កិច្ច​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​លោក​ខាង​លិច ក្នុង​ការ​បង្កក​ស្តុក​បម្រុង​មាស​ និង​រូបិយប័ណ្ណ​បរទេស​របស់​រុស្ស៊ី បន្ទាប់​ពី​ការ​លុកលុយ​ចូល​អ៊ុយក្រែន​ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ក្រុង​ម៉ូស្គូ​ ហើយ​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​ធំ​មួយ​សម្រាប់​ក្រុង​ប៉េកាំង​។ វា​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ហានិភ័យ​ដ៏​ធំ​សម្រាប់​ប្រទេស​ចិន ដោយ​សារ​ប្រទេស​នេះ​ជា​ម្ចាស់​ស្តុក​បម្រុង​រូបិយប័ណ្ណ​បរទេស​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ ដែល​ថ្ងៃ​ណា​មួយ​អាច​ក្លាយ​ជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​វិធានការ​របស់លោក​ខាង​លិច​។

បើ​ទោះ​បី​ អាមេរិក​ធ្លាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​មក​ហើយ​ ដែល​រួមមាន​ក្រុមហ៊ុន Huawei និង​ ZTE ក្ដី ក៏មន្ត្រី​ចិន​មិន​ដែល​នឹក​ស្មាន​ថា​ក្រុង​វ៉ាស៊ីនតោន​ហ៊ាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ទាំង​មូល​ក្លាយ​ជា​អាវុធបាន​នោះ​ទេ​។

ការ​គិត​បែប​នេះ​ឥឡូវ​បាន​ផ្លាស់​ប្ដូរ​ហើយ​។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​សហរដ្ឋអាមេរិក​បាន​ប្រែ​ពី​ការ​បង្កក​ទុន​បម្រុង​ធនាគារ​កណ្ដាល​អាហ្វហ្គានីស្ថាន​កុំ​ឱ្យ​ក្រុម​តាលីបង់​ប្រើ​ ទៅ​ការ​បង្កក​ទ្រព្យសម្បត្តិ​ជាង​ ៣០០ពាន់​លាន​ដុល្លារ​នៃ​ទុន​បម្រុង​ ៦៤០ពាន់​លាន​របស់​រុស្ស៊ី​។

នៅ​ត្រឹម​ខែ​មករា​ឆ្នាំ​នេះ​ ប្រទេស​ចិន​បាន​ផ្ញើ​ទ្រព្យសម្បត្តិ​ជាង​ ១ ទ្រីលាន​ដុល្លារ​នៃ​ទុន​បម្រុង​សរុប​របស់​ខ្លួន​ ៣ ទ្រីលាន​ នៅ​ឯ​ធនាគារ​កណ្ដាល​អាមេរិក​។ ជាង​ពាក់​កណ្ដាល​នៃ​ស្តុក​រូបិយប័ណ្ណ​បរទេស​របស់​ចិន​គឺ​ជា​ប្រាក់​ដុល្លារ​អាមេរិក​។ ស្ថានភាព​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ចម្បង​ក្នុង​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​នៃ​រដ្ឋាភិបាល​ចិន​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​ធន​នឹង​ការ​ដាក់​ទណ្ឌកម្ម​។

នៅ​ពេល​ដែល​លោក​ខាង​លិច​ប្រតិកម្ម​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​ក្នុង​អ៊ុយក្រែន​ ដោយ​កាត់​ផ្ដាច់​រុស្ស៊ី​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់ SWIFT ដែល​គេ​ចាត់​ទុក​ថា​ជា​វិធានការ​ហិរញ្ញវត្ថុ​ចុង​ក្រោយ​ និង​ធ្ងន់ធ្ងរ​បំផុតនោះ​ មន្ត្រី​ និង​ទីប្រឹក្សា​រដ្ឋាភិបាល​ចិន​ មាន​ «ការ​ភ្ញាក់​ផ្អើល​បន្តិច​» ប៉ុន្តែ​បាន​ព្យាករជា​មុន​រួច​ទៅ​ហើយ​ថា​វា​អាច​នឹង​កើត​ឡើង​។

ប៉ុន្តែ​ចិន​មិន​នឹក​ស្មាន​ថា​លោក​ខាង​លិច​ហ៊ាន​បង្កក​ស្តុក​ទុន​បម្រុង​របស់​រុស្ស៊ី ដោយ​គិត​ថា​ទំហំ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​នឹង​ធ្វើ​ឱ្យ​លោក​ខាង​លិច​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ដាក់​ទណ្ឌកម្ម​។ ការ​បង្កក​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា​ក្រុង​វ៉ាស៊ីនតោន​ហ៊ាន​ធ្វើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ឱ្យ​ក្លាយ​ជា​អាវុធ​ ដើម្បី​បំពេញ​គោលដៅ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​។ ដូច្នេះ​ចិន​ នឹង​ត្រូវ​ផែនការ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពេល​ដែល​លោក​ខាង​លិច​បែរ​មក​វាយ​ប្រហារ​ខ្លួន​។

ការ​ពិភាក្សា​ដើម្បី​ស្វែងរក​មធ្យោបាយ​មក​ជំនួស​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដឹកនាំ​ដោយ​ដុល្លារ​អាមេរិក​ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ​២០១២ មក​ម្ល៉េះ​ នៅ​ពេល​ដែល​ធនាគារ​នៃ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​បណ្ដាញ​ SWIFT​។ បន្ទាប់​មក​នៅ​ឆ្នាំ ២០១៤ មាន​ការ​គំរាម​កាត់​ផ្ដាច់​រុស្ស៊ី​ពី​ SWIFT នៅ​ពេល​ដែល​ប្រទេស​នេះ​បញ្ជូន​ទ័ព​ទៅ​កាត់​យក​ឧបទ្វីប​គ្រីមៀ និង​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ផ្ដាច់​ខ្លួន​នៅ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​។

