សិល្បៈ​ក្បាច់គុន​នៅ​ហុងកុង​បាន​បង្កើតឱ្យមាន​រឿងព្រេង​និទាន និង​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាច្រើន​។ ប៉ុន្តែ​កាលពី​ខែ​មុន​មាន​ភាពច្របូកច្របល់​កើតឡើង នៅពេលដែល​គ្រូបង្វឹក​ ១ រូប និង​អ្នកជំនួយការ ​១ ​រូប ​ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់ថា​ បានរៀបចំ​ផែនការ «​បង្កើត​កងទ័ព​» ប្រឆាំងនឹង​រដ្ឋ​។​

​ប៉ូលិស​ហុងកុង​និយាយថា ពួកគេ​បាន​រឹបអូស​អាវុធ​មួយចំនួន​ដែល​រួមមាន​ដាវ កាំបិត ព្រួញ និង​កាំភ្លើង​ខ្យល់​។ ពួកគេ​ក៏​និយាយថា ពួកគេ​រកឃើញ​សារ​ប្រឆាំង​បក្ស​កុម្មុយនីស្ត​ចិន​នៅលើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​បណ្ដុះ​​បណ្ដាល​នេះ​ផងដែរ​។​

​ដោយ​មិន​គិត​អំពី​មូលដ្ឋាន​នៃ​សំណុំ​រឿងនេះ វា​បង្ហាញ​យ៉ាងច្បាស់​ពី​ការ​ភ័យខ្លាច​ដែល​នៅក្រោម​សម្បក​នៃភាពស្ងប់ស្ងាត់​នៅ​ក្រុង​ហុងកុង​។​

​ខ្យល់អាកាស​មិន​ពោរពេញ​ទៅដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៀ​ត​ទេ ហើយ​ដង​ផ្លូវ​មិន​ពោរពេញ​ទៅដោយ​បាតុករ ដូច​កាលពី​ឆ្នាំ ២០១៩ ទេ​។ ប៉ុន្តែ​រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន និង​ថ្នាក់កណ្ដាល​ហាក់ដូចជា​នៅមាន​ភាពភ័យខ្លាច​ថា ផ្នែក​ដ៏​ធំ​នៃ​ប្រជាជន​ហុងកុង​ គឺ​នៅតែ​ប្រឆាំង​ពួកគេ​។ រីឯ​ប្រជាជន​វិញ ភ័យខ្លាច​ថា​ច្បាប់​សន្តិសុខ​ជាតិ​អនុម័ត​ដោយ​ក្រុង​ប៉េកាំង ហើយ​ភ័យខ្លាច​ជាប់ពន្ធនាគារ​ដោយសារ​ការនិយាយ​ខុស​ធ្លោយ​។​

​នៅក្នុង​បរិយាកាស​ភ័យខ្លាច​បែបនេះ ក្រុង​ហុងកុង​នឹងធ្វើ​ការបោះឆ្នោត​ជ្រើស​​រើស​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃទី ​៨ ឧសភា បន្ទាប់ពីអ្នក​កាន់តំណែង​បច្ចុប្បន្ន​លោកស្រី​ការី ឡា​ម ប្រកាសថា លោកស្រី​នឹងមិន​ឈរឈ្មោះ​បោះឆ្នោត​ទៀត​ទេ​។​

​តំណែង​ប្រមុខ​ប្រតិបត្តិ​ហុងកុង គឺ​មិនត្រូវ​បានជ្រើសរើស​ដោយ​សាធារណជន​ទេ ប៉ុន្តែ​ដោយ​សមាជិក​ជិត ១ ៥០០ ​នៃ​គណៈកម្មាធិការ​បោះឆ្នោត ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​។​

​រហូតមកដល់​ពេលនេះ​អ្នកវិភាគ​និ​​យាយ​ថា មាន​បេក្ខជន​តែ​ម្នាក់​គត់​ដែល​គណៈកម្មាធិការ​នេះ​ទំនង​នឹង​បោះឆ្នោតឱ្យ​កាន់តំណែង​នេះ​ គឺ​លោក​ ច​ន លី ដែលជា​អតីត​មន្ត្រីប៉ូលិស​ជើងចាស់​១​ រូប និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​ហុងកុង​ដែលជា​តំណែង​ធំជាងគេ​ទី​២ ​បន្ទាប់ពី​លោក​​ស្រី ​ឡា​ម​។​

​អាជីព​របស់លោក​បាន​ផ្ដោតលើ​ការងារ​ប៉ូលិស និង​សន្តិសុខ​។ លោក​មាន​បទ​ពិ​សោធ​តិចតួច​លើ​វិស័យ​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​ទីក្រុង ហើយក៏​មិនសូវមាន​បទពិសោធ​ក្នុង​វិស័យ​សង្គមកិច្ច ដូចជា​បញ្ហា​លំនៅ​ឋាន​ជាដើម​។​

