ការពង្រីក​សមត្ថភាព​របស់​ក្រុម​ហ៊ូ​ធី កើនឡើង​យ៉ាង​ឆាប់​​រហ័ស គឺ​ភាគច្រើន​ដោយសារ​ជំនួយ​យោធា​លាក់បាំង​ពី​ប្រទេស​អ៊ី​រ៉ង់​។ នេះ​បើតាម​មន្ត្រី​អាមេរិក​និង​មជ្ឈិមបូព៌ា និង​អ្នកវិភាគ​។​

​ក្រុម​ដដែល​នេះ​បាននិងកំពុង​ស្វែងរក​វិធី​ថ្មី ដើម្បី​គំរាមកំហែង​ដល់​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត (​ដែលជា​សត្រូវ​ក្នុង​តំបន់​របស់ខ្លួន​) ខណៈ​អ៊ី​រ៉ង់​បានរួម​បញ្ចូល​ក្រុម​ហ៊ូ​ធី​ទៅក្នុង​បណ្តាញ​កងជីវពល​រប​ស់​ខ្លួន កាន់តែ​បង្កើន​សមត្ថភាព​ក្រុម​នេះ​ទៀត​ ដើម្បី​បង្កើន​ឥទ្ធិពល​ខ្លួន​ប្រ​ឆាំង​នឹង​ប្រទេសជិតខាង​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ដោយ​ប្រើប្រាស់​អាវុធ​មាន​កម្រិត​របស់ខ្លួន​។​

យ៉ាងណាមិញ​សព្វាវុធ​ជាច្រើន​សព្វថ្ងៃ ត្រូវបាន​គេ​ផលិត​នៅក្នុង​ប្រទេស​យេ​ម៉ែន ​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​សហគមន៍​អារ៉ាប់​។​

​លោក Abdulghani Al-Iryani អ្នកស្រាវជ្រាវ​ជាន់ខ្ពស់នៅ​មជ្ឈមណ្ឌល Sana''a សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​និ​​យាយ​ថា​៖ «​អ្វីដែល​យើង​កំពុង​ឃើញ​នៅក្នុង​ប្រទេស​យេ​ម៉ែន​សព្វថ្ងៃ គឺ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​គួរសម​»​។ ក្រុម​ហ៊ូ​ធី​បាន​និយាយថា​៖ «F-15 របស់​អ្នកឯង​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​គ្មាន​អស្ចារ្យ​អ្វី​ទេ ព្រោះ​ខ្ញុំ​មានដ្រូន​របស់ខ្ញុំ​ដែលមាន​តម្លៃ​ ២-៣ ​ពាន់​ដុល្លារ ​ដែល​អាច​កម្ទេច​ពេលធ្វើ​សង្គ្រាម​បាន​ច្រើន​ដូចគ្នា​»​។​

​ការកើនឡើង​នៃ​កងកម្លាំង​ក្រុម​ហ៊ូ​ធី​មាន​កម្រិត​ខ្ពស់​ហួស​សមត្ថ​​ភាព​ធ្វើ​កូដកម្ម​របស់​ប្រទេស​​យេ​ម៉ែន ​បាន​ជួយ​ជំរុញឱ្យមាន​ការ​​រៀបចំ​ឡើងវិញ​ផ្នែក​នយោបាយ​កាន់តែ​ទូលំទូលាយ​ក្នុងការ​កាន់​​កាប់​នៅ​មជ្ឈិមបូព៌ា​ដែលជា​កត្តា​នាំឱ្យ​ប្រទេស​អារ៉ាប់​ មួយចំនួន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ី​ស្រា​អែល​នៅ​ឆ្នាំ ​២០២០ និង​ប្រទេស​ផ្សេងទៀត ដើម្បី​ឆ្ពោះទៅរក​ការបង្កើត​យោធា​សម្ងាត់ និង​កិច្ចសហប្រតិបត្តិការ​ស៊ើបការណ៍ ដើម្បី​ប្រឆាំង​អ៊ី​រ៉ង់​។​

