កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១៧ មេសា​ ប៉ូលិស​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​វិហារ​អ៊ិស្លាម​អាល់-អាក់សា​នៅ​ក្រុងហ្ស៊េរុយសាឡិម​ ខណៈ​ពេល​ដែល​សាសនិក​ជា​ច្រើន​ប្រមូល​ផ្ដុំ​សម្រាប់​អធិដ្ឋាន​​ពេល​ព្រឹក​ដោយ​នេះ​ជា​ការ​ចូល​បរិវេណ​វិហារ​ម្ដង​ទៀត​ដោយ​ប៉ូលិស​អ៊ីស្រាអែល​ ២ ​ថ្ងៃ​ បន្ទាប់​ពី​ពួកគេ​ចូល​ចាប់​ខ្លួន​មនុស្ស​រាប់​រយ​នាក់​នៅ​ទី​នោះ​។

អាជ្ញាធរ​អ៊ីស្រាអែល​បាន​អះអាង​ថា​ពួកគេ​បាន​បញ្ជូន​កង​កម្លាំង​ប៉ូលិស​ទៅ​កាន់​វិហារ​នេះ​គឺ​ដើម្បី​ជួយ​សម្របសម្រួល​ដំណើរ​ទៅ​កាន់​ទី​សក្ការ​ដោយ​ជនជាតិ​ជ្វីហ្វ​ស្ដាំ​និយម​ជ្រុលហើយ​ក៏​ដោយ​សារ​ជនជាតិ​ប៉ាឡេស្ទីន​បាន​ប្រមូល​ប្រមូល​ផ្ដុំ​ដំ​ថ្ម​និង​ដាក់​របាំង​បិទ​ផ្លូវ​ផង​ដែរ​។

ប៉ូលិស​បាន​បណ្ដេញ​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ទីវាល​នៅ​ខាង​ក្រៅ​វិហារប៉ុន្តែ​នៅ​មាន​មួយ​ចំនួន​ទៀត​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្នុង​។មាន​ការ​រាយការណ៍​ថា​មនុស្ស​យ៉ាង​ហោច​ណាស់​១៩ នាក់​បាន​របួស​ខណៈ​ពេល​ដែល​កាកបាទ​ក្រហម​ប៉ាឡេស្ទីន​រាយការណ៍​ថា​ មនុស្ស​៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​សារ​របួស​ពី​ការ​វាយ​ដំឬ​គ្រាប់​កាំភ្លើង​កៅស៊ូ​​។ប៉ូលិស​និយាយ​ថា​មនុស្ស​៩ នាក់​គឺ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួកគេ​វាយ​កម្ទេច​បង្អួច​រថយន្ត​ក្រុង​ដែល​ជនជាតិ​ជ្វីហ្វ​ទាំង​នោះ​ជិះ​។

យ៉ាង​ណា​មិញ​កាល​ពី​ថ្ងៃ​សុក្រ​ប៉ូលិស​អ៊ីស្រាអែល​បាន​វាយ​លុក​ចូល​ក្នុង​វិហារ​អាល-អាក់សា​ហើយ​ចាប់​ខ្លួន​ជនជាតិ​ប៉ាឡេស្ទីន​ជាង​៣០០ នាក់ ដោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៥៨ នាក់​រង​របួស​។ប៉ូលិស​អ៊ីស្រាអែល​បាន​អះអាង​ថា ​ពួកគេ​ធ្វើ​បែប​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ «ហិង្សា» ដែល​មិន​ចាក​ចេញ​ពី​វិហារ​បន្ទាប់​ពី​ការ​អធិស្ឋាន​ពេល​ព្រឹក​។

វិហារ​អាល់-អាក់សា​គឺ​ជា​ទី​សក្ការ​សំខាន់​ជាង​គេ​ទី​៣សម្រាប់​សាសនា​អ៊ិស្លាម​ហើយ​ជា​ទី​សក្ការ​សំខាន់​ជាង​គេ​ក្នុង​សាសនា​ជ្វីហ្វ​ដែល​ហៅ​វិហារ​នេះ​ថា «ប្រាសាទ​ភ្នំ»​។ភាព​តានតឹង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​ជ្រុល​និយម​ជនជាតិ​ជ្វីហ្វ​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ដល់​បុគ្គល​ណា​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​វិហារ​នេះ​ ហើយ​ធ្វើ​ការ​បូជា​យញ្ញ​សត្វ១​ក្បាល​។ ការ​បូជា​យញ្ញ​គឺ​ជា​ពិធី​មួយ​ក្នុង​សាសនា​ជនជាតិ​ជ្វីហ្វ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ក្នុង​វិហារ​នេះ​ទេ​ ហើយ​ត្រូវ​បាន​ជនជាតិ​ប៉ាឡេស្ទីន​ចាត់​ទុក​ថា​ជា​ការ​បង្ក​រឿង​៕