ចាប់តាំងពី​រីក​រាលដាល​ដំបូង​កាលពី​ចុងឆ្នាំ ​២០១៩ ជំងឺ​កូ​វីដ​ ១៩ បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៦ លាន​នាក់​ស្លាប់​នៅ​ជុំវិញ​ពិភពលោក ក្នុងចំណោម​ករណី​វិជ្ជមាន​ជិត ៥០០ លាន​ករណី​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។

​ករណី​ភាគច្រើន​លើសលប់​បាន​រួច​ផុតពី​ជំងឺ​នេះ​ដោយ​ក្រោយពី​ការឆ្លង​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​វីរុស​កូ​រ៉ូ​ណា​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ប៉ាន់​ស្មានថា មនុស្ស​យ៉ាងហោច​​ណាស់ ១០០ លាន​នាក់​បាន​រងគ្រោះ​ពី «​ជំងឺ​កូ​វីដ​វែង​» ដែលមាន​រោគសញ្ញា​ជំងឺ​នេះ​លើសពី ១២ ​សប្ដាហ៍ បើទោះបីជា​ធ្វើតេស្ត​អ​វិ​ជ្ជ​​មាន​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ​ធ្វើ​ពួកគេ​ហាក់ដូចជា​ពិការ​មិនអាច​បំពេញការងា​របា​ន​។​

​អ្នកជំងឺ​បាន​រាយការណ៍​អំពី​រោគសញ្ញា​យ៉ាង​ទូលំទូលាយ​ដោយ​មានការ​ថប់ដង្ហើម​ធ្ងន់ធ្ងរ និង​ចង្វាក់​បេះ​​ដូង​លោត​លឿន​ជាង​ធម្មតា​ជា​រោគសញ្ញា​ទូទៅ​ជាងគេ ប៉ុន្តែ​ក៏​រួមមាន​បញ្ហា​ក្រពះ​ពោះវៀន ការ​អស់កម្លាំង​ខ្លាំង និង​ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​។ ក្នុងករណី​មួយចំនួន​តូច អ្នកជំងឺ​មាន​រោគសញ្ញា​ហ៊ឹ​ង​ត្រចៀក​រ៉ាំរ៉ៃ ញ័រ​ដៃជើង និង​ការឈឺចាប់​លើ​ចុង​សរសៃប្រសាទ​ ឬ​ប្រតិកម្ម​រសើប​ចំពោះ​សំឡេង និង​ពន្លឺ​រំខាន​។​

​អ្នក​ផ្សេងទៀត​ទទួលរង​មាន​រោគសញ្ញា​ផ្លូវចិត្ត និង​ការគិត​ដែល​ពិ​​បាក​នឹង​មើលឃើញ ប៉ុន្តែ​នៅតែ​បង្ក​ពិការភាព​ស្មើនឹង​រោគសញ្ញា​ដទៃទៀត​។ មនុស្ស​ជាច្រើន​ទទួលរង​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ការ​ថប់​បារម្ភ (Anxiety) និង «​អាប់អួ​ខួរក្បាល​» ដែលជា​ការលំបាក​ក្នុងការ​ចងចាំ​ការផ្ដោត​អារម្មណ៍ និង​ការសម្រេចចិត្ត​។​

​ខណៈពេលដែល «​កូ​វីដ​វែង​» បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​អ្នកជំងឺ​នីមួយៗ វា​ក៏​តំណាងឱ្យ​គ្រោះ​មហន្ត​រាយ​កំពុង​ចេញ​ជា​រូបរាង​សម្រាប់​អាជីវកម្ម និង​សេដ្ឋកិច្ច ដោយ​វា​អាច​បង្ខំ​ឱ្យ​មនុស្ស​ជាច្រើន​ចាក​ចេញពី​ទីផ្សារការងារ នៅ​ចំ​ពេលដែល​និយោជក​មានការ​លំបាក​ស្វែងរក​និយោជិត​ថ្មី​រួចទៅហើយ​។​

​បើតាម​ការសិក្សា​មួយ​ទៅលើ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ​១៩ ​ទៅលើ​អ្នកជំងឺ​នៅ​ចក្រភព​អង់គ្លេស​បានបង្ហាញ​ថា អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​ ៥​ នាក់ ដែលមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​មិនទាន់​ចូលធ្វើការ​វិញ​ ៥​ ខែ​ បន្ទាប់ពី​ពួកគេ​ចាក​​ចេញពី​មន្ទីរពេទ្យ​។ អ្នកជំងឺ​សមា​​មាត្រ​ស្រដៀង​គ្នា បានធ្វើ​ការផ្លាស់​​ប្ដូរ​ការងារ​របស់​ពួកគេ​ដោយសារ​បញ្ហា​សុខភាព​។​

