២ ​សប្ដាហ៍​បន្ទាប់ពី​រថក្រោះ​រុស្ស៊ី​ឆ្លង​ព្រំដែន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អា​ហ្វ្រិក​ខាងត្បូង​លោក ​ស៊ី​រី​ល រ៉ា​ម៉ា​ផូ​សា បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ នៅ​ថ្ងៃ​ដដែល មេដឹកនាំ​អឺរ៉ុប បានរៀបចំ​ជំនួប​នៅ​ក្រុង​វ៉ា​រសាយ ដោយមាន​ការ​ព្រ​មាន​ថា លទ្ធិប្រជាធិបតេយ្យ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​។ ប៉ុន្តែ​លោក ​រ៉ា​ម៉ា​ផូ​សា ហាក់ដូច​​ជាមាន​ជំហរ​ខុសពី​នេះ​។​

​លោក​ រ៉ា​ម៉ា​ផូ​សា បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ​ថា​៖ «​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​ប្រធានាធិបតី វ្លា​៉​ឌី​មៀរ ពូ​ទីន សម្រាប់​ទទួល​ការហៅ​ទូរ​​ស័ព្ទ​របស់ខ្ញុំ​នៅថ្ងៃនេះ ដូច្នេះ​ខ្ញុំ​អាច​ទទួលបាន​ការយល់​ដឹង​អំពី​ស្ថានភាព​ដែល​កំពុង​កើតឡើង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​»​។ លោក ​រ៉ា​ម៉ា​ផូ​សា ដែល​បាន​ស្ដីបន្ទោស​ការពង្រីក​សមា​ជិ​ក​ភាព​ណា​តូ​សម្រាប់​សង្គ្រាម​នេះ បាន​និយាយថា លោក ពូ​ទីន «​កោតសរសើរ​ចំពោះ​វិធីសាស្ត្រ​តុល្យភាព​របស់​យើង​»​។​

​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង គឺ​មិនមែន​តែឯង​ទេ​ក្នុងការ​​ប្រកាន់​ជំហរ «​តុល្យភាព​» ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រ​ធានា​​ធិបតី​ប្រេ​ស៊ី​ល​លោក ​ចែរ​បូល​សូ​ណា​រ៉ូ និយាយថា​៖ «​យើង​នឹង​បន្ត​ធ្វើជា​អព្យាក្រឹត និង​ជួយ​តាម​អ្វីដែល​អាចធ្វើ​ទៅបាន​»​។

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក​ អង់​ទ្រេ​ស ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដរ ក៏បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែរ ដោយ​និយាយថា​៖ «​យើង​នឹងមិន​ទទួលយក​ការសង​សឹក​ផ្នែក​សេដ្ឋកិច្ច​ណាមួយ​ទេពី​ព្រោះ​យើង​ចង់​មាន​ទំនាក់ទំនង​ល្អជា​​មួយ​រដ្ឋាភិបាល​ទាំងអស់​នៅលើ​ពិភពលោក​»​។​

​ចំណែក​ចុងក្រោយ ​គឺមាន​ប្រ​ទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត​កាន់តែ​ជិតស្និទ្ធ​របស់​រុស្ស៊ី​។ សេដ្ឋកិច្ច​ធំជាងគេ​ទី​២​ នេះ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ក្នុងការ​រិះគន់​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​។​

​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ហាក់​​ដូចជា​បាន​រួបរួម​ពិភពលោក​ក្នុងការ​ថ្កោលទោស​សកម្មភាព​របស់​រុស្ស៊ី ប៉ុន្តែ​ក្រៅពី​សម្ព័ន្ធភាព​លោកខាងលិច​ប្រឆាំងនឹង​រុស្ស៊ី ពិភព​​លោក គឺ​មិនមាន​រណសិរ្ស​ជាក់​ស្ដែង​មួយ​ទេ​។ នេះ​អាចមាន​ឥទ្ធិ​​ពល​យ៉ាងខ្លាំង​សម្រាប់​អនាគត​នៃ​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅពេលដែល​ប្រទេស​ជុំវិញ​ពិភព​​លោក​ឆ្លើយតប​ទៅនឹង​វិធានការ​ទណ្ឌកម្ម​យ៉ាងខ្លាំង​ដោយ​សហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុងការ​បង្កក​ទុនបម្រុង​រូបិយ​​ប័ណ្ណ​បរទេស​របស់​រុស្ស៊ី​។​

