ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន​ នឹង​រៀប​ចំ​ជំនួប​តាម​វីដេអូ​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណារិនដ្រា​ មូឌី​ កាលពី​ថ្ងៃ​ចន្ទ ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា ​ខ្លួន​មិន​ចង់​ឃើញ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​ថាមពល​រុស្ស៊ី​ដោយ​ឥណ្ឌា​ទេ​។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ជេន សាគី​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «លោក​ប្រធានាធិបតី​ បៃដិន​ នឹង​បន្ត​ការ​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ស្និទ្ធទៅ​លើ​ផល​វិបាក​នៃ​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ប្រឆាំង​នឹង​អ៊ុយក្រែន និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អស្ថិរភាព​លើ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទីផ្សារ​ទំនិញ​ពិភពលោក​»​។

អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​លោក​ដាលីប ស៊ីង​ ដែល​ថ្មីៗ​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ឥណ្ឌា​ បាន​និយាយ​ថា​ អាមេរិក​នឹង​មិន​កំណត់​ «ខ្សែ​បន្ទាត់​ក្រហម​»​សម្រាប់​ឥណ្ឌា​ក្នុង​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​រុស្ស៊ី​ទេ​ ប៉ុន្តែ​មិន​ចង់​ឃើញ​ «ការ​កើន​ឡើង​សម្ទុះ​​យ៉ាង​រហ័ស» នៃ​ការ​នាំ​ចូល​។

ទាក់ទាញ​ដោយ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​រុស្ស៊ី ប្រទេស​ឥណ្ឌា​បាន​នាំចូល​ប្រេង​ឆៅ​យ៉ាង​ហោច​ណាស់​ ១៣ លាន​បារ៉ែល​ពី​រុស្ស៊ី​ ចាប់​តាំង​ពី​ប្រទេស​នេះ​ លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​។ នេះ​បើ​ធៀប​ទៅ​នឹង​ការ​នាំចូល​ ១៦ លាន​បារ៉ែល​ក្នុង​រយៈ​ពេល ​១ ​ឆ្នាំ ២០២១​។

ប្រទេស​អាស៊ី​ខាង​ត្បូង​នេះ​បាន​ព្យាយាម​រក្សា​តុល្យភាព​រវាង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ រុស្ស៊ី និង​លោក​ខាង​លិច​។ ឥណ្ឌា​ ជា​មួយ​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី គឺ​ជា​សមាជិក​នៃ​វេទិកា​សហប្រតិបត្តិការ​សន្តិសុខ​ប្រឆាំង​ចិន​ Quad ប៉ុន្តែ​ផ្ទុយ​ពី​សមាជិក​ Quad ដទៃ​ ឥណ្ឌា​មិន​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទេ​។

រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​យោធា​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នៃ​ការ​ទិញ​ពី​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍​កន្លង​មក​ក៏​ដោយ​។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ការ​ផ្គត់ផ្គង់​របស់​រុស្ស៊ី​គឺ​មាន​តម្លៃ​ថោក​ជាង​ និង​មាន​សារៈ​សំខាន់​សម្រាប់​ឥណ្ឌា​ក្នុង​ការ​ប្រឈម​មុខ​នឹង​យោធា​ដ៏​ខ្ពង់ខ្ពស់​របស់​ចិន​៕

វីដេអូ៖