​អ្នកបង្កើត​គោលនយោបាយ កំពុង​ចាប់ផ្ដើម​សង្ស័យថា​លក្ខខណ្ឌ​នេះ គឺជា​កត្តា​នៅ​ពីក្រោយ​កង្វះ​កម្លាំង​ពលកម្ម ដែល​ឃើញ​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់​​គ្លេ​ស ដែល​កម្មករ​វ័យ​ចំណាស់​កំពុង​ស្វែងរក​ម៉ោង​ការងារ​តិចជាង​មុន ឬ​ចាក​ចេញពី​កម្លាំង​ការងារ​ទាំង​​ស្រុង​។ ការសិក្សា​មួយ​ដោយ​វិទ្យា​ស្ថាន Brookings កាលពី​ខែមករា បាន​ប៉ាន់​ស្មានថា ជំងឺ​កូ​វីដ​វែង​បាន​បង្ក​យ៉ាងហោចណាស់ ១៥ ភាគរយ​នៃ​ការងារ​មិនទាន់បាន​បំពេញ ១០,៦ ​លាន​កន្លែង​នៅក្នុង​សហរដ្ឋអាមេរិក​។​

​ជំងឺ​នេះ គឺ​ថ្មី​ខ្លាំងណាស់​ធ្វើឱ្យមាន​ចន្លោះប្រហោង​នៅក្នុង​ច្បាប់​ការងារ​នៅ​ជុំវិញ​ពិភពលោក​។ រដ្ឋាភិបាល និង​តុលាការ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​មិនទាន់បាន​បញ្ជាក់​ច្បាស់​ថា តើ​វា​ត្រូវ​ចាត់ទុកជា​ពិការភាព ឬ​ជំងឺ​ការងារ ឬអ្វី​ផ្សេង​។ កាលពីដើម​ខែមេសា រដ្ឋាភិបាល​អាមេរិកបានប្រកាសថា​ ខ្លួន​នឹង​ពង្រឹង​ការសិក្សា​ទៅលើ​កូ​វីដ​វែង ហើយ​និង​គាំទ្រ​អ្នកជំងឺ​ឱ្យ​ស្វែងរក​ការព្យាបាល និង​ព្យា​យាម​ត្រឡប់​ទៅធ្វើ​ការ​វិញ​។​

​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ទំហំ​នៃ​ផលប៉ះពាល់​របស់​ជំងឺ​នេះ​ទៅលើ​ទីផ្សារការងារ​ដោយសារ​ប្រទេស​តិច​ណាស់​ដែល​ប្រមូលផ្ដុំ​ទិន្នន័យ​អំពី​កូ​វីដ​វែង ហើយ​និយោជក​មិន​តែងតែ​ដឹង​អំពី​ករណី​ក្នុងចំណោម​និយោជិត​របស់​ពួកគេ​ទេ ដោយ​ជារឿយៗ​ពិ​​បាក​រក​ការធ្វើ​រោគ វិនិច្ឆ័យ​ឬ​ស្ទាក់​​ស្ទើរ​ក្នុង​ការបង្ហាញ​ជំងឺ​របស់​ពួកគេ​ដោយ​ភ័យខ្លាច​ថា ពួកគេ​អាច​បាត់បង់​មុខតំណែង​ពួកគេ​។​

​ប៉ុន្តែ​ក្នុងប្រទេស​មួយចំនួន​ទិន្ន​​ន័យ​ទីផ្សារការងារបាន​បង្ហាញថា បញ្ហា​សុខភាព​រយៈពេល​វែង​បាន​កើនឡើង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។ នៅ​សហរដ្ឋអាមេរិកដែល​ទទួលស្គាល់ថា​ កូ​វីដ​វែង​ជា​ជំងឺ​ពិការភាព​ទិន្នន័យ​កម្លាំង​ពលកម្ម​បាន​បង្ហាញថា​ ចំនួន​ពលករ​ដែលមាន​ពិការភាព ហើយ​កំពុងមាន​ការងារ​ធ្វើ ឬ​កំពុង​ស្វែងរក​ការងារ បាន​កើនឡើង ១,៣៦ លាន​នាក់ ឬ​ស្មើនឹង​ ២៣​ ភាគរយ នៅ​ចន្លោះ​ខែមករា​ឆ្នាំ ២០២១ និង​ ២០២២​។​

​រីឯ​នៅ​ចក្រភព​អង់គ្លេស​វិញ​ចំនួន​ពលករ​ដែល​ឈប់​ធ្វើការ ឬ​មិន​រក​ការងារ​ធ្វើ​ដោយសារ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​បាន​កើនឡើង ២០០ ០០០ ​នាក់ ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ខណៈពេលដែល​ ១ ​ភាគ ​៤ ​នៃ​និយោជក​អង់គ្លេស និយាយថា កូ​វីដ​វែង​គឺជា​មូលហេតុ​ចម្បង​មួយ​ដែល​បង្កឱ្យមាន​អវត្តមាន​បុគ្គលិក​។​

