កាល​ពី​ថ្ងៃ​អង្គារ​ ទី ​១២ មេសា ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌីមៀរ ពូទីន ​និយាយ​ថា ​កិច្ច​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​គឺ​ស្ថិតនៅ​លើផ្លូវ​ទាល់​ ហើយ​ប្រើប្រាស់​ការ​អត្ថាធិប្បាយ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ដើម្បី​ធ្វើ​ការ​ប្ដេជ្ញា​ថា​កងទ័ព​រុស្ស៊ី​ទទួល​ជ័យ​ជម្នះ និង​ញុះញង់​លោក​ខាង​លិច​ថា​បាន​បរាជ័យ​ក្នុង​ការ​បង្ខំ​ឱ្យ​ក្រុង​ម៉ូស្គូ​ចុះចាញ់​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​សាធារណៈដំបូង​ ចាប់​តាំង​ពី​ការ​ប្រកាស​ដក​ទ័ព​រុស្ស៊ី​ចេញ​ពី​តំបន់​ជុំវិញ​រដ្ឋធានី​កៀវ​របស់​ប្រទេស​អ៊ុយក្រែន​ដោយ​សារ​ការ​ជាប់​គាំង​មិន​ទៅ​មុខ​ លោក​ពូទីន​សន្យា​ថា​រុស្ស៊ី​នឹង​សម្រេច​បាន​នូវ​គោលដៅ​ «ដ៏​ថ្លៃថ្នូរ​» របស់​ខ្លួន​ទាំង​អស់​នៅ​អ៊ុយក្រែន​។

នៅ​ក្នុង​សញ្ញា​ដ៏​ខ្លាំង​បំផុត​ថា​សង្គ្រាម​នេះ​នឹង​បន្ត​អូស​បន្លាយ​កាន់​តែ​យូរ​ លោក​ពូទីន​ចោទ​ប្រកាន់​ក្រុង​កៀវ​ថា​បាន​បង្ក​ការ​ខូច​ខាត​ដល់​ការ​ចរចា​សន្តិភាព​ ដោយ​លោក​អះអាង​ថា​អ៊ុយក្រែន​បាន​ក្លែងបន្លំ​ការ​ចោទ​ប្រកាន់​ថា​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ដោយ​ទាមទារ​ការ​ធានា​សន្តិសុខ​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ទាំង​មូល​។

បន្ទាប់​ពី​រុស្ស៊ី​ដក​ទ័ព​ពី​តំបន់​ជុំវិញ​រដ្ឋធានី​កៀវ​ មាន​ការ​រក​ឃើញ​សាកសព​ជន​ស៊ីវិល​ជា​ច្រើន​ ដែល​ហាក់​ជា​ករណី​ប្រហារ​ជីវិត ធ្វើ​ឱ្យ​អ៊ុយក្រែន​ និង​លោក​ខាង​លិច​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​អវកាស​យានដ្ឋាន​ Vostochnyលោក​បាន​និយាយ​ថា​៖ «យើង​បាន​ត្រឡប់​ទៅ​ស្ថានភាព​ទាល់ច្រក​សម្រាប់​យើង​ទៀត​ហើយ​»។ លោក​និយាយ​ថា​រុស្ស៊ី​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​គឺ​ការ​បំបែក​សណ្ដាប់​ធ្នាប់​អន្តរជាតិ​ឯក​ប៉ូល​របស់​អាមេរិក ដែល​បង្កើត​ក្រោយ​សង្គ្រាម​ត្រជាក់​។

យ៉ាង​ណា​មិញ​ លោក​ពូទីន​បាន​ចៀស​វាង​បង្ហាញ​មុខ​ជា​សាធារណៈ ​បន្ទាប់​ពី​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​តំបន់​ជិត​រដ្ឋធានី​កៀវ​​។ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​បាន​ជួប​ជាមួយ​អធិការបតី​អូទ្រីស​ ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី ប៉ុន្តែ​មិន​មាន​ការ​ចេញ​ផ្សាយ​ធំ​ដុំ​អ្វី​មួយ​អំពី​ជំនួប​នេះ​ទេ​៕

វីដេអូ៖