កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ទី​ ១៤ មេសា​ សម្ព័ន្ធមិត្ត​ជិត​ស្និត​មួយ​របស់​ប្រធានាធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន​ បាន​ព្រមាន​ថា​ ប្រសិន​បើ​ប្រទេស​ស៊ុយអែត​ និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា​លោក​ខាង​លិច​ណាតូ នោះ​រុស្ស៊ី​នឹង​ធ្វើ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​ការ​ឆ្លើយ​តប​។

បន្ទាប់​ពី​រុស្ស៊ី​ធ្វើ​ការ​លុកលុយ​ចូល​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​ ប្រទេស​ស៊ុយអែត​ និង​ហ្វាំងឡង់​បាន​ប្រកាស​ថា ​ពួកគេ​កំពុង​ពិចារណា​ចូល​ជា​សមាជិក​អង្គការ​ណាតូ​។ កាល​ពី​ថ្ងៃ​ពុធ​ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់​លោកស្រី​សាន់ណា ម៉ារិន​បាន​និយាយ​ថា​ហ្វាំងឡង់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។

អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​លោក​ ឌីមីទ្រី មេដវេដេវ ដែល​ក៏​ជា​អតីត​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ ១ ​រូប បាន​និយាយ​ថា​ប្រសិន​បើ​ស៊ុយអែត​ និង​ហ្វាំងឡង់​ធ្វើ​បែប​នេះ​ រុស្ស៊ី​នឹង​ពង្រឹង​កម្លាំង​ជើង​គោក ជើង​ទឹក និង​អាកាស​របស់​ខ្លួន​នៅ​សមុទ្រ​បាល់ទិក​។ រុស្ស៊ី​មាន​ទឹកដី​មួយ​ផ្នែក​ឈ្មោះ​កាលីននីនក្រាដ​នៅ​តំបន់​បាល់តិច​ នៅ​រវាង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លីទុយអានី​។

លោក​ មេដវេដេវ​ ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​អំពី​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ផង​ដែរ ដោយ​និយាយ​ថា​មិន​អាច​មាន​ការ​និយាយ​អំពី​តំបន់​បាល់ទិច «គ្មាន​នុយក្លេអ៊ែរ» ទៀត​ទេ​។ លោក​និយាយ​ថា​៖ «មិន​អាច​និយាយ​បាន​ទៀត​ទេ​អំពី​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​សម្រាប់​សមុទ្រ​បាល់ទិក – តុល្យភាព​ត្រូវ​តែ​ស្ដារ​ឡើង​វិញ​»​។

លោក​ មេដវេដេវ​ និយាយ​ថា ​លោក​សង្ឃឹម​ថា​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ នឹង​យល់​ឃើញ។ លោក​និយាយ​ថា​បើ​មិន​ដូច្នេះ​ទេ​ ពួកគេ​នឹង​ត្រូវ​រស់​នៅ​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​ និង​មីស៊ីល​លឿង​ជា​សំឡេង​នៅ​មាត់​ទ្វារ​គេហដ្ឋាន​របស់​ពួកគេ​៕