​ចក្រភព​អង់គ្លេស ក៏បាន​ចេញផ្សាយ​ចំនួន​ស្វ័យ​រាយការណ៍​អំពី​ករណី​កូ​វីដ​វែង​ប្រចាំខែ​ផងដែរ ដោយ​កាលពី​ខែមីនា​មានការ​រាយ​​ការណ៍​រហូត​ទៅដល់ ១,២ លាន​ករណី​ឯណោះ ដោយ​ប៉ះពាល់​ខ្លាំងជាងគេ​ទៅលើ​ស្ត្រី មនុស្ស​អាយុ​ពី ៣៥ ដល់ ៤៩ បុគ្គលិក​វិស័យ​សុខាភិបាល និង​គ្រូបង្រៀន​។ សរុបមក​នៅ​ចក្រភព​អង់គ្លេស​មនុស្ស​ចំនួន ៧៨៤ ០០០​ នាក់​បាន​និយាយថា ពួកគេ​បាន​រោគសញ្ញា​យ៉ាងហោចណាស់​ ១ ​ឆ្នាំ ហើយ ៣២២ ០០០ បាន​រាយការណ៍​ថា​ជំងឺ​នេះ​បានកំណត់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​របស់​ពួកគេ​យ៉ាងខ្លាំង​។​

​អ្នកជំងឺ​កូ​វីដ​វែង ដែល​សង្ឃឹមថា នឹង​ត្រឡប់​ទៅធ្វើ​ការ​វិញ​មាន​ជម្រើស​ព្យាបាល​តិចតួច​ព្រោះ​អ្នកស្រាវជ្រាវ​ទើបតែ​ស្វែងរក និង​កំណត់​និយមន័យ​នៃ​ជំងឺ​នេះ​។​

​វេជ្ជបណ្ឌិត​ជាច្រើន បាន​ពិសោធ​ជាមួយ​ការប្រើប្រាស់​ឱសថ​មាន​ស្រាប់ ខណៈពេល​ក្រុមហ៊ុន​ឱសថ កំពុង​ស្វែងរក​មធ្យោបាយ​ព្យាបាល​ដោយ​ផ្ដោតលើ​រោគសញ្ញា​នីមួយៗ ដូច​ជាការ​អស់កម្លាំង​សាច់ដុំ និង​ការ​របួស​ជាលិកា​សួត ប៉ុន្តែ​ម​ធ្យោ​​បាយ​ទាំងនេះ​នៅ​មិនទាន់​សាកល្បង​លើ​មនុស្ស​នៅឡើយ​ទេ​។ នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស គេ​បានរៀបចំ​គ្លីនិក​ព្យាបាល​កូ​វីដ​វែង ដែល​ផ្ដល់​សេវា​ការថែទាំ​សុខភាព​ផ្លូវចិត្ត និង​ការ​​ព្យាបាល​កាយសម្បទា ប៉ុន្តែ​ការរងចាំ​មាន​រយៈពេល​យូរ​។​

​ការធ្វើការងារ​ដោយមាន​ជំងឺ​នេះ​ គឺមាន​ភាពស្មុគស្មាញ​បន្ថែមទៀត ដោយ​ធម្មជាតិ​មិន​ព្យាករ​បាន​របស់​វា​។

​រោគសញ្ញា​ប្រែប្រួល​យ៉ាងខ្លាំង និង​ប្រែប្រួល​ដោយ​មិន​នឹកស្មាន​ដល់ ដោយមាន​ករណី​មួយចំនួន​ដែល​អ្នកជំងឺ​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​តែ​បន្តិច​ប៉ុណ្ណោះ រោគសញ្ញា​នឹង​លាប់​មកវិញ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​អ្នក​​ជំនាញ​ផ្នែក​សុខភាព​ការងារ​និយាយថា អ្នកជំងឺ​កូ​វីដ​វែង​មិនគួរ​ដាក់ឱ្យ​ឈប់សម្រាក​យូរពេក​ទេ ​ព្រោះ​ការ​​អត់​ការងារ​ធ្វើ​យូរ​ក៏​ធ្វើឱ្យ​មានការ​​ខូចខាត​ផងដែរ​។ ជំនួស​មកវិញ​ពួក​​គេ​គួរតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅវិញ​ក្នុង​ល្បឿន​ល្មម​ទន់ភ្លន់​ជាង​មុន​បន្តិច​ម្តងៗ ជាមួយនឹង​ការកែតម្រូវ​ដែល​សមស្រប​ទៅនឹង​កាលៈ​​ទេសៈ​ជាក់ស្ដែង​របស់​ពួកគេ និង​ការគាំទ្រ​ដោយ​សហការ​សម្រប​​សម្រួល​ពី​មន្ត្រី​ធនធានមនុស្ស​អ្នក​​គ្រប់គ្រង និង​អ្នក​រួម​ការងារ​៕