​ប្រសិទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​ដ៏​ខ្លាំងក្លា​នេះ គឺ​រំពឹង​អំណាច​របស់​ប្រាក់​ដុល្លារ​អាមេរិក​ដែល​គេ​ចា​ត់វា​ជា​រូបិយប័ណ្ណ​សកល ដោយ​វា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរជាតិ​ស្ទើរតែ​ទាំងអស់ និង​ជា​ផ្នែក​ដ៏​ធំ​ក្នុង​ទុនបម្រុង​របស់​ធនាគារ​កណ្ដាល​របស់​ប្រទេស​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​ការធ្វើ​ឱ្យប្រាក់​ដុល្លារ​អាមេរិក​ក្លាយជា​អាវុធ​បែបនេះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ប្រថុយ​នឹង​ការបង្ក​ឱ្យមាន​ប្រតិកម្ម​ពី​ប្រទេស​នានា ដែល​អាច​ប៉ះពាល់​ដល់​អំណាច​ប្រាក់​ដុល្លារ ហើយ​ធ្វើឱ្យ​ពិភព​​លោក​បែកខ្ញែក​ជា​ប្លុក​សេដ្ឋកិច្ច​ប្រជែង​គ្នា​ដែល​នឹង​ផ្ដល់​ផល​​អាក្រក់​ដល់​ប្រទេស​ទាំងអស់​។​

​ប្រទេស​ចិន ជាពិសេស​មាន​ផែនការ​រយៈពេល​វែង​ដើម្បី​ធ្វើឱ្យ​រូបិយប័ណ្ណ​របស់ខ្លួន​ដើរតួ កាន់តែ​សំខាន់​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ទីក្រុង​ប៉េកាំង​ចាត់​​ទុក​អំណាច​របស់​ប្រាក់​ដុល្លារ​អាមេរិក រួមជាមួយ​អំណាច​កង​​ទ័ពជើងទឹក​អាមេរិក​ថា​ជា​ផ្នែក​សំខាន់បំផុត​នៃ​អំណាច​ទាំងមូល​របស់​អាមេរិក ហើយ​ខ្លួន​បំណង​ចង់​ដាប់​បំបែក​។ ការឆ្លើយតប​របស់​អា​មេ​រិ​ក​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន គឺ​កាន់តែ​ពង្រឹង​ទស្សនៈ​នេះ​។​

​ការស្លាប់​របស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ត្រូវបាន​គេ​ព្យាករ​ជាច្រើនលើក​ច្រើនសា​រួចទៅហើយ​ ប៉ុន្តែ​រូបិយប័ណ្ណ​នេះ បាន​រក្សា​ជំហរ​របស់ខ្លួន​។

​និចលភាព​ គឺជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឆ្លង​ព្រំដែន ដោយ​នៅពេលដែល​រូបិយប័ណ្ណ​មួយ​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​អាច​រក្សា​ជំហរ​ដោយ ស្វ័យ​ប្រវត្តិ​បាន​។​

​ប៉ុន្តែ​ប្រសិនបើ​មានការ​ងាក​ចេញ​សន្សឹមៗ​ពី​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ ការដាក់ទណ្ឌកម្ម​លើ​ធនាគារកណ្ដាល​រុស្ស៊ី​អាច​នឹង​ត្រូវគេ​មើលឃើញថា មិនមែនជា​វិធី​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​គូប្រជែង​ទេ ប៉ុន្តែ​ជា​ពេលដែល​អំណាច​របស់​ដុល្លារ​អាមេរិក​ចាប់ផ្ដើម​ធ្លាក់ចុះ​។​

