សេដ្ឋកិច្ចអ៊ុយក្រែន អាចបាត់បង់ស្ទើរតែពាក់កណ្តាលក្នុងឆ្នាំនេះ ដោយសារការលុកលុយរបស់រុស្ស៊ី។ នេះបើយោងតាមធនាគារពិភពលោក។

នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ធនាគារបានប៉ាន់ប្រមាណថា GDP របស់ប្រទេសនេះ អាចធ្លាក់ចុះ៤៥,១ភាគរយនៅឆ្នាំនេះ បើទោះបីជា គេបានកត់សម្គាល់ថា ទំហំនៃការធ្លាក់ចុះនេះនឹងអាស្រ័យលើរយៈពេល និងអាំងតង់ស៊ីតេនៃសង្រ្គាមក៏ដោយ។

ចាប់តាំងពីការលុកលុយ បានចាប់ផ្តើម ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ុយក្រែន ត្រូវបានបំផ្លិចបំផ្លាញ ដោយមានស្ពាន និងសង្កាត់ជាច្រើនត្រូវបានខូចខាត ឬបំផ្លាញ។ តំបន់មួយចំនួនរួមទាំងកំពង់ផែ ត្រូវបានវាយប្រហារដោយការបិទផ្លូវ ខណៈដែលដីស្រែចម្ការនៅជុំវិញប្រទេស ត្រូវបានប្រែក្លាយទៅជាសមរភូមិ។

អ៊ុយក្រែន ជាប្រទេសនាំចេញស្រូវសាលី និងប្រេងផ្កាឈូករ័ត្នយ៉ាងសំខាន់មុនសង្គ្រាម ប៉ុន្តែរដូវដាំដុះឆ្នាំនេះត្រូវបានរំខាន ដោយសង្គ្រាម។កសិករក៏ប្រឈមនឹងការលំបាកក្នុងការចូលទៅកាន់គ្រឿងចក្រ និងផលិតផលសំខាន់ៗផ្សេងទៀត ដែលជាធម្មតាត្រូវដឹកតាមកំពង់ផែសមុទ្រខ្មៅ។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ ដោយទិន្នផលសេដ្ឋកិច្ចរំពឹងថានឹងធ្លាក់ចុះ ១១,២ភាគរយនៅឆ្នាំនេះ។

ទីផ្សារដែលកំពុងរីកចម្រើននៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល ក៏ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយប្រទេសមួយចំនួនរួមមានបេឡារុស ម៉ុលដាវីនិងតាហ្ស៊ីគីស្ថាន រំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។

លោកស្រី Anna Bjerde អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទំហំនៃវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយសង្រ្គាមគឺមានភាពរង្គោះរង្គើ។ ការលុកលុយរបស់រុស្ស៊ីកំពុងផ្តល់ការវាយលុកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ហើយវាបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ»។

លោកស្រីបានបន្ថែមថា៖ «អ៊ុយក្រែន ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុដ៏ធំភ្លាមៗ នៅពេលដែលខ្លួនកំពុងតស៊ូរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យដំណើរការទៅមុខ ហើយរដ្ឋាភិបាលកំពុងដំណើរការ ដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែនដែលកំពុងរងទុក្ខ និងប្រឈមមុខ នឹងស្ថានភាពធ្ងន់ធ្ងរ»។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhii Marchenko បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៅតែបន្តធ្វើការ បើទោះបីជាមានសង្គ្រាមក៏ដោយ៕

វីដេអូ៖