​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត និង​សហព័ន្ធ​អា​​រ៉ាប់​រួម ក៏បាន​ក្រើនរំឭក​អ៊ី​ស្រា​អែល​អំពី​ការគាំទ្រ​ផ្នែក​យោធា​របស់​អ៊ី​រ៉ង់​សម្រាប់​កងជីវពល​ទូទាំង​តំបន់​ហើយ ក៏បាន​សម្លឹង​អ៊ី​ស្រា​អែល​ថា ជា​ដៃគូ​ការពារ​ថ្មី ដោយ​សង្ឃឹមថា បច្ចេកទេស​ដែល​ខ្លួន​បាន​បង្កើត ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស​នៅ​ហ្គា​ហ្សា និង​ហេស​​បូ​ឡា​ហ៍​នៅ​លី​បង់​អាចជួយ​ការ​​ពារ​ពួកគេ​ផងដែរ​។​

​បច្ចេកវិទ្យា​យោធា​ជឿនលឿនរបស់​ក្រុម​ហ៊ូ​ធី បាន​បន្ថែម​ភាព​បន្ទាន់​ថ្មី​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត ដើម្បី​បញ្ចប់សង្គ្រាម ៧​ ឆ្នាំ ​បន្ទាប់ពី​ការធ្វើអន្តរាគមន៍​។

​ប៉ុន្តែ​ភាពជឿនលឿន​ទាំងនោះ ក៏​អាចធ្វើឱ្យ​ក្រុម​ហ៊ូ​ធី​មិនសូវ​ចាប់​​អារម្មណ៍​ក្នុងការ​បញ្ចប់សង្គ្រាម​ដែរ ​បើទោះបីជាពួកគេ​បាន​យល់​​ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល ២ ​ខែ ក្នុង​គោលបំណង​ចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​ក៏ដោយ​។

​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត និង​សហព័ន្ធ​​អារ៉ាប់​រួម ក៏បាន​បញ្ឈប់​ការគាំទ្រ​របស់​ពួកគេ​នៅ​ពីក្រោយ​ក្រុមប្រឹក្សា​ប្រធានាធិបតី​ថ្មី ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​នេះ​ ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​យេ​ម៉ែន និង​ដឹកនាំ​ការចរចា​ជាមួយ​ក្រុម​ហ៊ូ​ធី​។​

​ទោះយ៉ាងណា​ក៏ដោយ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ ក្រុម​ហ៊ូ​ធី ក៏បាន​បង្ហាញ​ពី​ការ​​គំរាមកំហែង​ចំពោះ​នៅ​ប្រទេស​ឈូង​សមុទ្រ​ពែ​រ៍ក្ស​។​

​ការវាយប្រហារ​មួយ​ដែល​បានចាប់ផ្តើម​ចេញពី​ប្រទេស​យេ​ម៉ែន បានសម្លាប់​កម្មករ ៣ ​នាក់ ​នៅ​ដេប៉ូ​ប្រេង​ក្នុង​ទីក្រុង Abu Dhabi រដ្ឋធានី​នៃ​សហព័ន្ធ​អារ៉ាប់​រួម បណ្ដាលឱ្យ​មានការ​ឆោឡោ​ពី​កង​កម្លាំង​អាមេរិក​នៅ​សហព័ន្ធ​អារ៉ាប់​រួម និង​នាំឱ្យមាន​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ ដែលមាន​តម្លៃ​ថ្លៃ ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ចូលមក ក៏ដូចជា​ការបាញ់បោះ ដែល​បង្កឱ្យមាន​ការឆាបឆេះ​រោងចក្រ​ប្រេង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូ​៊​ឌី​ត​។

