​កាលពី​ថ្ងៃ​ចន្ទ ទី ​១១ ​មេសា​ សមាជិក​រដ្ឋសភា​ប៉ា​គី​ស្ថាន​ជាង ១០០ ​នាក់ ​ដែល​ស្មោះ​នឹង​អតីត​​នាយករដ្ឋមន្ត្រី ​អ៊ី​ម​រ៉ា​ន ខាន់ បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​ជាង ​១​សប្ដាហ៍ ដែល​ឈានដល់​ចំណុចកំពូល​កាលពី​ថ្ងៃអាទិត្យ​នៅពេល​លោក​ ខាន់​ ត្រូវបាន​សភា​នេះ​បោះឆ្នោត​ទម្លាក់​ពី​តំណែង​។​

​មេដឹកនាំ​សម្ព័ន្ធភាព​បក្ស​ប្រ​ឆាំង​លោក​ សេ​ហ៍​បាស សារី​ហ្វ ត្រូវបាន​សភា​នេះ​បោះឆ្នោត​តែងតាំង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​លោក ​ខាន់ ដែល​បង្កឱ្យមាន​ការលាលែង​នេះ និង​ការធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ប្រទេស​នេះ​។​

​ប្រសិនបើ​ការលាលែងត្រូវបាន​ទទួល​ដោយ​ប្រធានរដ្ឋសភានោះ​ ប្រទេស​ប៉ា​គី​ស្ថាន ប្រឈម​​មុខការ​បោះឆ្នោត​ដើម្បី​បំពេញ​អាសនៈ​ចំហ​ទាំងនេះ​ក្នុង​រយៈ​​ពេល ​២ ​ខែ ដែល​អាច​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​លោក ​សារី​ហ្វ ហើយ​អាចជា​វេទិកា​ដ៏​មាន​ឥទ្ធិពល​សម្រាប់​លោក ​ខាន់ ​ប្រមូល​ផ្ដុំ​ការគាំទ្រ​របស់លោក​។​

​នេះ​អាច​ធានាថា ប្រទេស​ប្រដាប់អាវុធ​នុយក្លេអ៊ែរ ដែលមាន​ប្រជាជន ២២០ ​លាន​នាក់​នេះ គឺ​មិន​ងាយ​រួច​ផុតពី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​នោះ​​ទេ​។​

​យ៉ាងណាមិញ លោក​ សេ​ហ៍​បាស សារី​ហ្វ គឺជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ​ណា​វ៉ាស សារី​ហ្វ ដែល​បាន​កាន់អំណាច​ចំនួន​៣​អាណត្តិ​។ អ្នក​​វិភាគ​និយាយថា ផ្ទុយ​ពី​លោក ​ណា​វ៉ាស លោក​សេ​ហ៍​បាស ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កង​​យោធា​ប៉ា​គី​ស្ថាន ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​គោល​​នយោបាយ​ការបរទេស និង​ការពារជាតិ​របស់​ប្រទេស​នេះ​៕