​លោក​ លី បាន​ប្រាប់​អ្នកយក​សារព័ត៌​​មាន​ថា​ «​គ្មាន​មនុស្ស​ដែល​ដឹង​គ្រប់​ទាំង​​អស់​នោះទេ​» ហើយ​លោក​បាន​ប្ដេជ្ញា​ថា ​នឹង​បង្កើត​ក្រុមការងារ​ដោយមាន​សមា​​ស​ធាតុ​មន្ត្រី​មាន​បទពិសោធ និង​ចំណោះ​ដឹង «​ដែលមាន​ចំណង់​ចំណូលចិត្ត​ធ្វើ​អ្វីៗ​សម្រាប់​ហុងកុង​។ ក្រុមការងារ​យុទ្ធនា​​ការបោះឆ្នោត​របស់លោក​ភាគច្រើន គឺ​នយោបាយ​ល្បីៗ ដែល​គាំទ្រ​ក្រុង​ប៉េកាំង និង​សហ​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អាស៊ី​បូព៌ា​លោក​ ប្រាយ​អែន លី​។​

​ប្រសិនបើ​លោក​ លី នៅ​ទីបំផុត​ជាប់​​ឆ្នោត​នោះ​បង្ហាញ​យ៉ាងច្បាស់​អំពី​អនាគត​នៃ​ទី​ក្រុងមាន​ប្រជាជន ៧,៤ លាន​នាក់​នេះ​។ អ្នកវិភាគ​មួយចំនួន​និយាយថា​ វា​នឹង​មានន័យថា រដ្ឋាភិបាលកណ្ដាល​ក្រុង​ប៉េកាំង នៅតែ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​បរិយាកាស​នយោបាយ​នៅ​ក្រុង​ហុង​​កុង ដោយ​ហាក់ដូចជា​នៅ​ព្រួយបារម្ភ​ថា ​ក្រុង​នេះ​អាច​ប្រើប្រាស់​ដោយ​លោកខាងលិច​ ដើម្បី​ប្រឆាំងនឹង​ចិន​។​

​កាលពី​ឆ្នាំ​ ២០១៩ និស្សិត​បាតុករ​ធ្លាប់​ចំអក​ឈ្មោះ​ភាសា​ចិន​របស់លោក​លី គឺ​ លី កា​ឈូ​។ ពួកគេ​បាន​ហៅ​លោ​កថា «​ពី​កា ឈូ ឬ Pikachu» នៃ​គំនូរជីវចល​ជប៉ុន «Pokemon»​។ បើទោះជា​យ៉ាង​ក៏ដោយ កំណត់ត្រា​ការងារ​របស់លោក​ គឺ​ផ្ទុយ​ទាំងស្រុង​ពី​ការប្រៀបធៀប​នឹង​គំនូរជីវចល​នេះ​។​

​ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ក្នុងនាម​ជា​លេខាធិការ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ និង​អាណត្តិ​ដ៏​ខ្លី​ជា​អគ្គ​លេខា​ធិ​ការ​នៃ​ហុងកុង នាយកដ្ឋាន​សន្តិសុខ​ជាតិ​ដែល​ត្រូវ​បានរៀបចំ​ក្រោម​ច្បាប់​សន្តិសុខ​របស់​ក្រុង​ប៉េកាំង បាន​ចាប់​ខ្លួន​មនុស្ស​ជាង ​២០០ ​នាក់ ហើយ​បំបាត់​ចលនា​បាតុកម្ម​ទៅហើយ​។ បញ្ជី​ឈ្មោះ​ចាប់ខ្លួន រួមមាន​អ្នកនយោបាយ សកម្មជន មេធាវី អ្នកសារព័ត៌មាន​និង​និស្សិត​។ បុគ្គល​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ឧក្រិដ្ឋកម្ម​និយាយ​ដូចជា​ «​ញុះ​​ញ​ង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​រដ្ឋាភិបាល​» ឬ​ការប្រើពាក្យស្លោក «​រំដោះ​ហុងកុង បដិវត្តន៍​នៃ​សម័យ​របស់​យើង​»​។​

​យ៉ាងណាមិញ ការចាកចេញ​របស់លោក​ស្រី ឡា​ម ​សម្រាប់​លោក​លី​មក​ស្នង​តំណែង គឺ​មិនមែនជា​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ដំបូង​នៅ​ឆ្នាំនេះ ដែល​បង្ហាញថា ​ក្រុង​ប៉េកាំង​ចង់​ពង្រឹង​ការក្ដោបក្ដាប់​លើ​ក្រុង​នេះ​ទេ​។​

​កាល​ព​ខែមីនា ក្រុង​ប៉េកាំង​បានប្រកាស​តែងតាំង​លោក ​វ៉ាង លីង​គួ​យ ​ជា​នាយករង​នៃ​ការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ ដែលជា​ស្ថាប័ន​កំ​​ពូ​ល​ទទួលបន្ទុក​ដឹកនាំ​ទិសដៅ​គោល​​នយោបាយ​នៃ​ទីក្រុង​ទាំង​ ២​។ លោក ​វ៉ាង គឺជា​អ្នកជំនាញ​សន្តិសុខ​ជាតិ ដែល​ផ្ដោត​ការងារ​ទៅលើ​តំបន់​ស្វយ័ត​ស៊ីន​​ជាំ​ង​។ លោកខាងលិច​បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​​ពូជសាសន៍​លើ​ជនជាតិ​អ៊ុយ​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

​កាលពី​ខែមករា លោក​ឧត្ដមសេនីយ៍​ប៉េង ជី​ង​តាំង ដែល​ដឹកនាំ​ប្រតិបត្តិ​ការ​យោធា​នៅ​តំបន់​ស៊ីន​ជាំ​ង បានផ្លាស់​មក​ធ្វើជា​មេបញ្ជាការ​យោធភូមិ​ភាគ​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​ហុងកុង​​វិញ​៕

វីដេអូ៖