ប្រធានាធិបតី​អាល្លឺម៉ង់ ​លោក​ ហ្វ្រែង-វ៉លទ័រ ស្ទេនម៉ាយអឺ​ បាន​បោះបង់​ផែនការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​កៀវ បន្ទាប់​ពី​លោក​ទទួល​ស្គាល់​ថា​លោក​នឹង​មិន​ត្រូវ​គេ​ស្វាគមន៍​នៅ​រដ្ឋធានី​របស់​អ៊ុយក្រែន​ទេ​ ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​ប្រមាថ​ដល់​អ្នក​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប​នៃ​ប្រទេស​អាល្លឺម៉ង់​។

លោក​ស្ទេនម៉ាយអឺ​ ដែល​ថ្មី​ៗ​នេះ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាសូវី​ប្រទេស​ប៉ូឡូញ​ បាន​និយាយ​ថា​ប្រធានាធិបតី​ប៉ូឡូញ​លោក​អនទ្រេ ឌូដា​ បាន​អញ្ជើញ​លោក​ឱ្យ​រួម​ដំណើរ​ជាមួយ​ប្រធានាធិបតី​លីទុយអានី ឡាតវី និង​អេស្តូនី ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​កៀវ។

លោក​និយាយ​ថា​៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ ខ្ញុំ​ទទួល​ស្គាល់​ថា វា​មិន​ត្រូវ​បាន​គេ​ចង់​ទទួល​បាន​នៅ​កៀវ​​ទេ​»​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​ស្ទេនម៉ាយអឺ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​របស់​លោក​ជា​មួយ​រុស្ស៊ី ដែល​លោក​ធ្លាប់​និយាយ​ថា​ «ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន»​។ កាល​ពី​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ លោក​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឺហ្គេ ឡាវរ៉ូវ ហើយ​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​សម្រាប់​គម្រោង​បំពង់​ឧស្ម័ន​ Nord Stream 2 ពី​រុស្ស៊ី​ មក​កាន់​អាល្លឺម៉ង់​។

ការ​លើក​ឡើង​របស់​លោក​ស្ទេនម៉ាយអឺ​ បាន​កើត​ឡើង​បន្ទាប់​ពី​កាសែត​អាល្លឺម៉ង់​ Bild Zeitung បាន​រាយការណ៍​ថា​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុលឌីមៀរ ហ្សេលេនស្គី​ នឹង​បដិសេធ​មិន​ជួប​ជាមួយ​លោក​ស្ទេនម៉ាយអឺ​ទេ​ ប្រសិន​បើ​លោក​ធ្វើ​ដំណើរ​មក​ក្រុង​កៀវ៕

វីដេអូ៖