​នៅពេលដែល​មេដឹកនាំ​អឺរ៉ុប​ថ្មីៗ​នេះ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​កំពូល​ចិន​លោក ​ស៊ី ជីន​ភីង ឱ្យ​ដកខ្លួន​ពី​ប្រទេស​រុស្ស៊ី​ ជុំវិញការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​បាន​ប្រកាន់ខ្ជាប់​យ៉ាង​​ម៉ឺងម៉ាត់​នូវ​ជំហរ​មុនៗ​របស់​ចិន ហើយ​បិទ​ឱកាស​សម្រាប់​ការ​​ទាមទារ​ណាមួយ​របស់​អឺរ៉ុប​។​

​ក្នុងជំនួប​តាម​វីដេអូ​ជាមួយ​មេដឹកនាំ​អឺរ៉ុប លោក ​ស៊ី ប្រកាសថា ដូចដែល​ខ្លួន​បានធ្វើ​ជាច្រើន​ឆ្នាំ​ប្រទេស​ចិន បាន​ស្វាគមន៍​សហ​ភាព​អឺរ៉ុប​ជាស​សរ​ដ៏​សំខាន់​មួយ​នៃ​ពិភព​ពហុ​ប៉ូល​ដែល​កំពុង​កើតឡើង​។ ប៉ុន្តែ​លោកក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ការបញ្ចុះ​បញ្ចូល​ចិន​អំពី​រុស្ស៊ី គឺ​មិនមែន​អ្វីដែល​លោក​ចង់បាន​នោះទេ​។​

​បន្ទាប់ពី​ជំនួប​នេះ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី ​អឺ​សូ​ឡា វ៉ុ​ន ឌឺរ ឡេ​យែ​ន បាន​និយាយថា ជំនួប​ជាមួយ​លោក​ ស៊ី ​គឺ «​បើកចំហ​» ប៉ុន្តែ​បានធ្វើការ​បញ្ជាក់ថា​៖ «​បើកចំហ​មានន័យថា​យើង​បាន​ដោះដូរ​ទស្សនៈផ្ទុយគ្នា​យ៉ាងច្បាស់​»​។​

​កិច្ចពិភាក្សា​លក្ខណៈ​បែបនេះបង្ហាញថា ប្រទេស​ចិន​ កំពុងមាន​លំបាក​ក្នុងការ​ឆ្លងកាត់​រលក​ផល​​ប៉ះពាល់​ភូមិសាស្ត្រ​នយោបាយ​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ហើយ​គ្មាន​កន្លែង​ណា​ដែលមាន​ផលប៉ះពាល់​ជាង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយនឹង​អឺរ៉ុប​។​

​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន-អឺរ៉ុប ត្រូវបាន​គេ​ចាត់ទុកថា ​ជា​ផ្នែក​ទន់ខ្សោយ​នៃ​លោកខាងលិច ដោយ​មិនសូវ​មានអំណាច​យោធា ឬ​ឆន្ទៈ​ក្នុងការ​ប្រជែង​ជាមួយនឹង​ការកើនឡើង​របស់​ចិន​។ ឥឡូវនេះ​ពួកគេ​អាច​ប្រឈម​នឹង​ផលប៉ះពាល់​ធំ​បំផុត​នៃ​សង្គ្រាម នៅពេលដែល​អឺរ៉ុប​វាយតម្លៃ​ឡើងវិញ​នូវ​តម្រូវការ​សន្តិសុខ​របស់ខ្លួន និង​ចេតនា​របស់​ក្រុង​ប៉េកាំង​។​

​ក្នុង​រយៈពេល​វែង​ការផ្ដោត​អា​​រ​ម្មណ៍​ថ្មី​របស់​អឺរ៉ុប​លើ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ និង​ទំនាក់​​ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហ​​រដ្ឋ​អាមេរិក​អាច​វិ​វ​ឌ្ឍ​ទៅជា​ជំហរ​ប្រឆាំង​កាន់តែខ្លាំង​ចំពោះ​រដ្ឋា​ភិ​​បាល​របស់លោក ​ស៊ី ជាពិសេស​ប្រសិនបើ​ទីក្រុង​ប៉េកាំង ​រក្សា​ភាពជិតស្និទ្ធ​ជាមួយ​រុស្ស៊ី និង​ការពារ​វាពី​ទណ្ឌកម្មសេដ្ឋកិច្ច​។​

​មុន​ជំនួប​របស់លោក​ ស៊ី ជាមួយ​មេដឹកនាំ​អឺរ៉ុប រដ្ឋមន្ត្រីការបរទេស​ចិន​លោក ​វ៉ាង យី បាន​ប្រាប់​រដ្ឋ​​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក ​ស៊ើ​​ហ្គេ​យ៍ ឡាវ​រ៉ូ​វ​ថា ទីក្រុង​ប៉េកាំង ​ចង់យក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ទៅ «​កម្រិត​កាន់តែ​ខ្ពស់​»​។​

