ ហើយ​ដែល​អាវុធ​នេះ​ ត្រូវ​​បាន​ប្រើប្រាស់​ប្រឆាំងនឹង​សេដ្ឋកិច្ច​ដ៏​មាន​សំខាន់​មួយ និង​ជា​លើកដំបូង​ដែលជា​ផ្នែក​មួយ​នៃ​សង្គ្រាម ជាពិសេស​ជម្លោះ​ដែល​ពាក់ព័ន្ធ​នឹង​​មហាអំណាច​នុយក្លេអ៊ែរ​មួយ​។​

​ជាការ​ពិតណាស់​ការធ្វើ​បែបនេះ​ ក៏​ហានិភ័យ​សម្រាប់​អាមេរិក​ផងដែរ​។ ការដាក់ទណ្ឌកម្ម​អាច​ជំរុញឱ្យមាន​ប្រតិកម្ម​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​។ ក្នុង​រយៈពេល​ ៥ ​សប្ដាហ៍​ បន្ទាប់​ការដាក់ទណ្ឌកម្ម​ដំបូង ប្រាក់​រូ​ប្លិ៍​របស់​រុស្ស៊ី​ចាប់ផ្ដើម​ងើបឡើង​វិញ ហើយ​មន្ត្រី​រុស្ស៊ី​ប្ដេជ្ញា​ស្វែងរក​ចន្លោះប្រហោង​ក្នុង​ទណ្ឌកម្ម​របស់​អាមេរិក​។​

​ទោះជា​លទ្ធផល​បែបណាក៏ដោយ​ការដាក់ទណ្ឌកម្ម​ ដើម្បី​បង្កក​ទុនបម្រុង​រុស្ស៊ីបង្ហាញ​ពី​ការផ្លាស់ប្ដូរ​ជា​ប្រវត្តិ​​ស្រា​ស្ត ក្នុងការ​អនុវត្ត​គោល​​នយោបាយ​ការបរទេស​៕