​សង្គ្រាម​នេះ​បានធ្វើឱ្យ​ទំនាក់​​ទំនង​របស់​ក្រុម​ហ៊ូ​ធី និង​អ្នកគាំទ្រ​ដ៏​មានអំណាច​របស់​ពួកគេ​គឺ អ៊ីរ៉ង់កាន់តែ​ស៊ីជម្រៅ ដែលជា​ការអនុញ្ញាតឱ្យ​ពួកគេ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គ្រាម​ដ៏​ធំ​មួយ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​។ អ្នកវិភាគ​បាន​និយាយថា វា​ក៏បាន​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អាជ្ញា​​ធរ​ដែល​មិនមាន​ការប្រកួតប្រជែង​លើ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ភាគ​ខាងជើង​នៃ​ប្រទេស​យេ​ម៉ែន​។

​លោក NadwaAl-Dawsari អ្នកវិភាគ​យេ​ម៉ែន​នៅ​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​បាន​និយាយថា​៖ «​ប្រសិនបើ​សង្គ្រាម​បញ្ចប់នោះ​ ក្រុម​ហ៊ូ​ធី​នឹងត្រូវ​គ្រប់គ្រង​តំបន់​នេះ​ តែ​ពួកគេ​មិន​ចង់​គ្រប់​គ្រង​ទេ ដោយ​ការផ្តល់​សេវាកម្ម និង​ចែករំលែក​អំណាច​ដូចនេះ​ទេ​។ ក្រុម​ហ៊ូ​ធីចូលចិត្ត​បង្កើត​សង្គ្រាម មិន​ចូលចិត្ត​សន្តិភាព​ទេ​»​។​

​នៅពេលដែល​សង្គ្រាម​បាន​ឈានទៅដល់​ការជាប់គាំង និង​វិបត្តិ​មនុស្សធម៌​នឹង​កើនឡើង​អ៊ី​រ៉ង់​នឹងត្រូវ​បង្កើន​ការគាំទ្រ​របស់ខ្លួនដោយ​ផ្គត់ផ្គង់​គ្រឿង​សង្គ្រាម​ឱ្យ​ក្រុម​ហ៊ូ​ធី​ដោយ​ស្ងាត់ស្ងៀម​។​

​អ្នកបច្ចេកទេស​ហ៊ូ​ធី​ទៀតសោត ក៏បាន​ហោះ​ទៅ​ប្រទេស​អ៊ី​រ៉ង់ ​ដើម្បី​ហ្វឹកហាត់ហើយ​អ្នកជំនាញ​មកពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ិ​ស្លាម​អ៊ី​រ៉ង់ និង​ក្រុម Hezbollah របស់​ប្រទេស​​លី​បង់ ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​យេ​ម៉ែន​ ដើម្បី​រៀបចំ​ក្រុម​អ្នក​ប្រយុទ្ធ និង​ក្រុម​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ និង​ដើម្បី​បង្រៀន​អ្នក​បច្ចេក​​ទេស​ហ៊ូ​ធី​ពី​របៀប​បង្កើត​អាវុធ​ផងដែរ​។ នេះ​បើ​យោងតាម​សមា​​ជិ​ក​នៃ​អ័ក្ស អ៊ីរ៉ង់​ក្នុង​តំបន់ និង​អ្នកវិភាគ​តាមដាន​ជម្លោះ​។​

​នៅ​ដើម​សង្គ្រាម ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ភាគច្រើន បាន​វាយបក​មក​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​វិញ ​ដោយ​វាយលុក​គោលដៅ​នៅតាម​ព្រំដែន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន​។ ប៉ុន្តែ​ភាព​ទំនើប​នៃ​អាវុធ​របស់​ពួកគេ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​អនុញ្ញាតឱ្យ​ពួកគេ​កំណត់​គោល​​ដៅ​យ៉ាង​ត្រឹមត្រូវ​នូវ​ទីតាំង​រសើប​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​សហរដ្ឋអាមេរិក ដែលមាន​ចម្ងាយ​រាប់រយ​ម៉ា​យល៍​ពី​ព្រំដែន​ប្រទេស​យេ​ម៉ែន​៕

វីដេអូ៖