​សម្រាប់​ពេល​ឥឡូវនេះ អឺរ៉ុប​កំពុង​ទប់ទល់​នឹង​វិបត្តិ​ជាច្រើន ដែល​បង្កដោយ​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​វិបត្តិ​ជនភៀសខ្លួន​ចំនួន ៤,៦ លាន​នាក់​។ អ្នកវិភាគ​និយាយថា ​ទំនាក់ទំនង​អឺរ៉ុប​-​ចិន បាន​កើនឡើង​ភាព​តានតឹង​ក្នុង​រយៈពេល ​៥ ​ទៅ​ ៦ ​ឆ្នាំ​ចុង​ក្រោយនេះ​ ប៉ុន្តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​ទំនាក់ទំនង​ធ្លាក់​ក្នុងដំណាក់កាល​ថ្មី​។ ប្រទេសមួយ​ចំនួន​ចាប់ផ្ដើម​ឈប់​ចាត់ទុក​ប្រ​ទេស​ចិន ​ជា​ដៃគូ ហើយ​ជាការ​​គំរាមកំហែង​ទៅវិញ​។​

​រដ្ឋាភិបាល​អឺរ៉ុប​ជាច្រើន បាន​ប្ដេជ្ញា​បង្កើន​យ៉ាងខ្លាំង​នូវ​ការ​ចំ​ណាយ​លើ​យោធា និង​ការត្រៀមខ្លួន​។ អ្នកនយោបាយ​ចាប់ពី​ក្រុង​ប៊ែ​រ​ឡាំង រហូតដល់​ប៉ារីស និង​រដ្ឋធានី​ដទៃទៀត​កំពុង​ពិភាក្សា​រួចហើយ​ថា តើ​ការប្រុងប្រយ័ត្ន​ថ្មី​របស់​ពួកគេ​អាច​រីក​រាលដាល​ដល់ក​ម្រិ​ត​ណា​ចំពោះ​ប្រទេស​ចិន​។​

​ប្រទេស​ចិន​ ហាក់ដូចជា​មិនទាន់​ច្បាស់​ថា ត្រូវ​ឆ្លើយតប​យ៉ាងដូច​​ម្ដេច​ចំពោះ​ការផ្លាស់ប្ដូរ​នេះ​។​

​សម្រាប់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ទីក្រុង​ប៉េកាំង ​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​អឺរ៉ុប​កាន់តែ​ជិត​​ស្និទ្ធ​ជាមួយ​ខ្លួន ជា​ដៃគូ​ពាណិជ្ជ​​កម្ម និង​ការទូត ហើយ​បាន​ប្រ​ឆាំង​ការចុះ​សម្រុង​ជាមួយនឹង​ក្រុង​វ៉ាស៊ីនតោន​។ ចិនបាន​និយាយថា អឺរ៉ុប​អាចជួយ​ពិភពលោក​ទប់ទល់​នឹង​ការត្រួតត្រា​របស់​អាមេរិក ដែលជា​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​នៅក្នុង​អំឡុងពេល​នៃ​ការ​កាន់​អំ​ណា​ច​របស់លោក ​ដូ​ណា​ល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​​រី​ស ហើយ​បង្កឱ្យមាន​សង្គ្រាម​សេដ្ឋ​​កិច្ច​នៅ​ជុំវិញ​ពិភពលោក​។​

​ប៉ុន្តែ​សូម្បីតែ​មុន​សង្គ្រាម​នេះ ភាពមិន​ចុះសម្រុង​រវាង​អឺរ៉ុប និង​ចិន​បាន​កើនឡើង​រួចទៅហើយ​។​

​សហភាព​អឺរ៉ុប និង​ចក្រភព​អង់​​គ្លេ​ស បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការគាបសង្កត់​របស់​ក្រុង​ប៉េកាំង​ទៅលើ​ក្រុង​ហុងកុង និង​តំបន់​ស៊ីន​​ជាំ​ង​។ កាលពី​ឆ្នាំមុន​សភា​​អឺរ៉ុប​បាន​រារាំង​កិច្ចព្រមព្រៀង​ពង្រីក​ពាណិជ្ជ​កម្ម​ចិន​-​អឺរ៉ុប ​ដោយ​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ចិន និង​ការដាក់ទណ្ឌកម្ម​លើ​សមាជិកសភា​អឺរ៉ុប និង​បញ្ញវន្ត​អឺរ៉ុប​។​

​រីឯ​ក្រុង​ប៉េកាំង​វិញ​បាន​ខឹង​សម្បារ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អឺរ៉ុប​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង និង​ហុងកុង ខណៈពេលដែល​កាលពី​ឆ្នាំ ២០១៩ អឺរ៉ុប​បានប្រកាស​ចាត់ទុក​ប្រទេស​ចិន ​ជា «​គូប្រជែង​ជា​ប្រព័ន្ធ​»​។ មន្ត្រីការទូត​ចិនបាន​អះអាងថា អឺរ៉ុប​បាន​បំភាន់​ចេតនា​របស់លោក​ ស៊ី អំពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​អរិភាព​ពី​ក្រុង​វ៉ាស៊ីនតោន បានធ្វើឱ្យ​ក្រុង​ប៉េកាំង កាន់តែ​ជិតដិត​ជាមួយ​ក្រុង​ម៉ូស្គូ​៕

វីដេអូ៖