​ប្រធានាធិបតី​លី​ទុយ​អា​នី ​លោក ​ហ្គី​តា​ណាស ណាវ​សេ​ដា បាន​និ​​យាយ​ថា ការចូល​ជា​សមាជិក​ណា​តូ ដោយ​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ គឺ​នឹង​បង្កើន​សន្តិសុខ​នៃ​តំបន់​បាល់​ទិ​ក និង​ពង្រឹង​សម្ព័ន្ធភាព​យោធា​លោកខាងលិច ហើយ​បាន​ជំ​រុញឱ្យ​ប្រទេស​ទាំង ​២ ​កុំឱ្យ​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​ដាក់ពាក្យ​។​

​លោក ​ណាវ​សេ​ដា បាន​ច្រាន​​ចោលការ​គំរាម​របស់​រុស្ស៊ី​ថា ​នឹង​ពង្រឹង​កងកម្លាំង និង​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​បាល់​ទិ​ក ប្រសិនបើ​ប្រទេស​ទាំង ​២ ​នេះ​ពិតជា​ចូល​សមាជិក​ណា​តូ​មែន​។ លោក​ ណាវ​សេ​ដា និយាយថា ក្រុង​ម៉ូស្គូ បានដាក់​ពង្រាយ​អាវុធ​ទាំងនេះ​នៅ​តំបន់​កា​លីន​នី​ន​ក្រា​ដ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត គឺ​គ្រាន់តែ​ឆ្លើយតប​នឹង​អំពើ​អរិភាព​របស់​រុស្ស៊ី​ប៉ុណ្ណោះ​។​

​ប្រទេស​ទាំង ​២ ​នេះ គឺជា​សមា​​ជិ​ក​សហភាព​អឺរ៉ុប ប៉ុន្តែ​បាន​មិនបាន​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​នោះទេ ដោយ​គិតថា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​រុស្ស៊ី គឺ​នឹងមិន​មាន​ភាព​តានតឹង​ប្រសិនបើ​ពួកគេ​មិន​ចូលរួម​។ ប៉ុន្តែ​ឥឡូវនេះ​ដោយសារ​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន​ប្រទេស​ហ្វាំ​ង​ឡង់ បាន​និយាយថា ពួកគេ​នឹង​សម្រេចចិត្ត​អំពី​ការចូល​ជា​សមាជិក​ណា​តូ ហើយ​ស៊ុយអែត​កំពុង​ពិចារណា​ធ្វើ​តម្រាប់​តាម​ប្រទេស​ហ្វាំ​ង​ឡង់​។​

​មតិសាធារណៈ​នៅ​ប្រទេស​ទាំង ​២ ​នេះ បាន​បង្វែរ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មក​គាំទ្រ​ការចូល​ជា​សមាជិក​អង្គការ​ណា​តូ ធ្វើឱ្យ​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស បើទោះបីជា​មានការ​គំរាមកំហែង​ពី​រុស្ស៊ី​ក៏ដោយ​៕