​ឧទាហរណ៍​នៃ​សង្គ្រាម​ហិរញ្ញ​វត្ថុ​ត្រូវបាន​អនុវត្ត​លើ​ការរារាំង​អំពើ​ភេរវកម្ម ឬ​ករណី​ជាក់ស្ដែង​មួយចំនួន​ដូចជា​ការរារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​ការ​​ធ្វើបែបនេះ​ទៅលើ​ប្រទេស​ដែលមាន​ទំហំ និង​អំណាច​ស្មើ​រុស្ស៊ី គឺ​មិន​ធ្លាប់​កើតឡើង​ពីមុន​ទេ​។​

​អ្នកវិភាគ​និយាយថា គេ​ចាប់​​ផ្ដើម​ឃើញ​សញ្ញា​ថា រុស្ស៊ី​កំពុង​ត្រួសត្រាយ​រក​ផ្លូវ​ដើម្បី​ចៀស​វាង​ទណ្ឌកម្ម​ដោយ​ប្រើប្រាស់​អំណាច​របស់​ដុល្លារ​រួចទៅហើយ​។ មធ្យោបាយ​មួយ ​គឺ​ការធ្វើ​ពាណិជ្ជ​​កម្ម​ដោយ​​ប្រើប្រាស់​រូបិយ​​ប័ណ្ណ​ទ្វេភាគី​។ មន្ត្រី​ប្រទេស​ឥណ្ឌា​ បាន​និយាយថា ប្រទេស​ទាំង​ ២ ​អាច​រៀបចំ​យន្តការ​ពាណិជ្ជកម្ម​រូ​ប្ល​រូពី ដោយ​តម្លៃនឹង​ត្រូវ​ចរចា​នៅក្នុង​ការដោះដូរ ដែល​នេះ​ជា​វិធី​ដែល​ប្រទេស​ឥណ្ឌា ​បានធ្វើ​កាលពី​សម័យ​សហ​ភាព​សូ​វៀត​។ ប៉ុន្តែ​ពួក​​គេ​បាន​សង្កត់ធ្ងន់ថា រឿងនេះ​មិនទាន់​បានសម្រេច​នៅឡើយ​ទេ​។​

​អ្នកវិភាគ​មួយចំនួនទៀត​និយាយថា ទណ្ឌកម្ម​ទាំងនេះ​នឹង​ជំរុញឱ្យមាន​ការឈប់​ប្រើប្រាស់​រូបិយប័ណ្ណ​ពិត ដើម្បី​ផ្លាស់ប្ដូរ​ទៅប្រើ​រូបិយប័ណ្ណ​ឌីជីថល​ទៅវិញ ដែលមាន​ដំណើរការ​នៅ​ខាងក្រៅ​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ​។​

​ទណ្ឌកម្ម​ក៏​អាច​ព​ន្លឿ​ន​ការផ្លាស់​ប្តូរ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផងដែរ​។ ជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់ខ្លួន ​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក ប្រទេស​ចិន​ បាន​ចំណាយពេល​ជា​​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​អន្តរ​ធនាគារ​ឆ្លង​ព្រំដែន (Cips) ផ្ទាល់ខ្លួន ដែល​ឥឡូវនេះ​មាន​ស្ថាប័ន​សមាជិក​ចំនួន ១ ២០០ នៅ​ប្រទេស​ចំនួន​ ១០០​។​

Cips នៅ​តូច​នៅឡើយ​បើ​ធៀប​នឹង Swift ដែលជា​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប ដែលជា​ផ្នែក​សំខាន់​នៃ​របប​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​។ ប៉ុន្តែ​ការបណ្ដេញ​ធនាគារ​រុស្ស៊ី​ដ៏​ធំ​បំផុត​ចេញពី Swift បានផ្ដល់​នូវ​ឱកាស​ពង្រីក​ដល់ Cips របស់​ចិន​។​

