​ប្រទេស​ស្រីលង្កា ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​ដ៏​រ៉ាំរ៉ៃ កំពុង​ឈាន​ជើង​ចូលក្នុង​ស្ថាន​ភាពមិន​ធ្លាប់មាន​ពីមុនមក​។ ការចរចា​បានចាប់ផ្ដើម​នៅ​ក្រុង​វ៉ាស៊ីនតោន រវាង​មន្ត្រី​រដ្ឋា​ភិ​បាល​ស្រីលង្កា និង​មូលនិធិ​រូបិយ​​វត្ថុ​អន្តរជាតិ (IMF) អំពី​កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​នេះ ខណៈពេលដែល​មានការ​បាតុកម្ម​យ៉ាង​​ខ្លាំង​ដោយ​ប្រជាពលរដ្ឋ និងការសម្រេចចិត្ត​បញ្ឈប់​ការសង​មូល​ប​ត្រ​បំណុល​អន្តរជាតិ​។​

​នេះ​គឺជា​លើក​ទី​១៧ ហើយ​ដែល​ប្រទេស​ស្រីលង្កា បានស្នើ​សុំឱ្យ IMF ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែលជា​ការស្នើសុំ​ច្រើនលើក​ជាងគេ​ទី​២ ​នៅ​អាស៊ី បន្ទាប់ពី​ប៉ា​គី​ស្ថាន​។ ប៉ុន្តែ​ការប្រកាស​ផែនការ​បញ្ឈប់ ការសង​មូល​ប​ត្រ​បំណុល គឺជា​រឿង​មិន​ធ្លាប់មាន ហើយ​នឹងធ្វើ​ម្ចាស់បំណុលប្រឈមមុខនឹង​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ ដែល​នឹង​បង្ក​ការខាតបង់​យ៉ាងខ្លាំង​។​

​លោក ​ណាន់​ដា​ឡា​ល វី​រ៉ាស៊ី​ង្ហ ដែលជា​ធនាគារិក​ជើង​ចាស់ និង​ជា​សេដ្ឋវិទូ ត្រូវបាន​រដ្ឋាភិបាល​ស្រីលង្កា​ស្នើឱ្យ​ចាកចេញ​ពី​ការ​​ចូលនិវត្តន៍​ក្នុង​ខែ​នេះ ដើម្បី​បម្រើការ​ជា​ទេសាភិបាល​នៃ​ធនាគារកណ្ដាល​ស្រីលង្កា​។

​គោលដៅ​ចម្បង​របស់លោក​វី​រ៉ាស៊ី​ង្ហ ​គឺ​បំបាត់​ភាព​ឆោឡោ​ក្នុងចំណោម​ម្ចាស់បំណុល​។ ក្នុង​សកម្មភាព​ដំបូង​ជា​ទេសាភិបាល​លោក​បាន​បង្កើន​ការប្រាក់​រហូតដល់ ​៧ ​ភាគរយ​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​នេះ​នឹង​ផ្ដល់​សារ​ដ៏​រឹងមាំ​មួយ​ដល់​វិនិយោគិន​អន្តរជាតិ ទៅកាន់​ម្ចាស់បំណុល​របស់​យើង និង​ទៅកាន់​ទីផ្សារ​ថា​យើង​នឹង​ចេញពី​វិបត្តិ​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ជំហរ​របស់លោក គឺ​ខុសស្រឡះ​ពី​អ្នក​កាន់តំណែង​មុន​គឺ​លោក​ នី​វ៉ាដ កា​បា​រ៉ា​ស់​ដែលមាន​ទស្សនៈ​ជាតិនិយម​ជ្រុល​ដូច​លោក​ប្រ​ធា​នា​ធិបតី​ ហ្គោ​តា​បា​យ៉ា រាជ​ប៉ាក់​សា​។ ពួកគេ​ចង់​ចៀសវាង​ម​ធ្យោ​បាយ​ពាក់ ព័ន្ធ​នឹង​ស្ថាប័ន​អន្តរជាតិ​ដូចជា IMF ហើយ​គាំ​ទ្រម​ធ្យោ​​បាយ​ក្នុងស្រុក​វិញ​ដូច​ជាការ​កាត់​​បន្ថយ​ការនាំ​ចូល និង​កិច្ច​ព្រម​ព្រៀង​ប្ដូរ​រូបិយប័ណ្ណ​ទ្វេភាគី ដើម្បី​បង្កើន​ទុនបម្រុង​របស់ខ្លួន​។​

​សម្រាប់​ទីផ្សារ ការឈាន​ទៅដល់​ការបរាជ័យ​របស់​ស្រីលង្កា ក្នុងការ​មិនអាច​ទូទាត់​ការប្រាក់ គឺជា​កាល​ប្បវត្តិ​នៃ​ការបរាជ័យ​សង​មូល​ប​ត្រ​បំណុល ដែល​បាន​ទាយ​ទុកជាមុន​។​

​មូល​ប​ត្រ​បំណុល​អន្តរជាតិ (ISB) ដែល​នឹងត្រូវ​សង​នៅ​ខែកក្កដា​នេះ ជួញដូរ​ ១ ​ដុល្លារ​បានតែ ៥៤ សេន​ប៉ុណ្ណោះ មុន​ការ​​ប្រកាស​ផែនការ​បញ្ឈប់​ការសង​។ មូល​ប​ត្រ​ចំនួន ១,២៤ ពាន់​លាន​ដុល្លារ ដែល​នឹងត្រូវ​សង​នៅ​ឆ្នាំ ២០២៣ ជួញដូរ​មួយ​ដុល្លារ​បានតែ ៤៧ សេន​ប៉ុណ្ណោះ​។​

