អង្គ​អយ្យការ​ក្រុងប៉ារីស កំពុង​សិក្សា​របាយការណ៍​របស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ក្លែងបន្លំ​នៃ​សហភាព​អឺរ៉ុប ដែល​បាន​ចោទប្រកាន់​បេក្ខជន​ប្រធានាធិបតី​បារាំង​ស្ដាំ​ជ្រុលនិយម ​លោកស្រី ​ម៉ា​រី​ន ឡឺ​ប៉ែន និង​សមាជិក​គណបក្ស​លោក​​ស្រី​ថា បាន​ប្រើប្រាស់​ថវិកា​សាធារណៈដោយ​មិន​ត្រឹមត្រូវ ក្នុងអំឡុង​ពេលដែល​ពួកគេ​ជា​សមាជិក​នៃ​សភា​អឺរ៉ុប​។​

​របាយការណ៍​ត្រូវបាន​ចេញផ្សាយ​ដំបូង​ដោយ​គេហទំព័រ​សារព័ត៌មាន Mediapart ប៉ុន្មាន​ថ្ងៃមុន​លោកស្រី ​ឡឺ​ប៉ែន​ ត្រូវ​ប្រកួតប្រជែង​ជាមួយ​លោក​ប្រធានាធិបតី ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ​ក្នុងការ​បោះឆ្នោត​ជុំ​ទី​២ ​នៅ​ថ្ងៃអាទិត្យ​ខាង​មុ​នេះ​។ ជំហរ​ចម្បង​មួយ​របស់​របស់​គណបក្ស​ស្ដាំ​ជ្រុលនិយម​របស់លោក​ស្រី ​ឡឺ​ប៉ែន គឺ​ការ​​ប្រឆាំង​អំណាច​របស់​សហភាព​អឺរ៉ុប​។​

​លោកស្រី ​ឡឺ​ប៉ែន បាន​បដិសេធថា​លោកស្រី​មិនបាន​ធ្វើ​អ្វី​ខុស ហើយ​បាន​ច្រានចោល​របាយការណ៍​នេះ​ថា ជា «​ឧក្រិដ្ឋកម្ម​ដោយ​សហភាព​អឺរ៉ុប ត្រឹម​​តែ​ប៉ុន្មាន​ថ្ងៃមុន​ការបោះឆ្នោត​ជុំ​ទី​២»​។ លោកស្រី​និយាយថា​៖ «​ខ្ញុំ​គិតថា បារាំង​នឹងមិន​ជឿ​ការបោកប្រាស់​ទេ​»​។​

​អង្គ​អយ្យការ​ក្រុងប៉ារីសបាន​និយាយថា ពួកគេ​បានទទួល​របាយការណ៍​អំពី​លោកស្រី ​ឡឺ​ប៉ែន​ ពី​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​អឺរ៉ុប (OLAF) កាលពី​ខែ​មុន ដោយ​ពួកគេ​នៅ​កំពុង​សិក្សា​របាយ​​ការណ៍​នេះ​នៅឡើយ ហើយ​នៅ​មិនទាន់​ចាប់ផ្ដើម​ការស៊ើបអង្កេត​ផ្លូវការ​ទេ​។​

Mediapart បាន​រាយការណ៍​ថា ក្នុង​របាយការណ៍​នេះ OLAF​បាន​ចោទ​​ប្រកាន់​លោកស្រី ​ឡឺ​ប៉ែន ឪពុក​របស់​លោកស្រី និង​ជា​ស្ថាបនិក​បក្ស គឺ​លោក​ ហ្ស​ង់​ម៉ា​រី ឡឺ​ប៉ែន​ និង​សមាជិក​បក្ស​ដទៃទៀត ដែល​ធ្លាប់ជា​សមាជិកសភា​អឺរ៉ុប​ថា​ បាន​ប្រើ​ថវិកា​សាធារណៈ​ចំនួន ៦១៧ ០០០ អឺរ៉ូ​ សម្រាប់​ហេតុផល «​ប្រឌិត​»​។ OLAF ចង់ឱ្យ​បុគ្គល​ទាំង​​នេះ​សង​ថវិកា​ខាងលើ ហើយ​អាច​ទាមទារ​ឱ្យមាន​ការចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ និង​ការ​កិបកេង​។​

​យ៉ាងណាមិញ លោកស្រី​ ឡឺ​ប៉ែន ក៏​ធ្លាប់​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ដោយ OLAF កាលពីមុន​ផងដែរ ដែល​ត្រូវ​បានប្រកាស​មុន​ការបោះឆ្នោត ២០១៧​។ ក្នុង​សំណុំ​រឿងនេះ​លោកស្រី​ក៏បាន​រង​ការចោទប្រកាន់​បឋម​ពី​អយ្យការ​បារាំង​ផងដែរ ហើយ​ដំណើរការ​ជំនុំជម្រះ​ក្ដី ​គឺ​នៅ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃ​៕

វីដេអូ៖