​បើទោះបី​ជាមាន​ការលើក​ឡើង​បែបនេះ​ក៏ដោយ គេ​មាន​ហេតុផល​រឹងមាំ​ដែលថា ទណ្ឌកម្ម​ទណ្ឌកម្ម​ទាំងនេះ នឹង​រុះរើ​សសរ​ដ៏​សំខាន់​មួយ​របស់​វិស័យ​ហិរញ្ញវត្ថុ​ពិភព​​លោក​យ៉ាងហោចណាស់​សម្រាប់​អនាគត​ជិតៗ​នេះ​។ បើទោះបីជា​ប្រា​ក់រូ​ប្ល​រុស្ស៊ី​បាន​ងើប​ឡើងវិញ​នៅពេល​ថ្មីៗ​នេះ​ក៏ដោយ ការ​ងើប​ឡើងវិញ​ គឺ​ល្អមើល​តែ​ពី​សម្បក​ខាងក្រៅ​ទេ ដោយ​វិធានការ​រុស្ស៊ី​បាន​អនុវត្ត​ឱ្យមាន​ការ​ងើបឡើង​វិញ​នេះ ដូចជា​ការបង្កើន​អត្រា​ការប្រាក់​ដល់​កម្រិត​ខ្ពស់បំផុត និង​កំណត់​លំហូរ​រូបិយប័ណ្ណ​យ៉ាង​តឹង​​រ៉ឹង គឺ​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​។ ​បន្ថែម​ពីលើ​នេះ​ធម្មជាតិ​នៃ​ទណ្ឌ​កម្មនេះ គឺ​មិនមែន​ការបង្ក​ផលប៉ះពាល់​ភ្លាមៗ​ទេ គឺ​ការបង្ក​ផលប៉ះពាល់​ជា​យូរអង្វែង និង​រ៉ាំរ៉ៃ​។​

​បន្ថែម​ពីលើ​នេះ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​គំរាម​ដាក់​ទណ្ឌ​​កម្ម​ទៅលើ​អ្នក​ដែល​ជួយ​រុស្ស៊ី​គេច​វេះ​ពី​ជា​ទណ្ឌកម្ម ធ្វើឱ្យ​កត្តា​រារាំង​ដ៏​ធំ​មួយ​ សូម្បីតែ​សម្រាប់​ធនាគារ​នៅក្នុង​ប្រទេស​ដែល​ចង់​ជួយ​រុស្ស៊ី​។​

​បន្ថែម​ពីលើ​នេះ​ការព្យាយាម​កាត់​​ផ្ដាច់​មិន​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក៏​មិនអាច​ទៅរួច​នៅពេលនេះ​ ដោយសារ​ហេតុផល​សាមញ្ញ​មួយ គឺ​កង្វះ​រូបិយប័ណ្ណ​ដទៃទៀត​ដើម្បី​យកមក​ជំនួស​។ វិបត្តិ​នោះ​គឺ​ធ្ងន់ធ្ងរ​ជាពិសេស​សម្រាប់​ប្រទេស​ចិន​។ ដោយមាន​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​ស្មើនឹង ៣,២​ ទ្រី​លាន​ដុល្លារ ​ដែល​ត្រូវការ​ក្នុងការ​វិនិយោគ ប្រទេស​ចិន ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការកាន់កាប់​ប្រាក់​ដុល្លារ​មួយផ្នែក​ដ៏​ធំ​នោះទេ​។ ក្រៅពី​អឺរ៉ុប និង​ជប៉ុន ដែល​បាន​ឈរ​ជាមួយ​អាមេរិក​ក្នុងករណីនេះ ​គេ​មិនមាន​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ក្នុង​រូបិយប័ណ្ណ​ផ្សេងទៀត​ ដើម្បី​បំពេញតម្រូវការ​នោះទេ​៕

វីដេអូ៖