អស់​រយៈពេល​ជាង ៧​ សប្ដាហ៍ កងកម្លាំង​លុកលុយ​រុស្ស៊ីបាន​ឡោមព័ទ្ធ និង​កំពុង​ខិតជិត​ចំណុចកណ្ដាល​នៃ​ក្រុង​ម៉ា​រី​អូ​ប៉ូល ខណៈពេល​ពួកគេ​កម្ទេច​ក្រុង​នេះ​ដោយ​ការទម្លាក់​គ្រាប់បែក ការបាញ់​កាំភ្លើង​ធំ​ និង​មី​ស៊ី​ល​ធ្វើឱ្យមាន​ការបាក់​​បែក​អគារ​លំនៅឋាន មន្ទីរពេទ្យ និង​អគារ​ដទៃទៀត​។​

​ក្នុងអំឡុង​ពេលនេះ​អ្នកវិភាគ​បាន​ចង្អុល​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ គឺ​ទំហំ​តូច​ជាង​និង​អាវុធ និង​គ្រាប់​តិច​ជាងកង​​កម្លាំង​រុស្ស៊ី ហើយ​បាន​ព្យាករ​ថា ទីក្រុង​នេះ នឹង​ដួលរលំ​នៅពេល​ឆាប់ៗ​នេះ​។ បើទោះជា​យ៉ាង​​នេះ​ក៏ដោយ កងកម្លាំង​អ៊ុយ​​ក្រែ​ន​ដែល​រួមមាន​កង​យោធា​កង​ឆ្មាំ​ព្រំដែន និង​កងជីវពល​ស្ដាំនិយម Azov បាន​បដិសេធ​មិន​ចុះចាញ់​។ ពួកគេ​បាន​ចូល​ជ្រក​ក្នុង​បណ្ដាញ​ផ្លូវ​ក្រោម​ដី​នៃ​រោងចក្រ​ធំៗ​នៃ​ក្រុង​ម៉ា​រី​អូ​​ប៉ូល​ ដែល​រួមមាន​រោងចក្រ​ដែក ​Azovtsal​ និង​ផ្នែក​មួយចំនួន​នៃ​កំពង់ផែ​ក្រុង​។ នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ចុងបញ្ចប់​នៃ​ការ​​ឡោមព័ទ្ធ​ហាក់ដូចជា​កាន់តែ​ខិតជិត​មកដល់​។​

កាលពី​ថ្ងៃ​សៅរ៍​ ក្រសួង​ការ​​ពារ​ជាតិ​រុស្ស៊ី​បាន​អះអាងថា​​ ពួកគេ​បាន​បោសសម្អាត​កង​កម្លាំង​ចេញ​ទីក្រុង​នេះ ​ក្រៅពី​កងកម្លាំង​មួយចំនួន​ដែល​ចូល​ជ្រក​ក្នុង​រោងចក្រ Azovstal​។ ​បន្ទាប់ពី​ពាក់កណ្ដាល​អ្រ​ធា​ត្រ​រុស្ស៊ី​បានដាក់​ឱសានវាទ​ឱ្យ​កងកម្លាំង​ចុះចាញ់ និង​បោះបង់​អាវុធ​៕