​ការឈាន​ជើង​ចូលក្នុង​ទីផ្សារ​បំណុល​អន្តរជាតិ​របស់​ប្រទេស​ស្រីលង្កា បានចាប់ផ្ដើម​កាលពី​ឆ្នាំ ​២០០៧ ខណៈពេលដែល​ពី​ប្រទេស​នេះ ​កំពុង​បញ្ចប់សង្គ្រាម​ស៊ីវិល ដែលមាន​អាយុ​ជិត ៣០ ឆ្នាំ​ទៅហើយ​។ វិនិយោគិន​អន្តរជាតិ​បាន​ដណ្ដើម​គ្នា​ទិញ​មូល​ប​ត្រ​បំណុល​របស់​ស្រីលង្កា​ចំនួន ៥០០ លាន​ដុល្លារ​ដំបូង ដោយសារ​អត្រា​ការប្រាក់​ខ្ពស់ ៨,២៥​ ភាគរយ​។ តម្រូវការ​បាន​កើនឡើង​បន្ថែមទៀត​ បន្ទាប់ពី​ក្រុមហ៊ុន​វាយតម្លៃ​មូល​ប​ត្រ​បានផ្ដល់​ចំណាត់ថ្នាក់​ល្អ​ដល់​ប្រទេស​នេះ​។ តម្រូវការ​ដ៏​ធំ​បែបនេះ​បាន​ប្រមូលផ្ដុំ​មូលធន​ជាច្រើន​ទៅឱ្យ​ប្រទេស​ស្រីលង្កា ប៉ុន្តែ​ក៏បាន​ធ្វើឱ្យ​ប្រទេស​នេះ​ញៀន​នឹង​ការ​​ខ្ចីប្រាក់​។​

​ប្រទេស​ស្រីលង្កា មាន​ប្រវត្តិសាស្ត្រ​ប្រឈមមុខ​នឹង «​ឱនភាព​ភ្លោះ​» គឺ​ឱនភាព​ពាណិជ្ជកម្ម​និង​ថវិកាជាតិ ប៉ុន្តែ​អាច​ទប់​ទល់នឹង​បញ្ហា​នេះ​បាន​ដោយសារ​ខ្លួន​អាច​ខ្ចី​បំណុល​មក​បំពេញ​ចន្លោះ​ប្រ​​ហោង​។ ប៉ុន្តែ​បន្ទាប់ពី​ក្រុមហ៊ុន​វាយតម្លៃ​មូល​ប​ត្រ​អន្តរជាតិ​ចម្បង​ទាំង​ ៣​ បាន​ទម្លាក់​ចំណាត់ថ្នាក់​របស់​ស្រីលង្កា តម្រូវ​មូល​ប​ត្រ​បំណុល​ពួកគេ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​បិទទ្វារ​មិនឱ្យ​ប្រទេស​នេះ​ខ្ចី​មូលធន​បន្ថែមទៀត​។​

​នៅ​ឆ្នាំ​ ២០២០ ជិត​​ ៧០​ ភាគរយ​នៃ​ចំណូល​របស់​រដ្ឋាភិបាល គឺ​ត្រូវបាន​ប្រើប្រាស់​ទៅលើ​ការ​​ទូទាត់​ការប្រាក់​បំណុល បន្ទាប់ពី​ពួកគេ​កាត់បន្ថយ​អត្រាពន្ធ​ដារ​លើ​ចំណូល ធ្វើឱ្យ​ឱនភាព​ថវិកាជាតិ​កាន់តែ​កើនឡើង​សម្រាប់​ឆ្នាំ ​២០២១ និង ២០២២​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​ជំងឺ​កូ​វីដ ​១៩ ​បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​អន្តរជាតិ​របស់ខ្លួន​ស្ទើរតែ​សាប​​សូន្យ ហើយ​បំបាត់​ប្រភព​រូបិយ​​ប័ណ្ណ​បរទេស​ដ៏​ធំ​មួយ​។​

​ស្តុក​រូបិយប័ណ្ណ​បរទេស​របស់​ស្រីលង្កា​បាន​ធ្លាក់​ពី ៧,៦ ពាន់​លាន​ដុល្លារ​កាលពី​ខែធ្នូ ឆ្នាំ ២០១៩ មក​សល់​ត្រឹមតែ ២០០ លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ខែ​មុន​។ កង្វះ​រូបិយប័ណ្ណ​អន្តរជាតិ​បានធ្វើឱ្យ​ការ​នាំចូល​ទំនិញ​កាន់​​តែ​លំបាក​។ កង្វះ​អាហារ ឥន្ធនៈ និង​ឱសថ នៅក្នុង​ប្រទេស​ដែល​រំពឹង​យ៉ាងខ្លាំង​លើ​ការ​នាំចូល​ទំនិញ​ទាំងនេះ បាន​បង្កឱ្យមាន​អតិផរណា​យ៉ាងខ្លាំង បង្កើន​ការ​​ចំណាយ​នៃ​ការរស់នៅ ដែល​សរុបមក​បង្ក​ផលប៉ះពាល់​យ៉ាង​​ខ្លាំង​ទៅលើ​ប្រជាជន​៕

វីដេអូ៖