មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ទី​២ របស់​ប្រទេស​ស៊ុយអែត​ បាន​និយាយ​ថា ​លោក​ចង់​ឱ្យ​គណបក្ស​លោក​ផ្លាស់​ប្ដូរ​ជំហរ​មក​គាំទ្រ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ ប្រសិន​បើ​ប្រទេស​ជិត​ខាង​ហ្វាំងឡង់​ដាក់​ពាក្យ​ចូល​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​យោធា​នេះ​ដែរ​។

ការ​ផ្លាស់​ប្ដូរ​ជំហរ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត​ នឹង​ធ្វើ​ឱ្យ​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ ដែល​គាំទ្រ​ស៊ុយអែត ដែល​ប្រកាន់​ជំហរ​អព្យាក្រឹត​ជា​យូរ​ណាស់​មក​ហើយ​ ឱ្យ​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​។

ការ​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​២​ពិចារណា​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ ប៉ុន្តែ​ប្រទេស​ស៊ុយអែត​ បាន​ភាព​ស្ទាក់ស្ទើរ​ជាង​ប្រទេស​ហ្វាំងឡង់​ ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី​ជាង​ ១៣០០ គីឡូម៉ែត្រ​ឯណោះ​។

រដ្ឋាភិបាល​ហ្វាំងឡង់​ បាន​និយាយ​ថា​ខ្លួន​នឹង​បញ្ជាក់​អំពី​ជំហាន​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ថា​ដាក់​ពាក្យ​ធ្វើ​ជា​សមាជិក​អង្គការ​ណាតូ ឬ​ទេ​។

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ហ្វាំងឡង់​លោក​ជីមមី អាខេសុន​បាន​និយាយ​ថា​៖ «ប្រសិន​បើ​ហ្វាំងឡង់​ធ្វើ​បែប​នេះ មហិច្ឆតា​របស់​ខ្ញុំ​គឺ​ចង់​ទៅ​ក្រុម​ប្រឹក្សា​បក្ស​ដោយ​មាន​សំណើ​សុំ​ឱ្យ​យើង​ប្ដូរ​ចិត្ត​»​។

លោក​បន្ថែម​ទៀត​ថា​៖ «អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​នេះ​គឺ​ថា ប្រទេស​ហ្វាំងឡង់​កំពុង​ឈាន​ទៅ​រក​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​យ៉ាង​ច្បាស់ ហើយ​មាន​ការ​បង្ហាញ​ជា​ច្រើន​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។ នោះ​ រួម​ជាមួយ​ការ​ពិត​អ៊ុយក្រែន​ដែល​មិនមែន​ជា​សមាជិក​ណាតូ​គឺ​តែ​ម្នាក់​ឯង​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ប្រែ​ចិត្ត»​។

កាល​ពី​ខែ​មុន គណបក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត​ប្រកាស​ថា​ខ្លួន​នឹង​ពិចារណា​ជំហរ​របស់​ខ្លួន​ឡើង​វិញ ​បន្ទាប់​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាជន​ស៊ុយអែត​ភាគច្រើន​គាំទ្រ​ការ​ចូល​ជា​សមាជិក​ណាតូ​៕