កាលពី​ថ្ងៃ​អង្គារ ​ទី ​១៩ មេសា​ ប្រទេស​ចិន ​បាន​និយាយថា​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិ​​សុខ​ជាមួយនឹង​កោះ​សូ​ឡូ​ម៉ុង ដែលជា​ការប្រកាស​មួយ​កំពុង​បង្ក​ការព្រួយបារម្ភ​ក្នុងចំណោម​សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ដែល​ប្រឆាំង​ការរីក​រាលដាល​នៃ​ឥទ្ធិពល​នៅក្នុង​តំបន់​មួយ​ពួកគេ​ចាត់ទុកថា​ ជា​តំបន់​ក្រោម​ឥទ្ធិពល​របស់​ពួកគេ​។​

​បើទោះជា​យ៉ាង​ក៏ដោយ​មន្ត្រី​កោះ​សូ​ឡូ​ម៉ុង​មួយចំនួន​ហាក់ដូចជា​ចង់​និយាយថា គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ចុះ​នៅឡើយ​ទេ​។​

​លោក ​ដា​ហ្គ​លាស អេ​ត​ ឧ​បនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កោះ​សូ​ឡូ​ម៉ុង​បាន​ប្រាប់​សភា​កោះ​នេះ​ថា ​មន្ត្រី​ចិន​នឹងធ្វើ​ដំណើរ​មក​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នៅ​ខែឧសភា​នេះ​។

​លោក​និយាយថា កិច្ច​ព្រម​ព្រៀង​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​វិស័យ​ពាណិជ្ជកម្ម វិស័យ​អប់រំ និង​វិស័យ​នេសាទ ប៉ុន្តែ​លោក​ប្រឆាំងនឹង​គំនិត​ដើម្បី​អនុញ្ញាតឱ្យ​ប្រទេស​ចិន ​បង្កើត​មូលដ្ឋាន​យោធា​នៅ​ប្រទេស​លោក​។​

​ក្រុង​វ៉ាស៊ីនតោន បានគ្រោង​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ទៅកាន់​កោះ​សូ​ឡូ​ម៉ុង​នៅ​សប្ដាហ៍​នេះ​។ អ្នកនាំពាក្យ​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អាមេរិកបាន​និយាយថា គណៈប្រតិភូ​នឹង​សួរនាំ​រដ្ឋា ភិ​បាល​សូ​ឡូ​ម៉ុង អំពី​កិច្ចព្រមព្រៀង​ជាមួយ​ចិន ហើយ​និយាយថា សហរដ្ឋ​អា​​មេ​រិ​កមាន​ការព្រួយបារម្ភ​អំពី «​កង្វះ​តម្លាភាព និង​ធម្មជាតិ​​មិនជា​ក់លាក់​» នៃ​កិច្ច​ព្រមព្រៀង​នេះ​។​

​រីឯ​អូស្ត្រាលី​វិញ​បាន​និយាយថា ប្រទេស​ចិន ​ធ្វើការ​ប្រកាស​បែបនេះ​ គឺ​ហាក់ដូចជា​ចង់យក​ឈ្នះ​លើ​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​៕

វីដេអូ៖