ប្រទេស​ចិន​ខ្លួន​ឯង​បាន​ជិត​ឈាន​ដល់​ការ​កាត់​ផ្ដាច់​ពី​ SWIFT កាល​ពី​ឆ្នាំ​២០២០ នៅ​ពេល​ដែល​ក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​លើ​ក្រុង​ហុងកុង​។ ខណៈ​ពេល​ដែល​គ្មាន​ធនាគារ​ចិន​ណា​មួយ​បាន​រង​ទណ្ឌកម្ម​ដោយ​សារ​រឿង​នេះ​ ការ​ពិភាក្សា​នៅ​បន្ត​មាន​អំពី​អ្វី​ដែល​ប្រទេស​ចិន​អាច​ធ្វើ​ ប្រសិន​បើ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បណ្ដាញ​នេះ​។

រហូត​មក​ដល់​ពេល​នេះ​មធ្យោបាយ​មក​ជំនួស​ SWIFT គឺ​កម្រ​ណាស់​។ ក្នុង​ឆ្នាំ២០១៥ ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​អន្តរ​ធនាគារ​ឆ្លង​ព្រំដែន (CIPS) ដែល​ខ្លួន​បាន​និយាយ​ថា​គឺ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​យន់​ជា​សកល​។ ឧបករណ៍​នេះ​ត្រូវ​បាន​គេ​មើល​យ៉ាង​ទូលំទូលាយ​ថា​ជា​ជម្រើស​មួយ​ដើម្បី​ជំនួស SWIFT​។

ប៉ុន្តែ​ CIPS មាន​ការ​រីក​ចម្រើន​យ៉ាង​យឺត ភាគ​ច្រើន​ដោយ​សារ​គំរូ​សេដ្ឋកិច្ច​គ្រប់គ្រង​មូលធន​យ៉ាង​តឹងរ៉ឹង​របស់​ក្រុង​ប៉េកាំង​ ដែល​បណ្ដាល​ឱ្យ​មាន​ការ​លំបាក​ធ្វើ​ការ​ប្ដូរ​ប្រាក់​យន់​ទៅ​ជា​មាស​ ឬ​រូបិយប័ណ្ណ​ផ្សេង​ ដែល​ផ្ទុយ​នឹង​គោលដៅ​របស់​ CIPS ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាក់​យន់​ក្លាយ​ជា​រូបិយប័ណ្ណ​អន្តរជាតិ​។

ឥឡូវ​នេះ​ ខណៈ​ពេល​ដែល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើន​ឡើង​ អ្នក​ជំនាញ​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​ក្រុង​ប៉េកាំង​កាត់​បន្ថយ​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​ដុល្លារ​អាមេរិក​ បង្កើន​ការ​ប្រើប្រាស់​ប្រាក់​យន់​អន្តរជាតិ និង​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ជា​ប្រាក់​យន់​។

ក្រុមហ៊ុន​ និង​ធនាគារ​រុស្ស៊ី​ ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ SWIFT អាច​ផ្លាស់​ប្ដូរ​មក​ប្រើ​ CIPS វិញ​។ ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នេះ​ចង់​ទិញ​ផលិតផល​អាមេរិក​ ឬ​លោក​ខាង​លិច​ ពួកគេ​អាច​ទាក់ទង​ជាមួយ​ធនាគារ​ចិន​តាម CIPS​ បាន​ ប៉ុន្តែ​ធនាគារ​ចិន​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​ SWIFT ដដែល​ ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​អាមេរិក​ ឬ​លោក​ខាង​លិច​។ ការ​ប្រើប្រាស់​ SWIFT នឹង​បង្ហាញ​អត្តសញ្ញាណ​នៃ​នីតិបុគ្គល​ដែល​ចង់​ទិញ​ផលិតផល​អាមេរិក​នោះ​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ប្រសិន​បើ​អាមេរិក ឬ​លោក​ខាង​លិច​ចាត់​ទុក​ថា​ផលិតផល​ទាំង​នេះ​អាច​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ នោះ​ពួកគេ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ចិន​ ដែល​ជួយ​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ទិញ​ផលិតផល​នោះ​។

អ្នក​ជំនាញ​និយាយ​ថា​ប្រសិន​បើ​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​ប្រទេស​ជា​ច្រើន​ទៀត ពិភពលោក​នឹង​ត្រូវ​បែង​ចែក​ទៅ​ជា​ប្លុក​អ្នក​ប្រើ SWIFT និង​ប្លុក​អ្នក​មិន​ប្រើ​ ដោយសារ​អ្នក​ដែល​ចង់​ចៀស​វាង​ឆ្លង​កាត់​សហរដ្ឋអាមេរិក នឹង​យល់​ព្រម​បង់​ប្រាក់​ជា​រូបិយប័ណ្ណ​ផ្សេង​ទៀត និង​ជំរុញ​ឱ្យ​មាន​អន្តរកម្ម​នៃ​រូបិយប័ណ្ណ​ផ្សេង​ទៀត​ដូចជា​ប្រាក់​ យន់ ជាដើម៕

វីដេអូ៖