សហ​រដ្ឋ​អាមេរិក ​នឹង​ឈប់​អនុវត្ត​លក្ខខណ្ឌ ​ដែលតម្រូវ​ឱ្យ​អ្នកដំណើរ​ និង​អ្នកធ្វើការ​លើវិស័យ​ដឹកជញ្ជូន​សាធារណៈ​ពាក់ម៉ាស ​បន្ទាប់ពី​ចៅក្រម​អាមេរិក​បាន​ដាក់់​ចេញច្បាប់់់ ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ប្រទេសនេះ​ដាក់ចេញ​វិធានការ​បន្តបន្ទាប់​ក្នុងការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​កើន​ឡើង​ករណីកូវីដ​នា​ពេលថ្មី​ៗនេះ​។

មន្ត្រី​រដ្ឋបាល​លោក ​Joe Biden ​កាលពីថ្ងៃ​ចន្ទ ​បាន​និយាយថា ​ច្បាប់នេះ​នឹងមិន​ចូលជា​ធរមានទេ ​ខណៈ​ ដែល​សេតវិមាន​កំពុង​សម្រេចថា ​តើត្រូវ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការ​សម្រេច​របស់​ចៅក្រម ​Kathryn Kimball Mizelle ​ដែលត្រូវបាន​តែងតាំង​ដោយ​អតីត​ប្រធានាធិបតី​ Donald Trump ​ឬ​យ៉ាងណា​?

ការ​សម្រេចនេះ ​គឺជា​ការ​សម្រេចចិត្ត​ចុងក្រោយ​បង្អស់​របស់ចៅ​ក្រម​អភិរក្ស​និយម​ប្រឆាំងនឹង​គោល​នយោបាយ​កាត់បន្ថយ​កូវីដ១៩​របស់​រដ្ឋបាលនេះ។ ​លោកស្រី ​ Mizelle បាន​និយាយ​នៅក្នុង​សេចក្តី​សម្រេច​ខ្លួន​ថា មជ្ឈ​មណ្ឌល​គ្រប់គ្រង ​និង​ការពារ​ជំងឺ​របស់​សហ​រដ្ឋអាមេរិក​ បាន​ពង្រីក​សិទ្ធិ​អំណាច​ផ្លូវច្បាប់​របស់ខ្លួន​ទាក់ទិន​នឹង​វិធានការ​កូវីដនេះ​រួចមកហើយ ​ដោយបាន​រំលងការ​ជូន​ដំណឹង​ជា​សាធារណៈ និង​ការបញ្ចេញ​មតិមិន​ត្រឹមត្រូវតាម​ពេលវេលា ​ហើយមិន​បានផ្តល់​ការ​ពន្យល់​គ្រប់គ្រាន់​សម្រាប់​ការ​សម្រេច​ធ្វើដូច្នេះទេ​។

សេតវិមាន ​បានហៅ​ការ​សម្រេច​ចិត្តនេះ​ថា ​ជា​ការ​សម្រេច​ចិត្តដ៏គួរ​ឱ្យអស់​សង្ឃឹម​។

មន្ត្រី​រដ្ឋបាលម្នាក់ ​បាន​និយាយថា៖​ «សេចក្តី​សម្រេច​របស់​តុលាការ​ថ្ងៃនេះ ​មានន័យថា ​ការបញ្ជា​ឱ្យមាន​ការពាក់ម៉ាស​ក្នុង​វិស័យ​ដឹក​ជញ្ជូន​សាធារណៈ​របស់ CDC មិន​ចូលជាធរ​មាននៅ​ពេលនេះទេ។​ ដូច្នេះ រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​ ក៏មិន​អនុវត្ត​ច្បាប់​របស់ខ្លួន​ ដែល​តម្រូវ​ឱ្យពាក់ម៉ាស​ក្នុង​វិស័យ​ដឹក​ជញ្ជូន​សាធារណៈ​និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅពេល​នេះទេ​»។

បន្ទាប់​ពី​ការ​ប្រកាស​របស់រដ្ឋបាល ​ក្រុមហ៊ុន​អាកាស​ចរណ៍​អាមេរិក​ American, Southwest, United, Delta និង ​Alaska​ Airlines ​ទាំងអស់​បាន​និយាយ​ថា ការ​ពាក់ម៉ាស​នឹង​ក្លាយជា​ម្រើស​សម្រាប់​បុគ្គលិក ​និង​អ្នកដំណើរ​ថា​តើពួកគេ​ចង់​ពាក់​ឬអត់​?