រដ្ឋាភិបាល​ប្រទេស​ហ្វាំងឡង់​ បាន​ត្រៀម​ខ្លួន​ដើម្បី​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ដើម្បី​ស្នើ​សុំ​សមាជិកភាព​អង្គការ​ណាតូ «មុន​ពាក់​កណ្ដាល​រដូវ​ក្ដៅ​» ដោយ​អាច​ឆាប់​បំផុត​នៅ​ខែ​ឧសភា​នេះ​។

នាយករដ្ឋមន្ត្រី​ហ្វាំងឡង់​លោកស្រី​ សាណា ម៉ារីន​ បាន​និយាយ​សភា​ប្រទេស​លោក​ស្រី​នឹង​បោះឆ្នោត​​ «មុន​ពាក់​កណ្ដាល​រដូវ​ក្ដៅ» ជុំវិញ​ការ​បញ្ជូន​ពាក្យ​ទៅ​កាន់​អង្គការ​ណាតូ​។ អតីត​នាយករដ្ឋមន្ត្រី​លោក​អាឡិចសាន់ឌឺ ស្តាប​ និយាយ​ថា ​ការ​បោះឆ្នោត​នេះ​អាច​កើត​ឡើង​ឆាប់​ជាង​នេះ​ទៅ​ទៀត​ នៅ​ខែ​ឧសភា​។

«យើង​នឹង​មាន​ការ​ពិភាក្សា​យ៉ាង​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​មិន​ចំណាយ​ពេល​ច្រើន​ជាង​ការ​ដែល​យើង​ត្រូវ​ធ្វើ» លោក​ស្រី​ម៉ារីន​ បាន​និយាយ​បែប​នេះ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​គិត​ថា ​យើង​នឹង​បញ្ចប់​ការ​ពិភាក្សា​មុន​ពាក់​កណ្ដាល​រដូវ​ក្ដៅ»​។

លោក ​ស្ដាប​ បាន​មាន​ភាព​ជាក់​ស្ដែង​ជាង​នេះ​ទៅ​ទៀត​ក្នុង​ការ​ព្យាកររបស់​លោក​ ដោយ​បាន​ប្រាប់​សារព័ត៌មាន​ AFP កាល​ពី​ថ្ងៃ​សៅរ៍​ថា​ រដ្ឋាភិបាល​ទំនង​ជា​នឹង​ធ្វើ​ការ​បោះឆ្នោត​លើ​បញ្ហា​នេះ​មុន​ដំណាច់​ខែ​ឧសភា​ ដើម្បី​ទាន់​ពេល​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ​នៅ​ខែ​មិថុនា​។

អគ្គលេខាធិការ​អង្គការ​លោក​ជេន ស្ទូលថេនប៊ីក ​បាន​និយាយ​ថា​ណាតូ​នឹង​ទទួល​យក​ហ្វាំងឡង់​ប្រសិន​បើ​ពួកគេ​ដាក់​ពាក្យ​។ មន្ត្រី​រុស្ស៊ី​មួយ​ចំនួន​ បាន​ព្រមាន​ហ្វាំងឡង់​រួច​ទៅ​ហើយ​ចំពោះ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​។

ជា​ទូទៅ​ប្រជាជន​ហ្វាំងឡង់​ប្រឆាំង​នឹង​ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​ ប៉ុន្តែ​បន្ទាប់​ពី​រុស្ស៊ី​លុកលុយ​ចូល​ក្នុង​អ៊ុយក្រែន​ មតិ​សាធារណជន​ហ្វាំងឡង់​ បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​។ ប្រទេស​ហ្វាំងឡង់​មាន​ព្រំដែន​ជាង​ ១ ៣០០ គីឡូម៉ែត្រ​ជាមួយ​រុស្ស៊ី​ ហើយ​ការ​ស្ទង់មតិ​បង្ហាញ​ថា​គាំទ្រ​ចូល​ជា​សមាជិក​ណាតូ​បាន​កើន​ពី​ ២៦ ភាគរយ​រហូត​ដល់​ ៦០ ភាគរយ​ បន្ទាប់​ពី​ការ​លុកលុយ​ចាប់​ផ្ដើម​៕